នាព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យឯកឧត្តម Remco Johannes an Wijngaarden ឯកអគ្គរាជទូតនៃព្រះរាជាណាចក្រហូឡង់ ប្រចាំកម្ពុជា (ដែលមាននិវេសនដ្ឋាន នៅទីក្រុងបាងកក) ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្ដិភាព។
ក្នុងឱកាសនៃជំនួប ឯកឧត្តមឯកអគ្គរាជទូតបានអបអរសាទសម្ដេចបវរធិបតី ដែលត្រូវបានបោះឆ្នោតជ្រើសតាំងជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងបានវាយតម្លៃខ្ពស់ចំពោះការអភិវឌ្ឍ និងរីកចម្រើន នៅកម្ពុជា ជាពិសេស ការសម្រេចបាននូវកំណើនសេដ្ឋកិច្ច។ ឯកឧត្តមឯកអគ្គរាជទូតបានសម្ដែងនូវការពេញចិត្តចំពោះទំនាក់ទំនងដ៏យូរលង់ និងវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការរវាងហូងឡង់ និងកម្ពុជា ព្រមទាំងប្ដេជ្ញាបន្តពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែរឹងមាំថែមទៀត។
ជាការឆ្លើយតប សម្ដេចបវរធិបតីបានសម្ដែងនូវក្ដីសោមនស្សចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើររវាងកម្ពុជា និងហូឡង់ ព្រមទាំងថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលនិងប្រជាជនហូឡង់ ដែលបានរួមចំណែកដល់ការអភិវឌ្ឍប្រទេសកម្ពុជា នៅលើវិស័យសំខាន់ៗមួយចំនួន នាពេលកន្លងមក។ សម្ដេចបវរធិបតីបានលើកទឹកចិត្តឯកឧត្តមឯកអគ្គរាជទូតបន្តផ្សារភ្ជាប់ទំនាក់ទំនងជាមួយក្រសួង-ស្ថាប័ននៃរាជរដ្ឋាភិបាលកម្ពុជា ឱ្យកាន់តែជិតស្និទ្ធថែមទៀត ដើម្បីចូលរួមចំណែកលើកកម្ពស់កិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីឱ្យកាន់តែខ្លាំងក្លាថែមទៀត។
សម្ដេចបវរធិបតី និងឯកឧត្តមឯកអគ្គរាជទូតបានកត់សម្គាល់ដោយការពេញចិត្តចំពោះការដាក់ចេញនូវយន្តការពិគ្រោះយោបល់ទេ្វភាគីរវាងក្រសួងការបរទេស នៃប្រទេសទាំងពីរ ដែលចូលរួមចំណែកដល់ការរីកចម្រើននៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។ សម្តេចបវរធិបតី និងឯកឧត្តមអគ្គរាជទូតក៏បានពិភាក្សាអំពីការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ជាពិសេសលេីវិស័យពាណិជ្ជកម្ម និងវិនិយោគ។
សម្ដេចបវរធិបតីបានចែករំលែកជូនឯកឧត្តមឯកអគ្គរាជទូត អំពីការដាក់ចេញនូវគោលនយោបាយ យន្តការ និងការលេីកទឹកចិត្តនានា ប្រកបដោយភាពទាក់ទាញ និងជាក់ស្ដែងរបស់កម្ពុជា ក្នុងការទាក់ទាញវិនិយោគិនបរទេស ក៍ដូចជាធានានូវបរិយាកាសវិនិយោគ និងភាពប្រកួតប្រជែងរបស់កម្ពុជា។ ឯកឧត្តមអគ្គរាជទូត បានគូសបញ្ជាក់ថា ក្រុមហ៊ុនឯកជនហូឡង់ដែលកំពុងមានប្រតិបត្តិការនៅកម្ពុជា ក៏ទទួលស្គាល់បរិយាកាសកាន់តែប្រសើរឡើងក្នុងការវិនិយោគនៅប្រទេសកម្ពុជាដែរ ហើយរាជរដ្ឋាភិបាលហូឡង់ នឹងបន្តគាំទ្រក្រុមហ៊ុនឯកជនហូឡង់ មកវិនិយោគនៅកម្ពុជា។
សម្ដេចបវរធិបតី និងឯកឧត្តមឯកអគ្គរាជទូតបានផ្លាស់ប្តូរយោបល់អំពីបញ្ហាតំបន់និងអន្តរជាតិមួយចំនួនផងដែរ៕
#ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #cambodia #សន្តិភាពនៅកម្ពុជា #Peaceincambodia