ខេត្តកំពង់ស្ពឺ ៖ មន្ត្រីនគរបាលជាច្រើននាក់នៅស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ រាប់ទាំងលោកអធិការរង ប្រធានផ្នែក នាយរងផ្នែក និងនាយនគរបាលតាមបណ្តាញប៉ុស្តិ៍ បានរួមគ្នាប្តឹងទៅកាន់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ, នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងលោកឧត្តមសេនីយ៍ទោ សម សាមួន ស្នងការ នគរបាលខេត្ត សុំឱ្យផ្លាស់ប្តូរអធិការនគរបាលស្រុកបសេដ្ឋ លោក អ៊ុំ ចំរើន ចេញដោយសារមន្ត្រីនគរបាលរូបនេះ បានប្រព្រឹត្តកំហុសជាច្រើន ដែលពួកគាត់មិនអាចទទួលយកបាន និងមិនព្រមឲ្យបន្តតំណែងជាអធិការនគរបាលស្រុកទៀត។
នៅក្នុងពាក្យបណ្ដឹងរបស់មន្ត្រីនគរបាលស្រុកបសេដ្ឋ ដែលទទួលបាននៅព្រឹកថ្ងៃទី១១ សីហា ឆ្នាំ២០២១ នេះ បានរៀបរាប់ថា លោក អ៊ុំ ចំរើន អធិការនគរបាលស្រុកបសេដ្ឋ បានប្រព្រឹត្តទង្វើមួយចំនួនរួមមាន ៖
*រាល់ការតែងតាំង និងផ្លាស់ប្ដូរមុខងារមន្ត្រីក្រោមឱវាទ តែងទាមទារលាភសក្ការៈ ពោលគិតតែផលប្រយោជន៍ផ្ទាល់ខ្លួន
*ចំពោះការងារកសាងអង្គភាព និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗវិញ គ្មានរីកចម្រើនទាល់តែសោះ
*មិនឲ្យតម្លៃដល់មន្ត្រីក្រោមឱវាទរបស់ខ្លួន ដឹកនាំខ្វះក្រមសីលធម៌ ហើយគ្មានការទទួលខុសត្រូវ
*ចំពោះចរិតឫកពាមិនសមជាថ្នាក់ដឹកនាំ ឬមិនធ្វើជាគំរូដល់កូនចៅ ជារឿយៗបានជេរប្រមាថមើលងាយកូនចៅក្រោមឱវាទ តាមវិទ្យុទាក់ទង មិនស្គាល់ចាស់ស្គាល់ក្មេង និយាយអួតក្អេងក្អាងថា ខ្លួនមានតួនាទីធំ និងមានអ្នកនៅពីក្រោយខ្នងជាអ្នកធំផងដែរ។
ជាមួយគ្នានេះ ក្រុមមន្ត្រីនគរបាលទាំងនេះ បានចោទថា លោកវរសេនីយ៍ត្រី អ៊ុំ ចំរើន គ្មានភាពជាអ្នកដឹកនាំឡើយ ជាពិសេសខ្វះសាមគ្គីភាពផ្ទៃក្នុងយ៉ាងខ្លាំង ជាហេតុនាំឲ្យសុំធ្វើការផ្លាស់ប្តូរចេញ។
ពាក់ព័ន្ឋនឹងការចោទប្រកាន់ខាងលើ លោកអ៊ុំ ចំរើន អធិការនគរបាលស្រុកបសេដ្ឋបានប្រាប់តាមទូរស័ព្ទ នារសៀលថ្ងៃទី១១សីហា ២០២១ ដដែលនេះថា «លោកមិនបានដឹងថា កូនចៅផ្តិតមេដៃប្តឹងលោកនោះទេ ហើយលោកក៏មិនបានដើរទៅណា ដូចការចោទប្រកាន់របស់កូនចៅឡើយ» ។