- (ភ្នំពេញ)៖ ដោយសាររងផលប៉ះពាល់ពីវិបត្តិជំងឺកូវីដ១៩ ធ្វើឱ្យតំបន់អាស៊ានទាំងមូលទទួលបានភ្ញៀវទេសចរអន្តរជាតិតែ ២៦ លាននាក់ប៉ុណ្ណោះ ក្នុងឆ្នាំ២០២០ កន្លងទៅ ពោលគឺមានការធ្លាក់ចុះក្នុងអត្រា ៨០.៥ ភាគរយ។ ស្ថិតិនេះត្រូវបានបង្ហាញឡើងក្នុងកិច្ចប្រជុំរដ្ឋមន្រ្តីទេសចរណ៍អាស៊ានលើកទី២៤ នាព្រឹកថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២១។
កិច្ចប្រជុំរដ្ឋមន្រ្តីទេសចរណ៍អាស៊ានលើកទី២៤ និងកិច្ចប្រជុំពាក់ព័ន្ធមួយចំនួននាឱកាសនេះ ត្រូវបានដឹកនាំដោយលោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍។
រដ្ឋមន្រ្តីទេសចរណ៍អាស៊ាន បានបង្ហាញនូវកង្វល់អំពីផលប៉ះពាល់នៃវិបត្តិជំងឺកូវីដ១៩ លើវិស័យទេសចរណ៍ វិស័យការងារ ពិសេសគឺវិស័យសេដ្ឋកិច្ច។ បន្ថែមពីនេះទៀត រដ្ឋមន្រ្តីទេសចរណ៍អាស៊ានក៏បានបង្ហាញពីការសោកស្តាយយ៉ាងខ្លាំង ចំពោះការធ្លាក់ចុះនៃចំនួនភ្ញៀវទេសចរអន្តរជាតិមកកាន់តំបន់អាស៊ាន ដោយនៅក្នុងឆ្នាំ២០២០ ចំនួនទេសចរអន្តរជាតិធ្វើដំណើរមកកាន់អាស៊ានមានត្រឹមប្រមាណ ២៦ លាននាក់ប៉ុណ្ណោះ ធា្លក់ចុះ ៨០.៥%។
ជាការឆ្លើយតប នាកិច្ចប្រជុំដ៏មានសារៈសំខាន់នេះ រដ្ឋមន្រ្តីទេសចរណ៍អាស៊ានទាំងអស់បានឯកភាពគ្នាអនុម័ត លើសកម្មភាពការងាររស្តារវិស័យទេសចរណ៍អាស៊ានឡើងវិញ ក្នុងផែនការយុទ្ធសាស្រ្តទេសចរណ៍អាស៊ាន ២០១៦-២០២៥ (ATSP 2016-2025) ដំណាក់កាលទី២។
គួរបញ្ជាក់ថា កាលពីឆ្នាំ២០១៩ តំបន់អាស៊ានទាំងមូលទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណ ១៣៣ លាននាក់ កើនឡើង ៧ ភាគរយ បើធៀបនឹងឆ្នាំ២០១៨៕