ព័ត៌មានថ្មីៗ

អភិបាលខេត្តកំពត អញ្ជើញពិនិត្យ និងសួរសុខទុក្ខអ្នកកំពុងធ្វើចត្តាឡីស័ក នៅមណ្ឌលចត្តាឡីស័កវិទ្យាល័យព្រះរាជសម្ភារ ស្ថិតនៅក្នុងក្រុងកំពត

ព្រឹកថ្ងៃសុក្រ ទី២៦ ខែកុម្ភៈ ឆ្នាំ២០២១ ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពត បានអញ្ជើញពិនិត្យ និងសួសុខទុក្ខ បងប្អូនដែលកំពុងធ្វើចត្តាឡីស័ក នៅមណ្ឌលវិទ្យាល័យព្រះរាជសម្ភារ ស្ថិតនៅក្នុងភូមិសាស្ត្រក្រុងកំពត ខេត្តកំពត ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត ប្រធានមន្ទីរអង្គភាពជំនាញជុំវិញខេត្ត កងកម្លាំងទាំងបីប្រភេទ អភិបាលក្រុង ស្រុក មន្ត្រីជំនាញពាក់ព័ន្ធ ក្រុមគ្រូពេទ្យ សរុបប្រមាណជាង ៣០នាក់។
សូមបញ្ជាក់ដែរថា បច្ចុប្បន្នបងប្អូនដែលកំពុងធ្វើចត្តាឡីស័កនៅមណ្ឌលវិទ្យាល័យព្រះរាជសម្ភារនេះ មានចំនួន៤១នាក់ ភាគច្រើននៃពួកគាត់ គឺជាពលករដែលវិលត្រលប់មកពីប្រទេសថៃ ដែលស្ថិតនៅក្រោមការ ពិនិត្យ និងគ្រប់គ្រងពីមន្ទីរសុខាភិបាលខេត្ត ក្នុងការយកសំណាកទៅពិនិត្យជាប្រចាំ និងមានការការពារពីសមត្ថកិច្ច។ អ្នកដែលត្រូវធ្វើចត្តាឡីស័ក ត្រូវបានផ្តត់ផ្តង់ថវិកាប្រចាំថ្ងៃក្នុងម្នាក់ចំនួន ២០០០០រៀលសម្រាប់ការហូបចុក តាមការណែនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។
នាឳកាសនេះដែរ ឯកឧត្តមអភិបាលខេត្ត បានណែនាំដល់លោកប្រធានមន្ទីរសុខាភិបាល និងអ្នកពាក់ព័ន្ធ ត្រូវផ្គត់ផ្គង់សម្ភារៈចាំបាច់បន្ថែមទៀត ជូនដល់បងប្អូនដែលកំពុងធ្វើចត្តាឡីស័កនៅមណ្ឌលនេះ ហើយឯកឧត្តមបានផ្តល់សម្ភារៈជូនមន្ទីរសុខាភិបាលខេត្ត នូវ អាល់កុលចំនួន ៦០លីត្រ ម៉ាស់ចំនួន១០០ប្រអប់ ទឹកខ្ពល់មាត់ចំនួន ១០ដប ដបបាញ់អាល់កុលចំនួន១០ដប ដើម្បីចាត់ប្រើប្រាស់ក្នុងមណ្ឌលចត្តាឡីស័ក និងបានឧបត្តម្ភថវិកាដល់ក្រុមគ្រូពេទ្យប្រចាំការនៅមណ្ឌលចត្តាឡីស័កចំនួន ៨នាក់ ក្នុងម្នាក់ទទួលបានថវិកា ៥០០០០រៀល កម្លាំងសមត្ថកិច្ចយាមប្រចាំការចំនួន៥នាក់ ក្នុងម្នាក់ទទួលបានថវិកា៥០០០០រៀល និងបងប្អូនដែលកំពុងធ្វើចត្តាឡីស័កចំនួន ៤១នាក់ ក្នុងម្នាក់ទទួលបានថវិកាចំនួន ៥០០០០រៀល ។
នៅព្រឹកថ្ងៃដដែលនេះដែរ ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្ត បានបន្តដំណើរទៅពិនិត្យទីតាំងត្រៀមរៀបចំមណ្ឌលចត្តាឡីស័កបន្ថែមទៀតសម្រាប់ខេត្តកំពត ដើម្បីបម្រុងទុកសម្រាប់ទទួលធ្វើចត្តាឡីស័កក្នុងករណីមានអ្នកវិលត្រលប់ពីបរទេស មកក្នុងខេត្តច្រើន ជាពិសេសនៅក្នុងកំឡុងពេល នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនាពេលខាងមុខនេះ។ ទីកន្លែងដែលត្រៀមបម្រុងនេះ គឺជាអតីតៈអាគារសហគមន៍ស្រែអំបិល ដែលមានទីតាំងស្ថិតនៅឃុំជុំគ្រៀល ស្រុកទឹកឈូ ខេត្តកំពត ។
តាមការពិនិត្យជាក់ស្តែង ទីតាំងនេះមានភាពធំទូលាយ មានអាគារ និងបន្ទប់ទឹក សមស្របសម្រាប់ការធ្វើចត្តាឡីស័ក ដូចនេះឯកឧត្តមអភិបាលខេត្ត បានណែនាំដល់អ្នកពាក់ព័ន្ធទាំងអស់ លោកអភិបាលស្រុកទឹកឈូ ចាត់ចែតសម្អាតទីតាំងនេះឲ្យបានល្អ និងពិនិត្យឡើងវិញនូវប្រព័ន្ធទឹកស្អាត និងប្រព័ន្ធភ្លើងអគ្គីសនី រួចតភ្ជាប់បណ្តាញនេះឡើងវិញ ដើម្បីសម្រួលដល់ការស្នាក់នៅរបស់អ្នកធ្វើចត្តាឡីស័ក ក្នុងកំឡុងពេលនៃការធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ ៕
ប្រភព៖ រដ្ឋបាលខេត្តកំពត
nmr