ភ្នំពេញ៖ អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រកាសពីករណីជនមិនស្គាល់មុខមួយក្រុម ចូលប្លន់ផ្ទះលោកស្រី អ៊ាន សៀវម៉ី ជាឧកញ៉ា លក់ឡេ។ ផ្ទះរបស់ឧកញ៉ា លក់ឡេ អ៊ាន សៀវម៉ី ស្ថិតនៅក្នុងបុរីមូនថោន ក្នុងភូមិគោកចំបក់ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ១០ និង ៤០នាទីព្រឹក ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២១ ដោយប៉ូលិសមូលដ្ឋាន អះអាងថា ចោរប្លន់ប្រដាប់អាវុធ ១ក្រុមនោះ មានគ្នាប្រមាណ ៤នាក់ ជិះរថយន្តម៉ាកឡិចស៊ី GS-300 មួយគ្រឿង បានចូលទៅធ្វើសកម្មភាពប្លន់ឧកញ៉ា អ៊ាន សៀវម៉ី ដែលជាអ្នកលក់ឡេដ៏ល្បីម្នាក់ ដល់ភូមិគ្រឹះតែម្តង ដោយយកគ្រឿងអលង្ការពេជ្រ និងលុយសរុបជាង ១០លានដុល្លារ។ បន្ទាប់មក ក៏ក្រុមចោរប្លន់នោះ ក៏បានបើករថយន្តគេចខ្លួនទៅបាត់ដោយសុវត្ថិភាព។
នៅយប់ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២១ នេះ អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រកាស តាមហ្វេសប៊ុកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញថា ទាក់ទងទៅនឹងជនមិនស្គាល់មុខមួយក្រុមចូលប្លន់ផ្ទះ លោកស្រី អ៊ាន សៀវម៉ី គឺមិនមានការបាត់បង់លុយរហូតដល់ ៩ ឬ ១០លានដុល្លារ ដូចសារព័ត៌មានមួយចំនួន បានចុះផ្សាយនោះទេ។
ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ជូនសារធារណ:ជនទាំងអស់ ឱ្យបានជ្រាបថា នៅពេលនេះ សមត្ថកិច្ចចម្រុះ កំពុងតែធ្វើការសាកសួរ និងស្រាវជ្រាវឱ្យបានច្បាស់លាស់លើករណីនេះ ជាក់ស្តែង តាមចម្លើយជនរងគ្រោះ បានបញ្ជាក់យ៉ាងច្បាស់ថា មិនមានការបាត់បង់លុយឡើយ គឺបាត់តែខ្សែក ៣ខ្សែតែប៉ុណ្ណោះ។
ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ជាក់ថា ពេលនេះ សមត្ថកិច្ច កំពុងតែធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់លើករណីនេះ៕