តាមរយៈប្រភពព័ត៌មានដែលទទួលបាន នៅសៀលថ្ងៃទី ០៣ ខែវិច្ឆិកា ឆ្នាំ ២០២១ នេះ បានឱ្យដឹងថា ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសលើកពេលប្រឡង សញ្ញាបត្រមធ្យមសិក្សា ទុតិយភូមិ (បាក់ឌុប) ទៅធ្វើនៅដើមឆ្នាំ ២០២២។
គួររំឮកផងដែរថា កាលពីថ្ងៃ ១៧ ខែមិថុនា ឆ្នាំ ២០២១ កន្លងទៅ ក្រសួងអប់រំ យុវជន និង កីឡា បានចេញសេចក្ដីណែនាំស្ដីពីការរៀបចំ និងការប្រព្រឹត្តទៅនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) នៅតាមគ្រឹះស្ថានសិក្សារដ្ឋ និង ឯកជន សម្រាប់ឆ្នាំសិក្សា ២០២០-២០២១ ដោយការប្រឡងសញ្ញាបត្រទុតិយភូមិ កំណត់យកថ្ងៃទី ៦ ខែធ្នូ ឆ្នាំ ២០២១ ។
ដោយឡែកនៅរសៀលថ្ងៃនេះ ស្រាប់តែយើងទទួលបានព័ត៌មានបឋមថា ក្រសួងអប់រំ យុវជន និងកីឡា បានលើកកាលបរិច្ឆេទប្រឡង ទៅធ្វើនៅដើមឆ្នាំ ២០២២ វិញ ដោយពុំទាន់បានបញ្ជាក់ពីគោលការណ៍ និងថ្ងៃខែច្បាស់លាស់នៅឡើយទេ។ យ៉ាងណាមិញ សម្រាប់ព័ត៌មានលម្អិតបន្ថែមទាក់ទិនទៅនឹងរឿងនេះ យើងខ្ញុំនឹងជម្រាបជូននៅពេលក្រោយ៕