ព័ត៌មានថ្មីៗ

អភិបាលខេត្ត​បន្ទាយមានជ័យ និង​អន្តរក្រសួង បើកយុទ្ធនាការដាំដើមឈើ និងអ្នក ចូលរួមជិត៦០០នាក់នៅលើដីតំបន់៣​បឹង​ទន្លេសាប

បន្ទាយមានជ័យ​: រដ្ឋបាលខេត្ត​បន្ទាយមានជ័យ និង​អន្តរក្រសួង​នឹងធ្វើ​យុទ្ធនា​ការដាំ​ដើមឈើ​លើក​ទី​២​នៅ​ព្រំប្រទល់​ដីព្រៃ​លិច​ទឹក​តំបន់​៣​បឹង​ទន្លេសាប នៅ​៣​ចំណុច​គឺ​ចំណុច​រហាល​សំណាប​, កូន​គោក និង​ចំណុច ខាងលិច​ឈាង​ខាងជើង កូន​គោក ឃុំ​ប្រាសាទ ស្រុក​ព្រះនេត្រព្រះ នា​ព្រឹក​ដល់​រសៀល​ថ្ងៃទី​២៦ ខែធ្នូ ឆ្នាំ​២០២១ ។​

សកម្មភាព​នោះ​ដឹកនាំ​ដោយ​លោក​អ៊ុំ រាត្រី អភិបាលខេត្ត​, លោក ខេង ស៊ុម ប្រធាន​ក្រុមប្រឹក្សា​ខេត្ត តំណាង​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម និង​សំណង់ និង​មន្ត្រីរាជការ​ស៊ីវិល​អាជ្ញាធរ​ដែនដី សមត្ថកិច្ច និង​ជំនាញ​ស្ថាប័ន មន្ទីរ អង្គភាព​នានា​កងកម្លាំងប្រដាប់អាវុធ យុវជន ស​.​ស​.​យ​.​ក​. ចំនួន​ជិត​៦០០​នាក់ បាន​ចូលរួម​។​

លោក យឹម យឿន អភិបាលរង​ស្រុក​ព្រះនេត្រព្រះ និង សហការី ក្រុមការងារ​ប្រចាំការ​នៅ​វត្ត​បត់​ត្រង់ ឃុំ​ប្រាសាទ បាន​ចុះ​ត្រួតពិនិត្យ​រួចហើយ​អំពី​ស្ថានភាព​ទឹក ផ្លូវ​ធ្វើដំណើរ នៅ​ចំណុច​ដី​ព្រទ​ល់​ព្រៃ​លិច​ទឹក​តំបន់​៣​ក្នុង​គោលបំណង ដើម្បី​រៀបចំ​ផែនការ​ជាក់ស្តែង សម្រាប់​ការ ដាំ​កូន ឈើ​ប្រភេទ ព្រៃ​លិច​ទឹក ដើម​ឬ​ស្សី និង ត្នោត​ជិត ៥.០០០​ដើម នា​លើក​ទី​២​នេះ ព្រមទាំង​ត្រួត​ពិនិត្យមើល​អំពី​ស្ថានភាព​ទូទៅ​នៃ​បង្គោលព្រំ​ប្រទល់​ដីព្រៃ​លិច​ទឹក​តំបន់​៣ នៅ​ចំណុច រហាល​សំណាប​បង្គោល ៣៦៥, ចំណុច​កូន​គោក​បង្គោល ៣៦៤​និង ចំណុច ខាងលិច​ឈាង​ខាងជើង កូន​គោក បង្គោល ៣៦៣​។​

ការដាំ​ឈើ នេះ​គឺ​ដាំ​កូនឈើ​ចម្រុះ​នៅ​ទីកន្លែង​ដែល​រង​ការ​រុករាន​ដុត​ទន្ទ្រាន ឈូសឆាយ ហ៊ុំព័ទ្ធ​យក​ជា​កម្មសិទ្ធិ​ខុសច្បាប់ ហើយ​ធ្វើស្រែ​ប្រាំង ស្រែវស្សា​ដោយ​បុគ្គល​ជា​ឈ្មួញ ពលរដ្ឋ និង​មន្ត្រី​មួយចំនួន​នាពេល​កន្លងមក ព្រោះថា មាន​ច្រើន​នូវ​ព្រៃ​លិច​ទឹក​វា​មាន​សារៈប្រយោជន៍​ក៏​ច្រើន​ដល់​មច្ឆៈជាតិ សត្វ និង​មនុស្ស​។​

លោក​អ៊ុំ រាត្រី អភិបាលខេត្ត​បន្ទាយមានជ័យ​លើកឡើងថា​: នេះ​ជាការ​អនុវត្ត​មួយ​លើ​បទបញ្ជារ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ដែល​ថ្លែង​កាលពី​ថ្ងៃទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០២១ ដែល​ឱ្យ​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ និង​អភិបាលខេត្ត​ទាំង​៥ ជាប់​តំបន់​ទំនាប​ព្រៃ​លិច​ទឹក និង​បឹង​ទន្លេសាប ត្រូវធ្វើ​ការទប់ស្កាត់ និង​បង្ក្រាប​ជាបន្ទាន់ ចំពោះ​ការ​លួច​កាប់​ព្រៃ​លិច​ទឹក និង​វាទទី​យក​ដី​នៅតាម​បឹង​ទន្លេសាប​៕

nmr