រាជធានីភ្នំពេញ ៖កាលពីវេលាម៉ោង៧និង៥០នាទីយប់ ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២ នៅត្រង់ចំណុចស្តុបវត្តចាក់អង្រែក្រោម ផ្លូវ៣០ម៉ែត្រ កែងផ្លូវជាតិលេខ២ ស្ថិតក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ
បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា បុរសម្នាក់បានបើករថយន្តបែនដឹកខ្សាច់ខ្វះការប្រុងប្រយ័ត្ន ក៏ជ្រុលទៅបុកនឹងម៉ូតូស៊ុយសុគីនិច ដែលឈប់រង់ចាំភ្លើងស្តុប ខណៈពេលមេឃកំពុងតែភ្លៀងធ្លាក់ខ្លាំងពីក្រោយ បណ្ដាលឲ្យម៉ូតូចូលក្រោមរថយន្ត រួចអូសជិត១០ម៉ែត្រ ព្រមទាំងធ្វើឲ្យអ្នកជិះម៉ូតូរងរបួសធ្ងន់ និងស្លា.ប់ម្នាក់ ពេលបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ។
សេចក្តីរាយការណ៍បន្តថា ស.ពជនរងគ្រោះខាងលើឈ្មោះ ភឿន ស្រីនី ភេទស្រី អាយុ១៨ឆ្នាំ មុខរបរធ្វើការនៅហាងអ៊ីនធើរណេត ស្នាក់នៅផ្ទះជួលក្បែរផ្ទះប្រធានភូមិ ស្ថិតក្នុងភូមិទួលរកា២ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ។ ចំណែកយុវជនជាអ្នកបើកបរម៉ូតូឈ្មោះ អ៊ូ សុវណ្ណមករា អាយុ១៨ឆ្នាំ មានទីលំនៅក្បែរអតីតទីស្នាក់ការបក្សសង្គ្រោះជាតិ ស្ថិតក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រងរបួសមួយចំហៀងខ្លួន ។
តាមប្រភពពីបងប្អូនប្រជាពលរដ្ឋដែលឃើញហេតុការណ៍ បានអោយដឹងថា មុនពេលកើតហេតុ គេបានឃើញបុរសម្នាក់ រួមដំណើរជាមួយនឹងនារីម្នាក់បានជិះម៉ូតូម៉ាកស៊ុយស៊ុគីនិច ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1HD 1500 ធ្វើដំណើរតាមបណ្ដោយផ្លូវ៣០ម៉ែត្រ ក្នុងទិសដៅពីលិចទៅកើត ខណៈមេឃកំពុងតែធ្លាក់ភ្លៀងខ្លាំង។
ប្រភពដដែលបន្តថា លុះពេលមកដល់ចំណុចកើតហេតុ ជនរងគ្រោះក៏បានឈប់ម៉ូតូរង់ចាំភ្លើងស្កុប ហើយគាប់ជួនពេលនោះ ក៏ស្រាប់តែមានបុរសម្នាក់ទៀតបានបើករថយន្តបែនដឹកខ្សាច់ ម៉ាក DONG FIN ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3E 5725 ធ្វើដំណើរតាមផ្លូវ៣០ម៉ែត្រ ទិសដៅស្របគ្នា ហើយមើលមិនឃើញម៉ូតូជនរងគ្រោះ ក៏បានបុកម៉ូតូពីក្រោយ បណ្ដាលឲ្យម៉ូតូចូលក្រោមរថយន្តអូសជិត១០ម៉ែត្រ ព្រមទាំងធ្វើឲ្យអ្នកជិះម៉ូតូប្រុសស្រីទាំង២នាក់រងរបួសធ្ងន់ធ្ងរ ហើយត្រូវបានបញ្ជួនតាមរថយន្តយកទៅធ្វើការសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ តែជាអកុសលនៅពេលទៅដល់មន្ទីរពេទ្យ នារីរងគ្រោះដែលអង្គុយខាងក្រោយក៏បានដាច់ខ្យល់ស្លា.ប់តែម្តង ចំណែកបុរសជាអ្នកបើកម៉ូតូរងរបួសធ្ងន់ ហើយត្រូវបានក្រុមគ្រូពេទ្យកំពុងជួយសង្គ្រោះ ។