ព័ត៌មានជាតិ ព័ត៌មានថ្មីៗ

ប្រមុខរាជរដ្ឋាភិបាលបានគូសបញ្ជាក់ថា បើសិនចាក់វ៉ាក់សាំងកូវីដយកលុយនឹងបង្កើតឲ្យមានអំពើពុករលួយមិនខាន

រាជធានីភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានគូសបញ្ជាក់ថា បើការចាក់វ៉ាក់សាំងជំងឺកូវីដយកលុយនោះ នឹងធ្វើឲ្យមានអំពើពុករលួយកើតឡើងជាមិនខាន អីញ្ចឹងសម្តេចមិនអនុញ្ញាតឲ្យយកលុយជាដាច់ខាត ។

ក្នុងពិធីសំណេះសំណាលជាមួយក្រុមគ្រូពេទ្យសម្តេចតេជោប្រឆាំងកូវីដ-១៩ នាព្រឹកថ្ងៃទី១៧ ខែឧសភានេះ នៅសាលពិព័រណ៍ជ្រោយចង្វា រាជធានីភ្នំពេញ សម្តេចតេជោ ហ៊ុនសែន បានលើកឡើងថាមានបងប្អូនមួយចំនួនបានឲ្យយល់ថា ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ដូសទី១.២ មិនយកថ្លៃ ហើយចាក់ដូសទី៣ ទៅគួរតែយកថ្លៃ ។

សម្តេចបានលើកឡើងថា ៖«ខ្ញុំសូមប្រាប់ទៅវិញថា អត់ទេ !យកថ្លៃមកក៏មិនក្លាយជាអ្នកមានបានដែរ ទាំងថវិការបស់យើងក្តី ជំនួយក្តី ចាក់ជូនប្រជាពលរដ្ឋឲ្យមិនគិតថ្លៃ ហើយក៏គ្មានការរើសអើងណាមួយដែរទាំងបញ្ហានយោបាយ ទាំងជាតិសាសន៍ សាសនា តំបន់ទីក្រុង ជនបទ គឺទទួលបានដូចៗគ្នា ។ ចំណុចនេះហើយដែលជាជោគជ័យ បង្កើតភាពសាំក្នុងសហគមន៍ពីទីក្រុងដល់ជនបទ ហើយបង្កើតជំនឿទុកចិត្តចំពោះអ្នកផ្តល់ជំនួយផងដែរ» ។

សម្តេចបានគូសបញ្ជាក់ថា ៖«បើសាកល្បងចាក់វ៉ាក់សាំងយកលុយនោះនឹងបង្កើតឲ្យមានអំពើពុករលួយពេញទឹកពេញដីទេ ហើយចាក់មិនចេញទេ ។ ជួនកាលថា ចាក់មួយដូស១០ដុល្លារ ឬ១៥ដុល្លារ តែគាត់យកទៅចាក់តម្លៃ២០ដុល្លារ ឬ៣០ដុល្លារ អីចឹងអត់ទេសម្រាប់ខ្ញុំគឺច្បាស់កន្លែងនឹងមួយ» ។

ជាមួយគ្នានោះដែរ សម្តេចតេជោ បានអះអាងថា ទោះបីជាចាក់វ៉ាក់សាំងបង្ការជំងឺកូវីដរហូតដល់ដូសទី១០ ឬទី២០ក្តីក៏នៅតែមិនយកលុយជាដាច់ខាត ។ សម្តេចថា ៖«អត់យកទេ បើយើងយកពីប្រជាពលរដ្ឋគាត់កំពុងលំបាកហើយយើងធ្វើអីញ្ចឹង«…» គាត់អត់មានលុយតើគាត់មកចាក់ធ្វើម៉េ្តចកើត0x017d7 តាំងទៅខ្ចីលុយគេមកចាក់ ឬលុយសម្រាប់ទិញសៀវភៅឲ្យកូនរៀន ទិញឲ្យកូនជិះមកយកចាក់វ៉ាក់សាំងគឺអត់ទេ ពេលនេះមិនមែនជាពេលវេលាត្រូវយកលុយពីប្រជាជនទេ ផ្ទុយទៅវិញ គឺជាពេលវេលាដែលត្រូវជួយប្រជាជន» ។

សម្តេចបានលើកឡើងទៀតថា ក្រៅពីចាក់វ៉ាក់សាំង និងព្យាបាលជំងឺដោយមិនយកប្រាក់ ហើយរាជរដ្ឋាភិបាលត្រូវបញ្ចេញថវិកាប្រមាណជិត៤០លានដុល្លារក្នុងមួយខែ ដើម្បីចិញ្ចឹមប្រជាពលរដ្ឋ និងដោះស្រាយបញ្ហាកម្មករអត់មានការងារធ្វើ ដូច្នេះយើងត្រូវបន្តកិច្ចការងារនេះបន្តទៀត៕

nmr