ព័ត៌មានថ្មីៗ

គ្រឹះស្ថានសាធារណៈ និងឯកជនដែលដាក់ឱ្យដំណើរការគឺមានចំនួន ១៧៦ លើ ២២៧ គ្រឹះស្ថានមធ្យមសិក្សា គឺ ៧៨ភាគរយ

លោក ហែម ស៊ីណារ៉េត ប្រធានមន្ទីរអប់រំយុវជននិងកីឡារាជធានីភ្នំពេញ មានប្រសាសន៍ប្រាប់ អង្គភាពព័ត៌មាន នៅរសៀល នេះថា រយៈពេល២សប្ដាហ៍នៃការបើកសាកល្បងគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជនចាប់ពីកម្រិតអនុវិទ្យាល័យឡើងទៅ នៅរាជធានីភ្នំពេញ គឺដំណើរការបានល្អប្រសើរ មានន័យថា គ្រប់សាលា ជាពិសេសលោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សចូលរួមអនុវត្តនូវវិធានការការពារបានល្អប្រសើរ។

ប្រធានមន្ទីរអប់រំយុវជននិងកីឡារាជធានីភ្នំពេញខាងលើ បានបញ្ជាក់បន្ថែមថា រហូតមកដល់ពេលនេះ មានគ្រឹះស្ថានសាធារណៈ និងឯកជនដែលដាក់ឱ្យដំណើរការគឺមានចំនួន ១៧៦ លើ ២២៧ គ្រឹះស្ថានមធ្យមសិក្សា គឺ ៧៨ភាគរយ។

លោក ហែម ស៊ីណារ៉េត មានប្រសាសន៍បន្តថា៖ “ក្នុងនោះគ្រឹះស្ថានសិក្សាសាធារណៈ មានចំនួន ៦៧ លើ៦៨ មានន័យថា នៅសល់តែមួយសាលាទៀតទេ ដោយសារការរៀបចំក្រោយពីបញ្ចប់ជាកន្លែងធ្វើចត្តាឡីស័ក និងព្យាបាលជំងឺកូវីដ១៩ គឺត្រូវរៀបចំសម្អាត បាញ់ថ្នាំសម្លាប់មេរោគ ហើយសាលានេះនឹងបើកដំណើរការចូលរៀនវិញឆាប់ៗក្នុងសប្ដាហ៍នេះ”។

លោក មានប្រសាសន៍បន្ថែមថា ដោយឡែកគ្រឹះស្ថានសិក្សាឯកជន បានដាក់ដំណើរការចំនួន ៩៣ លើ ១២៣ ហើយសាលាដែលនៅសេសសល់ ក្រុមការងារវាយតម្លៃថ្នាក់ខណ្ឌកំពុងបន្តពិនិត្យ វាយតម្លៃ។

លោក ហែម ស៊ីណារ៉េត មានប្រសាសន៍បន្តថា៖ “ហើយនៅពេលវាយតម្លៃឃើញថា សាលាទាំងនោះបានរៀបចំគោរពគោលការណ៍ប្រតិបត្តិត្រឹមត្រូវហើយ សាលាអាចដាក់ពាក្យស្នើសុំ ហើយក្រុមការងារថ្នាក់ខណ្ឌធ្វើសំណើស្នើសុំមកក្រុមការងារវាយតម្លៃថ្នាក់រាជធានីភ្នំពេញ ដើម្បីសម្រេចអនុញ្ញាតឱ្យបើក”។

 

ជាការណែនាំបន្ថែម ប្រធានមន្ទីរអប់រំយុវជននិងកីឡារាជធានីភ្នំពេញរូបនេះ អំពាវនាវសូមឱ្យលោកគ្រូអ្នកគ្រូ សិស្សានុសិស្សបន្តការចូលរួមអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការការពារ ដោយទាំងគ្រូទាំងសិស្សដាច់ខាតត្រូវតែពាក់ម៉ាសគ្រប់ៗគ្នា គ្រប់ច្រកចូលសាលាត្រូវតែមានឧបករណ៍វាស់កម្ដៅ បាញ់អាល់កុល និងរក្សាគម្លាត ពិសេសគោលការណ៍រៀបសិស្សក្នុងថ្នាក់មិនឱ្យលើសពី ១៥ នាក់ និងបន្តការតាមដានសុខភាព។

nmr