កោះកុងៈនៅរសៀលថ្ងៃទី២៧ ខែធ្នូ នេះ អាជ្ញាធរក្រុងខេរមភូមិន្ទ កំពុងចាប់ដៃជាមួយ ក្រុមហ៊ុនឯកជន យ៉ាងជិតស្និតលើកិច្ចការតុបតែង សោភ័ណភាព តាមដងវិថីសំខាន់ៗ ឱ្យកាន់តែទាក់ទាញ សម្រាប់ទទូលភ្ញៀវទេសចរ មកលេងកម្សាន្ត នាថ្ងៃឆ្លងឆ្នាំ ខាងមុខ។
លោក ឈេង សុវណ្ណដា អភិបាលក្រុងខេមភូមិន្ទ បានឱ្យដឹង ថាៈ ៣ ថ្ងៃ មកនេះ រូបលោក និងបុគ្គលិកផ្នែកអគ្គិសនី ក្រុមហ៊ុន LYP Group មមាញឹក រៀបចំជួសជុល តុបតែងបំពាក់អំពូល លម្អបន្ថែម តាមបង្គោល ភ្លើង ឬស្ពាន ត្រៀមអបអរសាទរ បុណ្យចូលឆ្នាំថ្មី ឆ្នាំសកល ឆ្នាំ២០២២។
លោកអភិបាលក្រុងខេមរភូមិន្ទ បានបន្ថែមថាៈ គោលដៅដែលត្រូវលើកកម្ពស់ សោភ័ណភាព ពេលរាត្រី គឺដងវិថីបន្ទាយកងរាជអាវុធហត្ថខេត្ត រហូតដល់មុខផ្សារ ដងទង់ ព្រមទាំងផ្លូវស្ពានសំខាន់ៗ មួយចំនួន។
ទាក់ទិនការត្រៀមខ្លួន ទទួលភ្ញៀវទេសចរ មកកម្សាន ថ្ងៃបុណ្យឆ្លងឆ្នាំសកលនេះដែរ លោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង នៅព្រឹកថ្ងៃទី២៧ ខែធ្នូ បានចេញ លិខិតជូនដំណឹង អាជ្ញាធរក្រុងស្រុក មន្ទីរអង្គភាពនានា ម្ចាស់សណ្ឋាគារ ភោជនីយដ្ឋាន និងប្រជាពលរដ្ឋ ត្រូវធ្វើអនាម័យ បោសសំអាតសំរាម គ្រប់ប្រភេទ កាត់ស្មៅ ក៏ដូចជា តុបតែងភ្លើងពណ៌ ដើម្បីអបអរសាទរ ក្នុងឱកាសចូលឆ្នាំថ្មី ឆ្នាំសកល ដែលចូលមក ៤ ថ្ងៃទៀតនេះ។
ដោយឡែក វិថីចាប់ពីមុខអគាររដ្ឋបាលខេត្ត ទៅកែងផ្លូវបត់ ទៅរមណីយដ្ឋានធម្មជាតិ ព្រៃកោងកាង ពាមក្រសោប បានរៀបចំ កន្លងទៅហើយដែរ។