ព័ត៌មានជាតិ

ក្រុមការងារជំនាញចុះផ្អាកយានដ្ឋានកែច្នៃរថយន្តខុស បច្ចេកទេស០២កន្លែងនៅក្រុងបាត់ដំបង!

​ខេត្តបាត់ដំបង​៖ នៅ​ព្រឹក​ថ្ងៃទី ២៤ ខែធ្នូ ឆ្នាំ​២០២១​នេះ កម្លាំង គណៈកម្មការ​ត្រួតពិនិត្យ​យានយន្ត​កែច្នៃ​ខុស​បទដ្ឋាន​បច្ចេកទេស​ខេត្តបាត់ដំបង ដែល​ដឹកនាំ​ដោយ​លោក សូ ប៊ុណ្ណា​រ៉ុង អនុប្រធាន​មន្ទីរ​សាធារណការ​និង​ជញ្ជូន​ខេត្ត ដោយមាន​ការចូលរួម​ពី​លោក អុ​ឹ​ម អង្សា អនុប្រធាន​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​ខេត្ត លោក ម៉ី សារឹម ប្រធាន​មន្ទីរ​សម្ភារៈ​បច្ចេកទេស​កងរាជអាវុធហត្ថ​ខេត្ត និង​ក្រុមការងារ បាន​ចុះ​ត្រួតពិនិត្យ​ជាក់ស្តែង​ទីតាំង​ប្រកប​អាជីវកម្ម​កែច្នៃ​ប្តូរ​ចង្កូតរថយន្ត​នៅក្នុង​យានដ្ឋាន​ចំនួន​០២​ទីតាំង​ក្នុង​ក្រុង​បាត់ដំបងកម្លាំង​គណៈកម្មការ​ត្រួត​ពិនិត្យ​យានយន្ត​កែច្នៃ​ខុស​បទដ្ឋាន​បច្ចេកទេស​ខេត្តបាត់ដំបង​បាន​ចុះ​ធ្វើ​កិច្ចសន្យា​ផ្អាក​អាជីវកម្ម​យានដ្ឋាន​កែច្នៃ​រថយន្ត​ខុស​បច្ចេកទេស​០២​កន្លែង​នៅ​ក្រុង​បាត់ដំបង​។​

នេះបើយោងតាម​ការណែនាំ​ថ្នាក់ដឹកនាំ​ខេត្តបាត់ដំបង​, ការណែនាំ​របស់លោក លូ ពិសី អគ្គនាយករង​នៃ​នាយកដ្ឋាន​ដឹកជញ្ជូន​ផ្លូវគោក នៃ​ក្រសួង​សាធារណៈការ​និង​ដឹកជញ្ជូន​, ការណែនាំ​របស់លោក​ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្តបាត់ដំបង ​។​

លោក សូ ប៉ុណ្ណា​រុង អនុប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្តបាត់ដំបង​បានអោយដឹងថា ទីតាំង​ប្រកប​អាជីវកម្ម​កែច្នៃ​ប្តូរ​ចង្កូតរថយន្ត​ទាំងពីរ​ទីតាំង​ខាងលើ​មាន យានដ្ឋាន​ជាង​ទូច ស្ថិតក្នុង​សង្កាត់​វត្ត​គរ ក្រុង​បាត់ដំបង ដែលមាន​ម្ចាស់​យានដ្ឋាន​ឈ្មោះ យ៉ង់ ហុក​លាន ,​និង​យានដ្ឋាន ច​ន​សំណាង ហៅ​(​ហ៊ីង​)​ស្ថិតក្នុង​សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង​។​

លោក​បន្តថា ក្រោយពី​ពិនិត្យឃើញថា​យានដ្ឋាន​ខាងលើ​កំពុង​លួចលាក់​ប្រកប​អាជីវកម្ម​កែច្នៃ​ប្តូរ​ចង្កូតរថយន្ត​ដោយ​គ្មាន​ច្បាប់ ក្រុមការងារ​បាន​អប់រំ​ណែនាំ​និង​បញ្ឈប់​ការប្រកប​អាជីវកម្ម​កែច្នៃ​ចង្កូត​ដោយ​គ្មាន​ច្បាប់​អនុញ្ញាត​បន្តទៀត ដោយ​តម្រូវអោយ​ម្ចាស់​អាជីវកម្ម​សុំច្បាប់​ធ្វើ​អាជីវកម្ម​ស្របតាម​ច្បាប់​កំណត់​។​

ជាមួយគ្នានេះដែរ​ម្ចាស់​អាជីវកម្ម​ទាំងពីរ​ទីតាំង​ខាងលើ​ក៏បាន​សន្យា​ចំពោះមុខ​ក្រុមការងារ​ចម្រុះ​មិន​បន្ត​អាជីវកម្ម​កែ​ចង្កូតរថយន្ត​គ្មាន​ច្បាប់​អនុញ្ញាត​ឡើយ ហើយ​បើ​នៅ​បន្ត​អាជីវកម្ម​និង​សូម​ទទួលខុសត្រូវ​ចំពោះមុខ​ច្បាប់​ជា​ធរមាន​និង​សូម​ផ្តិតមេដៃ​ខាងស្តាំ​ជា​ភស្តុតាង​ផងដែរ​។​

nmr