ព័ត៌មានថ្មីៗ

វ៉ាក់សាំងកូវីដ១៩ ចំនួន ២លានដូសទៀតនឹងមកដល់កម្ពុជានៅចុងខែមិថុនានេះ

លោកជំទាវ យក់ សម្បត្តិ ប្រធានក្រុមការងារប្រតិបត្តិការបច្ចេកទេស និងផ្គត់ផ្គង់នៃគណៈកម្មការអន្តរក្រសួង ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ បានឲ្យដឹងថា បើគ្មាន​ការប្រែប្រួលនោះទេ វ៉ាក់សាំងកូវីដ-១៩ ចំនួន ២លានដូស នឹងដឹកមកដល់ប្រទេសកម្ពុជា នៅចុងខែមិថុនា ឆ្នាំ២០២១ ដោយចំនួន ១លានដូសមកដល់កម្ពុជា នាវេលាម៉ោង១០ និង១៥នាទីព្រឹក ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២១ និងចំនួន ១លានដូសទៀត នឹងមកដល់កម្ពុជា វេលាម៉ោង១០ និង១៥នាទីព្រឹក ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១។
គិតចាប់ពីថ្ងៃទី០៧ ខែកុម្ភៈ មកដល់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២១ កម្ពុជាទទួលបានវ៉ាក់សាំងជាង ៨លានដូសរួចហើយ សម្រាប់ចាក់ជូនប្រជាពលរដ្ឋ។ វ៉ាក់សាំង​កូវីដ១៩ ដែលទទួលបាន ហើយកំពុងចាក់ជូនប្រជាពលរដ្ឋនេះ គឺភាគច្រើនបំផុតជារបស់ប្រទេសចិន។
រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញយុទ្ធសាស្ត្រចាក់វ៉ាក់សាំងនេះឱ្យបានលឿន តាមដែលអាចធ្វើទៅបានជូនដល់ប្រជាពលរដ្ឋរបស់ខ្លួន។ ទន្ទឹមនឹងនេះរាជរដ្ឋាភិ​បាលស្វះស្វែងរកវ៉ាក់សាំង ហើយបាននាំមកដល់នូវវ៉ាក់សាំងជាបន្តបន្ទាប់សម្រាប់​ចាក់ជូនប្រជាពលរដ្ឋរបស់ខ្លួន។
នៅក្នុងខែមិថុនានេះ វ៉ាក់សាំងប្រមាណ ៤.៥លានដូស នឹងដឹកមកដល់ប្រទេស​កម្ពុជា ដែលជាការជួយឱ្យកម្ពុជាមានវ៉ាក់សាំងគ្រប់គ្រាន់សម្រាប់ចាក់ជូនប្រជាពលរដ្ឋ។ កម្ពុជានឹងសម្រេចការចាក់វ៉ាក់សាំង ជូនប្រជាពលរដ្ឋចំនួន ១០លាននាក់ នៅក្នុងឆ្នាំ២០២១នេះ ឬយ៉ាងយូរបំផុតនៅដើមឆ្នាំ២០២២៕
nmr