ព័ត៌មានថ្មីៗ

សម្តេចតេជោ ហ៊ុន សែន៖ ថ្ងៃនេះកាលពី ៥២ឆ្នាំមុន ខ្ញុំចូលព្រៃតាមការអំពាវនាវរបស់សម្តេចព្រះបរមរតនកោដ្ឋ

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន ថ្លែងថា នៅថ្ងៃទី៤ ខែមេសានេះ កាលពី ៥២ឆ្នាំមុន ជាថ្ងៃដែលសម្តេចបានរត់ចូលព្រៃតាមការអំពាវនាវរបស់សម្តេចព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ដើម្បីធ្វើការតស៊ូប្រឆាំងជាមួយកងទ័ពលន់នល់។ បើតាមសម្តេចនៅថ្ងៃទី៤មេសានេះ ក៏ជាថ្ងៃខួបកំណើតទី២ របស់សម្តេចផងដែរ។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ទន្ទឹមនឹងការថ្លែងអំណរព្រះគុណ និងអរគុណ ព្រះមហាក្សត្រ និងសម្តេចម៉ែ ព្រមទាំងថ្នាក់ដឹកនាំ និងពលរដ្ឋ ដែលបានផ្ញើសារជូនពរសម្តេចនៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២២ ដោយចាត់ទុកជាថ្ងៃចម្រើនជន្មាយុគម្រប់៦៩ ឈានចូល៧០ឆ្នាំ សម្តេចក៏បានប្រកាសឲ្យដឹងដែរថា នៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២២នេះ គឺគម្រប់ខួប ៥២ឆ្នាំ ដែលសម្តេចបានរត់ចូលព្រៃតាមការអំពាវនាវរបស់សម្តេចព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ដើម្បីតស៊ូច្បាំងនិងកងទ័ពលន់នល់។ សម្តេចតេជោ ហ៊ុន សែន ថ្លែងដូច្នេះក្នុងឱកាសអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ផ្លូវ ៣៨ខ្សែ នៅក្នុងក្រុងសៀមរាប នាព្រឹកថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២២នេះ។
សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក់ថា គឺនៅថ្ងៃទី០៤ ខែមេសានេះហើយ ជាចំណុចចាប់ផ្តើមដែលកម្ពុជាបានធ្លាក់ចូលក្នុងសង្គ្រាមបន្ទាប់ពីរដ្ឋប្រហារថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០។ ទោះយ៉ាងណា សម្តេចតេជោ ក៏បានសម្តែងការដឹងគុណចំពោះបារមីទាំងឡាយនៅលើទឹកដីខេត្តសៀមរាបដែលបានជួយការពារអាយុជីវិតសម្តេច និងបានធ្វើឲ្យសម្តេចសម្រេចបេសកកម្មជាប្រវត្តិសាស្ត្រជូនជាតិនិងប្រជាជនកម្ពុជា ក្នុងការបញ្ចប់សង្គ្រាម និងនាំមកនូវការឯកភាពជាតិ។
គួរបញ្ជាក់ថា ទាក់ទងនឹងថ្ងៃកំណើតនេះ សម្តេចតេជោ ហ៊ុន សែន ធ្លាប់បានបញ្ជាក់ឲ្យដឹងថា កាលពី ៥២ឆ្នាំមុន គឺនៅថ្ងៃ៤ ខែមេសា ឆ្នាំ១៩៧០ សម្តេចចូលព្រៃម៉ាគីធ្វើការតស៊ូតាមការអំពាវនាវរបស់សម្តេចព្រះនរោត្តមសីហនុ ដើម្បីប្រឆាំងជាមួយពួកធ្វើរដ្ឋប្រហារខុសច្បាប់និងការឈ្លានពានរបស់បរទេស។ ពេលចូលដល់ជំរំក្នុងព្រៃជ្រៅមេដឹកនាំបានឲ្យសម្តេច និងក្រុមប្រហែលជាង ៣០០នាក់ ធ្វើប្រវត្តិរូប។ ដោយសារពុំចាំថ្ងៃខែកំណើត សម្តេចបានយកថ្ងៃទី៤ខែមេសា ដែលជាថ្ងៃចូលតស៊ូធ្វើជាថ្ងៃកំណើតតែម្តងគឺថ្ងៃ៤ មេសា ១៩៥២។ រហូតដល់ថ្ងៃ៨ ខែមករា ១៩៧៩ ទើបដូរឆ្នាំមក១៩៥១ វិញ។ សម្តេចបញ្ជាក់ថា បន្ទាប់ពីរំដោះកម្ពុជាចេញពីរបបប៉ុលពតថ្ងៃ៧ មករា ១៩៧៩ ថ្ងៃ៨ មករា ១៩៧៩ បានបង្កើតក្រុមប្រឹក្សាប្រជាជនបដិវត្តន៍កម្ពុជា ដែលជាឈ្មោះរដ្ឋាភិបាលនាពេលនោះឡើង។
សម្តេចត្រូវបានតែងតាំងជារដ្ឋមន្ត្រីក្រសួងការបរទេសក្នុងវ័យមិនទាន់គ្រប់ ២៧ឆ្នាំផង។ ការដូរពីឆ្នាំ១៩៥២ មក ១៩៥១ មានហេតុផលពីរ ទី១អ្នកវាយអង្គុលីលេខវាយខុស ហើយយកទៅផ្សព្វផ្សាយតាមវិទ្យុផ្សាយសម្លេងរួចទៅហើយ។ ទី២ សម្តេចមិនព្រមធ្វើការកែតម្រូវដោយសារអាយុជាង ២៦ឆ្នាំពិតជាក្មេងពេកប្រៀបជាមួយរដ្ឋមន្ត្រីផ្សេងទៀត ដែលមានអាយុសុទ្ធតែជាង៤០ ឬជាង ៥០ឆ្នាំ។
ពេលសម្តេចកាន់តំណែងជានាយករដ្ឋមន្ត្រីនៅថ្ងៃ១៤ មករា ១៩៨៥ សម្តេចក៏មិនព្រមកែទៀតដោយសារពេលនោះ សម្តេចក៏ទើបមានអាយុជាង ៣២ឆ្នាំ ដែលជានាយករដ្ឋមន្ត្រីក្មេងជាងគេនៅលើលោកនេះនាពេលនោះ។ ទាំងនេះ ជាការបំភ្លឺប្រវត្តិនៃថ្ងៃ៤ មេសា ដែលសម្តេចរក្សាទុកថ្ងៃនេះ ជាថ្ងៃកំណើតផ្លូវការ ព្រោះជាថ្ងៃដែលសម្តេចតាំងចិត្តចូលធ្វើកងទ័ពតាមការអំពាវនាវរបស់ព្រះបិតាជាតិ សម្តេចព្រះនរោត្តមសីហនុ៕
nmr