————
-ពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង១៦និង៤០នាទី ចំណុចក្រុមទី៤ ភូមិស្ទឹងចក ឃុំព្រៃតូច ស្រុកមោ ងឫស្សី ខេត្តបាត់ដំបង មានករណីលួច(ម៉ូតូ)មួយកើតឡើងដែលករណីនេះបានបង្កដោយជនសង្ស័យម្នាក់ បានលួចយកម៉ូតូចំនួន០១គ្រឿងម៉ាកហុងដាទ្រីម ពណ៌ខ្មៅ សេរីឆ្នាំ២០០៨ ពាក់ស្លាកលេខបាត់ដំបង1D-2664 លេខម៉ាស៊ីនND125ME-8290841 ជារបស់ជនរងគ្រោះឈ្មោះ គាម ថូយ ភេទប្រុស អាយុ៦០ឆ្នាំ រស់នៅចំណុចកើតហេតុខាងលើ ក្នុងខណៈដែល ជនរងគ្រោះបញ្ឈរម៉ូតូទុកនៅខាងមុខផ្ទះរបស់ខ្លួន។
ក្នុងពេលជនសង័្សយកំពុងធ្វើសកម្មភាពនេះក៏ស្រាប់តែជនរងគ្រោះបានឮសូរសម្លេងម៉ូតូរបស់គាត់ ហើយគាត់បានអើតមើលតាមបង្អួច ក៏បានឃើញជនសង័្សយម្នាក់កំពុងជិះយក ម៉ូតូរបស់គាត់ចេញទៅ ឃើញដូចនេះគាត់បានស្រែកឆោឡោឡើង និងដេញតាមជនសង័្សយខាងលើ ពេលជនសង័្សយជិះម៉ូតូចេញទៅមុខមិនរួចដោយសារជាប់នឹងរបងផ្ទះ ក៏ផ្តួលទំលាក់ម៉ូតូចោល និងត្រូវបានម្ចាស់ព្រមទាំងប្រជាពលរដ្ឋធ្វើការឃាត់ខ្លួនបាននិងដកហូតម៉ូតូមកវិញ ហើយពេលបន្ទាប់មកបានរាយការណ៍ជូនសមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលក៏ដូចជានគរបាលស្រុកមោងឫស្សីដើម្បីឃាត់ខ្លួនស្រាវជ្រាវ ។
តាមរយៈការស្រាវជ្រាវបានឱ្យដឹងថាជនសង័្សយដែលធ្វើសកម្មភាពនេះមានឈ្មោះ ព្រុំ សុធា ភេទប្រុស អាយុ៣៣ឆ្នាំ គាត់ថារស់នៅភូមិព្រែកលាប សង្កាត់ព្រែកលាប ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ បានមកធ្វើសកម្មភាពនៅក្នុងមូលដ្ឋានខាងលើ តែមិនបានសម្រេចត្រូវបានម្ចាស់និងប្រជាពលរដ្ឋធ្វើការឃាត់ខ្លួនបានតែម្តង។
លោកវរសេនីយ៍ឯក ស គឹមឡុង អធិការនគរបាលស្រុកមោងឫស្សី បានឱ្យដឹងថា ជនសង័្សយរូបនេះមានទីលំ នៅសង្កាត់ព្រែកលាប ខ័ណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ រូបគេមកស្នាក់នៅឯក្រុងបាត់ដំបង ហើយនៅថ្ងៃកើត ហេតុរូបគេបានចូលមកក្នុងមូលដ្ឋានឃុំព្រៃតូច ស្រុកមោងឫស្សី ដើម្បីធ្វើសកម្មភាព ។ ក្នុងពេលទៅដល់ចំណុចកើតហេតុខាងលើ បានប្រទះឃើញម៉ូតូរបស់ជនរងគ្រោះ មិនដកសោរចេញពីម៉ូតូដែលជាឱកាស ល្អសម្រាប់ខ្លួនក៏ផ្តើមធ្វើសកម្មភាពនេះតែម្តង តែចុងក្រោយត្រូវបានជនរងគ្រោះនិងប្រជាពលរដ្ឋឃាត់ខ្លួនបានតែម្តង។
អនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្ត បាត់ដំបង រួមទាំងយោបល់លោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទ័ណ្ឌ សមត្ថកិច្ចនគរបាលស្រុកមោងឫស្សី បានរៀបចំកសាងសំណុំរឿងបញ្ជូនមកការិយាល័យជំនាញដើម្បីអនុវត្តបន្តតាមផ្លូវច្បាប់រីឯម៉ូតូបានប្រគល់ជូនជនរងគ្រោះវិញហើយ ៕(រូបភាពនគរបាលស្រុកមោងឫស្សី)By kosal!@@@