ព័ត៌មានថ្មីៗ

ឧត្តមសេនីយ៍ឯក ស ថេត : កម្លាំងជាង ១ពាន់នាក់ ចូលរួមការពារសន្តិសុខនៅគ្រប់គោលដៅធ្វើចត្តាឡីស័ក និងគោលដៅមន្ទីរពេទ្យព្យាបាលជំងឺកូវីដ១៩

ភ្នំពេញៈ លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា ជុំវិញការងារបង្ការទប់ស្កាត់ជំងឺឆ្លងកូវីដ១៩ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រើប្រាស់កម្លាំងបានប្រើប្រាស់កម្លាំងជាង ១ពាន់នាក់ ចូលរួមការពារសន្តិសុខ រក្សាសណ្តាប់ធ្នាប់នៅគ្រប់គោលដៅធ្វើចត្តាឡីស័ក និងគោលដៅមន្ទីរពេទ្យព្យាបាលជំងឺកូវីដ១៩ យ៉ាងម៉ឺងម៉ាត់ ដើម្បីទប់ស្កាត់អ្នកជំងឺ រឺអ្នកធ្វើចត្តាឡីស័ក ដែលមានបំណងរត់គេចវេសមិនអនុវត្តតាមវិធានរបស់ក្រសួងសុខាភិបាល។
ការបញ្ជាក់របស់ស្នងការនគរបាលរាជធានីភ្នំពេញ បានធ្វើឡើងក្នុងពិធីទទួល និងប្រគល់ម៉ាស់ចំនួន ៣០ម៉ឺនម៉ាស់ពីសប្បុរសជន នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញកាលពីព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១។
លោកឧត្តមសេនីយ៍ឯក ស ថេត បានបន្តថា បានប្រើប្រាស់កម្លាំងចេញល្បាតតាមរថយន្តចុះត្រួតពិនិត្យគោលដៅ ធ្វើចត្តាឡីស័កនិងគោលដៅព្យាបាលជំងឺកូវីដ១៩ និងបានចូលរួមសហការជាមួយអាជ្ញាធរមូលដ្ឋានបង្ការទប់ស្កាត់ និងបង្រ្កាបទីតាំងក្លឹបកម្សាន្ត ខារ៉ាអូខេ ហាងផឹកស៊ី មិនអនុវត្តតាមវិធានរបស់ក្រសួងសុខាភិបាល ចូលរួមចែកម៉ាស់ និងផ្សព្វផ្សាយជូនប្រជាពលរដ្ឋនៅតាមផ្លូវសាធារណៈ នៅតាមសហគមន៍ពីផលប៉ះពាល់ជំងឺឆ្លងកូវីដ១៩ ហើយឱ្យនាំគ្នាចូលរួមបង្ការទប់ស្កាត់ជំងឺឆ្លងកូវីដ១៩នេះកុំឱ្យឆ្លងរាលដាលទៅចូលសហគមន៍ផ្សេងទៀត។
nmr