- (ព្រះសីហនុ)៖ នៅរសៀលថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២១ លោក យស់ ឆោមណារ៉ាឌី អនុរដ្ឋលេខាធិការក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ និងលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ ការអនុវត្តការងាររបស់ក្រុមហ៊ុនកសាងផ្លូវ៣៤ខ្សែ ក្នុងខេត្តព្រះសីហនុ។
ទន្ទឹមនឹងការត្រួតពិនិត្យវឌ្ឍនភាព នៃការស្ថាបនាផ្លូវ ការសាងសង់បន្ទប់ទឹកសាធារណៈ អាងប្រព្រឹត្តកម្ម ការអ៊ុតបេទីម ការបំពាក់អំពូលបំភ្លឺផ្លូវ បំពាក់កាំមេរ៉ាសុវត្ថិភាព ការគូសគំនូរចរាចរណ៍ បំពាក់ភ្លើងចរាចរណ៍ នៅលើដងផ្លូវជាដើមក៏កំពុងពន្លឿនការរបស់ខ្លួនផងដែរ។
លោក គួច ចំរើន បានជំរុញឱ្យក្រុមហ៊ុននីមួយៗបង្កើនការងារឱ្យបានទ្វេដង ដើម្បីធ្វើយ៉ាងណាឱ្យការងារដែលនៅសេសសល់ត្រូវបញ្ចប់នៅចុងខែមីនា ឆ្នាំ២០២១ ដើម្បីរៀបចំសម្ពោធដាក់ឱ្យប្រើប្រាស់ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ក្នុងខែមេសា ២០២១។
សូមបញ្ជាក់ថា ដើម្បីលើកកម្ពស់សោភណភាព និងសម្រួលដល់ការធ្វើចរាចរណ៍នៅក្នុងព្រះសីហនុ ដែលទីគោលដៅទេសចរណ៍ និងសេដ្ឋកិច្ចដ៏សំខាន់របស់កម្ពុជានៅភាគនិរតីនោះ រាជរដ្ឋាភិបាលបានសម្រេចទម្លាក់កញ្ចប់ថវិកា ជាតិរហូតដល់ទៅប្រមាណ ៣០០លានដុល្លារដើម្បីសាងសង់ផ្លូវធំតូចសរុបចំនួន៣៤ខ្សែ មានប្រវែងផ្លូវសរុប ៨២.១៤៥គីឡូម៉ែត្រ នៅក្នុងក្រុងព្រះសីហនុ។
ផ្លូវទាំង៣៤ខ្សែ បានចាប់ផ្តើមបើកការដ្ឋានសាងសង់ក្រោមអធិបតីភាព សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៩។
ផ្លូវទាំង៣៤ខ្សែនេះចែកចេញជា៣ប្រភេទរួមមាន៖
១៖ មហាវិថីចំនួន ៣ខ្សែប្រវែងជាង ២២គីឡូម៉ែត្រ មានទទឹង ៥០ម៉ែត្រ ទ្រូងផ្លូវទទឹង ២៥.៧៥ម៉ែត្រ មានគន្លងផ្លូវរថយន្ត៦គន្លង (៣ទៅ ៣មក) ផ្លូវទោចក្រយានយន្ត២គន្លង រួមមាន៖ មហាវិថីរាម (លេខ៤៥), មហាវិថីឆ្នេររាម និងមហាវិថីជំទាវម៉ៅ (លេខ៤៧)។
២៖ វិថីមានចំនួន១៦ខ្សែ មានប្រវែងជិត ៥០គីឡូម៉ែត្រ មានទទឹង ២០ម៉ែត្រ ទៅ ៤០ម៉ែត្រ ទ្រូងផ្លូវទទឹង ១០.២៥ម៉ែត្រ ទៅ ១៧.២៥ម៉ែត្រ មានគន្លងផ្លូវរថយន្ត២គន្លង ទៅ៤គន្លង, ផ្លូវទោចក្រយានយន្ត២គន្លង។ វិថីទាំង ១៦ខ្សែនេះរួមមាន៖ វិថីលេខ ៨៣៧-១ វិថីអូត្រេះ, វិថីឆ្នែរអូរឈើទាល (លេខ៥០) វិថីកោះពូឡូវៃ (លេខ៣០០), វិថីឯករាជ្យ (លេខ១០០), វិធី២ធ្នូ (លេខ៦០០), វិថីលំហែព្រះភូមិន្ទ, វិថីឆ្នេរអូរត្រេះ, វិថីគុជអាស៊ី (លេខ១២៣៧), វិថីបុរីកម្មករ (លេខ១១២), វិថីជោតញ្ញាណ (លេខ៧០១), វិថី២៨មិថុនា (លេខ១២៣), វិថីមិត្តភាពកម្ពុជា-រុស្ស៉ី (លេខ៧០៥) វិថីចំណោតអូរត្រាវ និងវិថីឆ្នេរពយជំទាវម៉ៅ និងវិថីអូរត្រជាក់ចិត្ត។
៣៖ អនុវិថី មានចំនួន ១៥ខ្សែ មានប្រវែងជិត ១២គីឡូម៉ែត្រ មានទទឹងផ្លូវពី ១៥ម៉ែត្រ ទៅ៤៥ម៉ែត្រ ទ្រូងផ្លូវទទឹង ១០.២៥ម៉ែត្រ មានគន្លងផ្លូវរថយន្ត ២គន្លង និងផ្លូវទោចក្រយានយន្ត២គន្លង។ អនុវិថីទាំង១៥ខ្សែនេះ រួមមាន៖ ផ្លូវកាត់ទទឹងវិថីអូរត្រេះ និងវិថីឆ្នេរអូរត្រេះ, ផ្លូវលេខ៨០១, ផ្លូវលេខ៥០១, ផ្លូវលេខ៥០៣, ផ្លូវលេខ៥០៥, ផ្លូវលេខ៥០៧, ផ្លូវលេខ១១៥, ផ្លូវលេខ៦០២, ផ្លូវលេខ៥០២, ផ្លូវលេខ៨១០, ផ្លូវលេខ ៨១៨៨, ផ្លូវលេខ១០២, ផ្លូវលេខ៨០៦, ផ្លូវលេខ១០៦ និងផ្លូវលេខ១២៦ លើកលែងតែកំណាត់ទី៣ នៃផ្លូវលេខ៨០១ ប្រវែង ១០៣ម៉ែត្រ ផ្លូវមានទទឹង ១០ម៉ែត្រ៕