ព័ត៌មានថ្មីៗ

ក្រសួងប្រៃសណីយ៍ បន្តអំពាវនាវឱ្យចូលរួមប្រើប្រាស់ប្រព័ន្ធ QR Code ទប់ស្កាត់កូវីដ

ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បន្តអំពាវនាវឱ្យចូលរួមប្រើប្រាស់ប្រព័ន្ធ QR Code ទប់ស្កាត់កូវីដ Stop Covid ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩។ យោងតាមសេចក្តីអំពាវនាវរបស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានឱ្យដឹងថា យោងតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២១ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ សូមអំពាវនាវសាជាថ្មីដល់គ្រប់ក្រសួង ស្ថាប័ន គ្រឹះស្ថានសាធារណៈនិងឯកជន ម្ចាស់អាជីវកម្ម ម្ចាស់ភោជនីយដ្ឋាន ម្ចាស់ទីតាំងដែលមានមនុស្សចេញ-ចូលច្រើន និងសាធារណជនទាំងអស់ ត្រូវតែចូលរួមប្រើប្រាស់ ប្រព័ន្ធ QR Code “ទប់ស្កាត់កូវីដStop Covid” តាមរយៈការដាក់ឱ្យមានមនុស្សនៅរង់ចាំត្រួតពិនិត្យការស្កេន QR Code នៅច្រកទ្វារនៃទីតាំងរបស់ខ្លួននិងតម្រូវឱ្យអ្នកឆ្លងកាត់ត្រូវតែចូលរួមស្កេន QR Code ឱ្យបានគ្រប់ៗគ្នា។ ប្រព័ន្ធ QR Code អាចប្រើជាសំណាញ់សុវត្ថិភាពគាំទ្រដល់ដំណើរការការងារជាធម្មតាតាមបែបគន្លងថ្មី ហើយសាធារណជនអាចទទួល បានការជូនដំណឹងទាន់ពេលវេលា ក្នុងករណីមានជាប់ពាក់ព័ន្ធនឹងជំងឺកូវីដ-១៩។
ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ សង្ឃឹមជឿជាក់យ៉ាងមុតមាំថា គ្រប់ក្រសួង ស្ថាប័ន គ្រឹះស្ថានសាធារណៈនិងឯកជន ម្ចាស់អាជីវកម្ម ម្ចាស់ភោជនីយដ្ឋាន និងម្ចាស់ទីតាំងដែលមានមនុស្សចេញ-ចូលច្រើន បង្កើតQR Code សម្រាប់ទីតាំងរបស់ខ្លួន និងសូមសាធារណជនទាំងអស់មេត្តាចូលរួមស្កេន QR Code និងអនុវត្តតាមវិធានការរបស់រាជរដ្ឋាភិបាល ដើម្បីរួមចំណែកដល់ការទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងសហគមន៍ ៕
nmr