ព័ត៌មានជាតិ

គូដណ្តឹងមួយគូរមករួមដំណេកមុនរៀបការបងប្រុសខឹងខ្លាំងទ្រាំមិនបានយកពូថៅកាប់ជាច្រើនពូថៅ

ខេត្តត្បូងឃ្មុំ ៖ ព្រោះតែខឹងគូដណ្ដឹងរបស់ប្អូនស្រីលេងផ្លូវកាត់រំលងប្រពៃណីខ្មែរ ដោយមិនទាន់រៀបការផង បែរជាមកដេកជាមួយនឹងគ្នា ។ បងប្រុសឃើញបែបនេះ ដោយទ្រាំមិនបាន ខឹងពេកក៏ទាញពូថៅកា.ប់ទៅលើគូដណ្ដឹងប្អូនស្រីត្រូវជាច្រើនកន្លែងលើខ្លួនប្រាណ បណ្ដាលឲ្យរងរបួសធ្ងន់ បង្កឱ្យមានការភ្ញាក់ផ្អើលនៅឃុំអញ្ចើម ស្រុកត្បូងឃ្មុំតែម្តង។ ក្រោយមកដោយសាររបួសធ្ងន់ពេក ជនរងគ្រោះក៏ត្រូវបានបញ្ជូនបន្តទៅសង្គ្រោះនៅរាជធានីភ្នំពេញ ។
បើតាមសមត្ថកិច្ចមូលដ្ឋាន បានប្រាប់ឲ្យដឹងនៅព្រឹកថ្ងៃទី៣ ខែមីនា ឆ្នាំ២០២២នេះថា ហេតុការណ៍អំពើហិ.ង្សាប៉ងធ្វើមនុស្សឃា.តខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង១២ថ្ងៃត្រង់ នៅថ្ងៃទី២ ខែមីនា ឆ្នាំ២០២២ នៅចំណុចផ្ទះឈ្មោះអែម សុភ័ក្រ ភេទប្រុស ស្ថិតនៅភូមិត្រពាំងចក ឃុំអញ្ចើម ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ដែលបង្កឡើងដោយជនសង្ស័យឈ្មោះ ភ័ក្រ សុភិន ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ រស់នៅផ្ទះកើតហេតុ បានយកពូថៅកា.ប់លើជនរងគ្រោះឈ្មោះ កូប ធំ ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិព្រះអង្គ ឃុំរកាពប្រាំ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ (ដែលត្រូវជាគូរដណ្តឹងរបស់ប្អូនស្រីខ្លួន) ជាច្រើនពូថៅ បណ្តាលឲ្យរងរបួសជាច្រើនកន្លែងនៅលើក្បាល ដងខ្លួន និងជើង (កម្រិតធ្ងន់)។ ចំពោះមូលហេតុ គឺមកជនសង្ស័យខឹងជាមួយនឹងជនរងគ្រោះដែលមកដេកនៅជាមួយនឹងប្អូនស្រីរបស់ខ្លួនមុនថ្ងៃរៀបការ ។
សមត្ថកិច្ចមូលដ្ឋាន បានបន្តឲ្យដឹងទៀតថា ក្រោយពីត្រូវរងការកា.ប់ប្រហា.រជាច្រើនពូថៅពីសំណាក់បងប្រុសរបស់គូដណ្តឹងខ្លួន ជនរងគ្រោះក៏បានស្រែកដង្ហោយហៅឲ្យគេជួយ ហើយក៏សន្លប់នៅនឹងកន្លែងតែម្ដង។ សម្លេងស្រែកនោះ បានធ្វើឲ្យអ្នកជិតខាងស្ដាប់ឮ ហើយក៏នាំគ្នារត់មកមើល ក្នុងគ្រានោះផងដែរ ជនដៃដល់ក៏បានស្ទុះរត់លោ.តពីលើផ្ទះចុះមកដី ក្នុងគោលបំណងរត់គេចខ្លួន បន្ទាប់ពីកា.ប់គូដណ្ដឹងរបស់ប្អូនស្រី បណ្តាលឲ្យរងរបួសធ្ងន់ស្ទើរតែស្លា.ប់។
សមត្ថកិច្ចបន្តទៀតថា នៅពេលដែលជនដៃដល់លោ.តចុះមកដីនោះ ចៃដន្យស្រាប់តែភ្លាត់ជើងធ្វើឱ្យគ្រិចឆ្អឹងប្រអប់ជើងស្តាំនៅទីនោះតែម្តង ហើយអ្នកភូមិក៏បានរាយការណ៍មកកម្លាំងប៉ុស្តិ៍រដ្ឋបាលមូលដ្ឋានជាបន្ទាន់ផងដែរ។
ក្រោយពីទទួលព័ត៌មានភ្លាម កម្លាំងជំនាញសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល នៃអធិការដ្ឋាននគរបាលស្រុកត្បូងឃ្មុំ ដោយមានការចូលរួមពីកម្លាំងប្រជាការពារភូមិ ចុះអន្តរាគមន៍ភ្លាមៗដល់កន្លែងកើតហេតុ និងឃាត់ខ្លួនជនសង្ស័យខាងលើ នៅនិងកន្លែងកើតហេតុ។ហើយដោយមានការឯកភាពពីលោកឧត្តមសេនីយ៍ស្នងការ និងលោកហាក់ សៀកលីម ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តត្បូងឃ្មុំ អនុញ្ញាតឲ្យឃាត់ខ្លួនជនសង្ស័យខាងលើ បញ្ជូនមកអធិការដ្ឋាននគរបាលស្រុកត្បូងឃ្មុំ ដើម្បីសួរនាំរកហេតុផល។
សមត្ថកិច្ចមូលដ្ឋាន បានបញ្ជាក់ថា ជនរងគ្រោះត្រូវរងរបួសលើខ្លួនប្រាណជាច្រើនពូថៅរួមទាំងក្បាល ហើយត្រូវបានគូដណ្ដឹងបញ្ជូនមកសង្គ្រោះនៅមន្ទីរពេទ្យបង្អែក ព្រះនរោត្តម សីហនុត្បូងឃ្មុំ ។ តែដោយសារតែស្ថានភាពរបួសធ្ងន់ធ្ងរពេក ក៏ត្រូវបានបញ្ជូនបន្តទៅព្យាបាលនៅរាជធានីភ្នំពេញ រហូតមកដល់ព្រឹកថ្ងៃទី៣ ខែមីនានេះ ជនរងគ្រោះបានដឹងខ្លួន និងនិយាយបានវិញហើយ ដែលមានគូដណ្ដឹងទៅកំដរមើលថែទាំផងដែរ៕

nmr