ព័ត៌មានថ្មីៗ

សម្ដេចក្រឡាហោម ស ខេង អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតសាធារណរដ្ឋបារាំង ប្រចាំនៅកម្ពុជា ចូលជួបសម្ដែងការគួរសម

នាថ្ងៃពុធទី២៣ ខែមិថុនា ឆ្នាំ២០២១នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអនុញ្ញាតឱ្យលោកជំទាវ Eva Nguyen Binh ឯកអគ្គរដ្ឋទូតសាធារណរដ្ឋបារាំងប្រចាំកម្ពុជា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាសដែលលោកជំទាវត្រូវចប់បេសកកម្មកាទូត នៅប្រទេសកម្ពុជា។
នាឱកាសនោះ សម្ដេចក្រឡាហោម ស ខេង ជម្រាបជូនលោកជំទាវថា បើទោះមានការឆ្លងជំងឺកូវីដ-១៩ ដល់ក្នុងពន្ធនាគារ រយៈពេលកន្លងមកនេះក៏ដោយ ក្រសួងមហាផ្ទៃ តែងតែយកចិត្តទុកដាក់ដោះស្រាយបញ្ហានេះបានយ៉ាងល្អផងដែរ។ សម្ដេចក្រឡាហោម មានប្រសាសន៍ថា ឥឡូវនេះ គឺទទួលបានជោគជ័យក្នុងការដោះស្រាយបញ្ហា នៃការឆ្លងជំងឺក្នុងពន្ធនាគារ ហើយមានវិធានការមួយចំនួនត្រូវបានអនុវត្តយ៉ាងមានប្រសិទ្ធភាព។
ចំពោះករណីជំងឺកូវីដ-១៩ ក្នុងពន្ធនាគារនោះ សម្ដេចក្រឡាហោម ក៏បានលើកឡើងថា ក្រសួងមហាផ្ទៃ បានធ្វើកិច្ចសហការយ៉ាងល្អជាមួយ ក្រសួងសុខាភិបាល ដើម្បីជំរុញដល់ការព្យាបាលជំងឺកូវីដ-១៩ ឱ្យបានទាន់ពេលវេលា។ សម្ដេច បន្ដថា ក្រសួងមហាផ្ទៃ កំពុងធ្វើកិច្ចសហការជាមួយ ក្រសួងយុត្តិធម៌ ដើម្បីពិចារណាទៅលើស្ថានភាពទោសរបស់ជនជាប់ឃុំ ដើម្បីធ្វើយ៉ាងណាឲ្យជួយសម្រួលដល់ស្ថានភាពចង្អៀតណែននៅពន្ធនាគារ ក្នុងស្ថានភាពប្រឈមជំងឺកូវីដ-១៩ នាពេលបច្ចុប្បន្ននេះ។
ក្នុងជំនួបនោះផងដែរ លោកជំទាវ Eva Nguyen Binh បានវាយតម្លៃខ្ពស់ចំពោះកិច្ចប្រតិបត្តិការរវាងក្រសួងមហាផ្ទៃ និងស្ថានទូតបារាំង ដែលទទួលបានលទ្ធផលល្អប្រសើរ និងថ្លៃងអំណរគុណចំពោះការផ្ដល់ព័ត៌មាននានាក្នុងឱកាសនេះ។
ជាចុងក្រោយ លោកជំទាវ ក៏បានអះអាងថា ឯកអគ្គរដ្ឋទូតបារាំងថ្មី នឹងបន្ដកិច្ចសហប្រតិបត្តិការល្អជាមួយប្រទេសកម្ពុជា រួមទាំង ស្ថាប័នពាក់ព័ន្ធជាមួយរាជរដ្ឋាភិបាល ជាពិសេសជាមួយនឹងក្រសួងមហាផ្ទៃផងដែរ៕
ដោយ ៖ នាយកដ្ឋានព័ត៌មានវិទ្យា
nmr