នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២១នេះ លោកអគ្គនាយក នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ និងជាប្រធានក្រុមការងារ គណបក្សប្រជាជនកម្ពុជា ចុះជួយឃុំកោះមិត្ត កោះទន្ទឹម និងឃុំកោះរកា ក្នុងស្រុកកំពង់សៀម បានអញ្ជើញ សំណេះសំណាល ជាមួយប្រជាពលរដ្ឋ និងបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការ ការពារជំងឺដុំពកស្បែកគោ-ក្របី ដែលផ្តល់ជូនគ្រួសារប្រជាពលរដ្ឋ ដែលចិញ្ចឹមគោ-ក្របី ក្នុងឃុំចំនួន៣នេះ ដោយមានការអញ្ជើញចូលរួមពីប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពង់ចាម អាជ្ញាធរមូលដ្ឋាន កងកម្លាំងសមត្ថកិច្ច និងប្រជាពលរដ្ឋ ជាច្រើននាក់។
លោក តាន់ ផាន់ណារ៉ា បានបញ្ជាក់ឲ្យដឹងថា មានសត្វគោ-ក្របី ប្រមាណជាង៤ម៉ឺនក្បាលហើយ ដែលកំពុងមានកើតជំងឺដុំពកលើស្បែកនេះ។ ទោះបីជាយ៉ាងណាក៏ដោយ មន្ត្រីពេទ្យសត្វ គឺខិតខំប្រឹងប្រែង រកវ៉ាក់សាំង មកចាក់ជូនសត្វគោ-ក្របីដែលមានជួបប្រឈមមួយនេះ។
ប៉ុន្តែលោកស្នើសុំ ប្រជាពលរដ្ឋទាំងអស់ ដែលមានការចិញ្ចឹមសត្វគោ-ក្របី ហើយជួបប្រទះបញ្ហាមួយនេះ គឺត្រូវទាក់ទងរកមន្ត្រីជំនាញដែលក្បែរផ្ទះ និងចូលរួមសហការ រកថ្នាំព្យាបាលកុំប្រើប្រាស់ វិធីសាស្ត្រតាមបុរា ណ ដើម្បីដឹងពីការវិវត្តនៃជំងឺ។
សូមជម្រាបជូនថា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កំពុងបញ្ជាទិញវ៉ាក់សាំង ការពារជំងឺដុំពកស្បែក គោ-ក្របីចំនួន៤ម៉ឺនដូស បន្ថែមទៀត ដើម្បីបន្តចាក់ជូនប្រជាកសិករ ដែលមានគោ-ក្របី ជួបប្រទះនឹងបញ្ហាមួយនេះ៕