សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានស្នើអង្គភាពប្រឆាំងអំពើពុករលួយ(ACU) ឲ្យស្រាវជ្រាវជាបន្ទាន់លើរឿងបន្លំធ្វើប័ណ្ណកម្មសិទ្ធិដីធ្លីរបស់ក្រសួងការបរទេសកម្ពុជា ដែលលោក គង់ គាំ កំពុងស្នាក់នៅនាពេលប្ចុច្បន្ន។
តាមរយៈទំព័រហ្វេសប៊ុក នាព្រឹកថ្ងៃទី១២មករា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានឲ្យដឹងយ៉ាងដូច្នេះថា៖ ដើម្បីពន្លឿនដំណើរការស្វែងរកការពិតជុំវិញការរៀបចំឯកសារបន្លំយកដីនិងផ្ទះរបស់ក្រសួងការបរទេស ធ្វើជាកម្មសិទ្ធិឯកជន ដែលប្រព្រឹត្តដោយ គង់ គាំ, នៅមុននេះបន្តិច ខ្ញុំបានស្នើទៅកាន់អង្គភាពប្រឆាំងអំពើពុករលួយ ដើម្បីស្រាវជ្រាវជាបន្ទាន់អំពីភាពមិនប្រក្រតីនានានៃការលួចបន្លំធ្វើប័ណ្ណសម្គាល់សិទ្ធិកម្មសិទ្ធិលើដីនិងផ្ទះដែលជាកម្មសិទ្ធិរបស់ក្រសួងការបរទេស និងចាត់វិធានការបន្តតាមផ្លូវច្បាប់ តាមការចាំបាច់ ដោយផ្អែកលើមូលដ្ឋាននៃលទ្ធផលដែលបានស្រាវជ្រាវរកឃើញ។
សម្តេចតេជោបន្ថែមថា ដីនិងផ្ទះដែល គង់ គាំ រៀបចំឯកសារបន្លំយកនេះ គឺជាកម្មសិទ្ធិរបស់ក្រសួងការបរទេស ហើយដី និងផ្ទះនេះ នឹងមិនត្រូវបាត់បង់ទៅណាឡើយ ដោយត្រូវយកមកវិញ តាមគ្រប់មធ្យោបាយដោយអនុវត្តទៅតាមនីតិវិធីច្បាប់ជាធរមាន។
ទាក់ទិនរឿងនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី កាលពីល្ងាចថ្ងៃទី១១មករា ឆ្នាំ២០២៣ បានដាស់តឿនឲ្យលោក គង់ គាំ ប្រគល់ឲ្យក្រសួងការបរទេសវិញនូវផ្ទះនិងដី ដែលបន្លំយកធ្វើជាកម្មសិទ្ធិឯកជន មកវិញជាកំហិតក្នុងរយៈពេលមួយខែ។
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ តំណាងដោយឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣ បានដាក់ពាក្យបណ្តឹងទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីឱ្យចេញសាលក្រមកំណត់ឲ្យ លោក គង់ គាំ ប្រគល់ដី និងអគារមួយកន្លែង ស្ថិតនៅភូមិ៥ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ត្រឡប់មកក្រសួងការបរទេសវិញ ជាមួយនឹងការទាមទារសំណងជំងឺចិត្ត ៤ពាន់លានរៀល៕