យោងតាមសារព័ត៌មានវ៉ស្សិនតុន រ៉យទ័រ បានចេញផ្សាយថាWASHINGTON, (Reuters) - នៅថ្ងៃពុធនេះ រដ្ឋាភិបាលអាមេរិកបាននិយាយថា ខ្លួននឹងធ្វើការជាមួយវិស័យឧស្សាហកម្មដើម្បីរឹតបន្តឹងគោលការណ៍ណែនាំថ្មីក្នុងការធ្វើឲ្យប្រសើរឡើងនូវសន្តិសុខនៃសង្វាក់ផ្គត់ផ្គង់ដោយប្រព័ន្ធបច្ចេកវិទ្យា ខណៈដែលលោកប្រធានាធិបតី Joe Biden បានអំពាវនាវដល់នាយកប្រតិបត្តិវិស័យឯកជនថា “រឹតបន្តឹងសន្តិសុខតាមប្រព័ន្ធអ៊ីនធឺណែត” ។
នៅក្នុងកិច្ចប្រជុំនៅឯសេតវិមានជាមួយលោកប្រធានាធិបតី Biden និងសមាជិកនៃគណៈរដ្ឋមន្ត្រី នាយកប្រតិបត្តិរបស់ក្រុមហ៊ុនបច្ចេកវិទ្យាធំៗ ក្រុមហ៊ុនឧស្សាហកម្មហិរញ្ញវត្ថុ និងក្រុមហ៊ុនហេដ្ឋារចនាសម្ព័ន្ធបាននិយាយថា ពួកគេនឹងធ្វើការបន្ថែមដើម្បីប្រឆាំងនឹងការកើនឡើងការគំរាមកំហែងនៃការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណែតទៅលើសេដ្ឋកិច្ចសហរដ្ឋអាមេរិក។
នៅក្នុងបន្ទប់ទទួលភ្ញៀវ លោកប្រធានាធិបតី Biden បានប្រាប់នាយកប្រតិបត្តិថា “រដ្ឋាភិបាលសហព័ន្ធមិនអាចដោះស្រាយបញ្ហានេះតែម្នាក់ឯងបានទេ ខ្ញុំជឿជាក់ថា លោកទាំងអស់គ្នាមានអំណាច សមត្ថភាព និងការទទួលខុសត្រូវដើម្បីរឹតបន្តឹងសន្តិសុខតាមប្រព័ន្ធអ៊ីនធឺណែត”។
បន្ទាប់ពីកិច្ចប្រជុំនោះ សេតវិមានបាននិយាយថា វិទ្យាស្ថានជាតិស្តង់ដារ និងបច្ចេកវិទ្យា (NIST) នឹងធ្វើការជាមួយវិស័យឧស្សាហកម្ម និងដៃគូផ្សេងៗទៀតក្នុងការរៀបចំគោលការណ៍ណែនាំថ្មីសម្រាប់ការកសាងបច្ចេកវិទ្យាដែលមានសុវត្ថិភាព និងវាយតម្លៃសុវត្ថិភាពនៃបច្ចេកវិទ្យារួមទាំងកម្មវិធីដែលមិនតំរូវឱ្យមានការការពារកម្មសិទ្ធិបញ្ញា។
ក្រុមហ៊ុន Microsoft (MSFT.O), Google (GOOGL.O), Travelers (TRV.N), និង Coalition ជាក្រុមហ៊ុនផ្តល់ការធានាសន្តិសុខតាមប្រព័ន្ធអ៊ីនធឺណែតបានប្តេជ្ញាចូលរួមក្នុងគំនិតផ្តួចផ្តើមថ្មីដែលដឹកនាំដោយ NIST ។
សន្តិសុខតាមប្រព័ន្ធអ៊ីនធឺណែតបានក្លាយទៅជាប្រធានបទសំខាន់សម្រាប់រដ្ឋបាលលោកប្រធានាធិបតី Biden បន្ទាប់ពីការវាយប្រហារជាបន្តបន្ទាប់ទៅលើក្រុមហ៊ុនគ្រប់គ្រងបណ្តាញ SolarWinds Corp (SWI.N) ក្រុមហ៊ុន Colonial Pipeline ក្រុមហ៊ុនកែច្នៃសាច់ JBS (JBSS3.SA) និងក្រុមហ៊ុនសរសេរកម្មវិធីកុំព្យូទ័រ Kaseya។
ការវាយប្រហារទាំងនោះបានធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់សហរដ្ឋអាមេរិកជាងក្រុមហ៊ុនដែលបានរងការវាយប្រហារដោយវាបានធ្វើឱ្យប៉ះពាល់ដល់ការផ្គត់ផ្គង់ប្រេងឥន្ធនៈ និងអាហារ។
លោកប្រធានាធិបតី Biden បាននិយាយថា “យើងមានការងារជាច្រើនដែលត្រូវធ្វើ” ដោយលើកឡើងពីការវាយប្រហារពីមេរោគ ransomware និងការជំរុញឲ្យប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ដាក់ក្រុមឧក្រិដ្ឋជនដែលវាយប្រហារតាមប្រព័ន្ធអ៊ិនធឺណែតដែលមានមូលដ្ឋាននៅប្រទេសរុស្ស៊ី ឱ្យទទួលខុសត្រូវចំពោះការវាយប្រហារនេះ និងតម្រូវការបុគ្គលិកបន្ថែមជិតកន្លះលាននាក់ដើម្បីបំពេញការងារសន្តិសុខតាមប្រព័ន្ធអ៊ិនធឺណែតក្នុងវិស័យសាធារណៈ និងឯកជន ៕