នៅទីស្តីការក្រសួងមហាផ្ទៃ នាថ្ងៃព្រឹកថ្ងៃសុក្រ ទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអនុញ្ញាតឱ្យឯកឧត្តម ហ្សាក់ ប៉ឺឡេ (Jacques Pellet) ឯកអគ្គរដ្ឋទូតបារាំងប្រចាំព្រះរាជាណាចក្រកម្ពុជា ព្រមទាំងសហការីចូលជួបសម្តែងការគួរសមនិង ពិភាក្សាការងារ។
ជាកិច្ចចាប់ផ្តើម សម្តេចក្រឡាហោម ស ខេង បានថ្លែងនូវការស្វាគមន៍ដ៏កក់ក្តៅ ហើយសម្តេចក៏សូមចូលរួមជាមួយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងព្រះបាទនរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការអបអរសារទចំពោះ ឯកឧត្តម ដែលត្រូវបានរដ្ឋាភិបាលបារាំងតែងតាំងជា ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពប្រចាំព្រះរាជាណាចក្រកម្ពុជា ។ សម្តេចក្រឡាហោមបានសម្តែងនូវក្តីសង្ឃឹមយ៉ាងមុតមាំថា បេសកម្មការទូតរបស់ ឯកឧត្តមនៅកម្ពុជានឹងបន្តពង្រីកទំនាក់ទំនងរវាប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត។
នាឱកាសនេះ សម្តេចក្រឡាហោម មានប្រសាសន៍បន្ថែមទៀតថា ចំពោះក្រសួងមហាផ្ទៃកម្ពុជាមានកិច្ចការសំខាន់ៗចំនួន២ដែលពាក់ព័ន្ធកិច្ចសហប្រតិបត្តការជាមួយបារាំង ដែលទី១ គឺជាការងារកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ និងទី២ គឺជាការងារនគរបាល។ ចំពោះកិច្ចការទី១លើការងារកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ សម្តេចក្រឡាហោម បានមានប្រសាសន៍ថា ដោយការប្តេជ្ញាចិត្តខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបន្តពង្រឹងសមត្ថភាពរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការគឺមាននូវវឌ្ឍនភាពជាបន្តបន្ទាប់ ។ទន្ទឹមនឹងនេះក៏មានការចូលរួមគាំទ្រកាន់តែច្រើនឡើងពីសំណាក់ប្រជាពលរដ្ឋទូទៅផងដែរ ក្នុងន័យនេះ សម្តេចក្រឡាហោម ក៏សម្តែងនូវសេចក្តីរីករាយចំពោះភាគីបារាំងលើការងារកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ជាពិសេសលើការផ្លាស់ប្តូរបទពិសោធ៍ការងារថ្នាក់ក្រោមជាតិ ហើយក៏អាចពិនិត្យលទ្ធភាពលើការងារ ពង្រីកនូវការចង់សម្ព័ន្ធមេត្រីភាពរវាងរាជធានី-ខេត្តនៃប្រទេសទាំងពីរ។
ដោយឡែកកិច្ចការទី២លើកិច្ចសហប្រតិបត្តិការលើការងារនគរបាលសម្តេចក្រឡាហោម ក៏បានសម្តែងនូវក្តីរីករាយនឹងស្នើពិនិត្យលទ្ធភាពកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរស្ថាប័ន្ធពាក់ព័ន្ធរបស់ភាគីបារាំង លើការងាររក្សាសន្តិសុខរួមទាំងការងារប្រយុទ្ធប្រឆាំងបទល្មើសបច្ចេកវិទ្យា ឧក្រិដ្ឋកម្មឆ្លងដែន និងការកសាងសមត្ថភាពផងដែរ។
ឯកឧត្តម ហ្សាក់ ប៉ីឡេ ឯកអគ្គរដ្ឋទូតបារាំង បានជម្រាបជូនផងដែរថា ក្នុងឆ្នាំ២០២២ខាងមុខនេះ ប្រទេសបារាំងក៏នឹងទទួលតួនាទីជាប្រធានរបស់សហភាពអ៊ឺរ៉ុប ស្របពេលដែលកម្ពុជាក៏នឹងទទួលតួនាទីជា ប្រធានអាស៊ាន ដោយ ឯកឧត្តមសង្ឃឹមជឿជាក់ថា ក្នុងតួនាទីដ៏មានសារៈសំខាន់នេះប្រទេសទាំងពីរនឹងដើរតួនាទីយ៉ាងសកម្មក្នុងស្វែងរកឱកាសពង្រឹង និងពង្រីកទំនាក់ទំនងទាំងក្នុងតំបន់ក៏ដូចជាទំនាក់ទំនងរវាងភាគីបារាំងនឹងកម្ពុជាកាន់តែល្អប្រសើរឡើង។
ជាការឆ្លើយតប សម្តេចក្រឡាហោម ស ខេង បានឯកភាពចំពោះការលើកឡើងរបស់ឯកអគ្គរដ្ឋទូតបារាំង ហើយសម្តេចផ្ទាល់ ក៏ត្រូវទទួលតួនាទីជាប្រធានអាស៊ាននៃកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី ទទួលបន្ទុកឧក្រិដ្ឋកម្មឆ្លងដែន ក្នុងនោះសម្តេចក៏សូមគាំទ្រចំពោះកិច្ចសហប្រតិបត្តការរវាងកម្ពុជា និងបារាំង ក្នុងនាមជាប្រធាននៃកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី ទទួលបន្ទុកឧក្រិដ្ឋកម្មឆ្លងដែន សម្តេចនឹងបន្តខិតខំជំរុញកិច្ចសហប្រតិបត្តការនៅក្នុងតំបន់ ជាពិសេសក្នុងក្របខណ្ឌឧក្រិដ្ឋកម្មឆ្លងដែននេះដោយធ្វើយ៉ាងណាសម្របសម្រួលដំណើរការនៃកិច្ចការសំខាន់ៗនេះ ឱ្យទទួលបានជោគជ័យដើម្បីបម្រើដល់ផលប្រយោជន៍ដល់ប្រជាជនកម្ពុជា ក៏ដូចជាបម្រើដល់ផលប្រយោជន៍របស់សហគមន៍អាស៊ានទាំងមូល។
ជាចុងបញ្ចប់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក៏បានជូនពរឯកឧត្តមឱ្យទទួលបាននូវជោគជ័យក្នុងបេសកកម្មការទូតនៅប្រទេសកម្ពុជា ក្នុងនោះសម្តេចក្រឡាហោម ក៏បានមានប្រសាន៍ជម្រាបជូនថា សម្តេចនិងត្រៀមខ្លួនជានិច្ចក្នុងការបន្តជួបពិភាក្សាលើការងារផ្សេងៗក្នុងអណត្តិការងាររបស់ឯកឧត្តម៕
ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា