រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបង្កើតក្រុមការងារអន្តរក្រសួង ដើម្បីសិក្សារៀបចំបង្កើត និងដំឡើងកម្រិតច្រកទ្វារព្រំដែនគោក(កម្ពុជា-វៀតណាម) ហើយបើតាមអ្នកនាំពាក្យអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃថា នៅពេលនេះ ក្រុមការងារជំនាញបាននិងកំពុងសិក្សាច្រកទ្វារជាប់ព្រំដែនវៀតណាមមួយចំនួនទៀតដើម្បីដំឡើងជាច្រកទ្វារអន្តរជាតិ។
បើតាមនាយនាយឧត្តមសេនីយ៍ កែវ វណ្ណថន អគ្គនាយករង និងជាអ្នកនាំពាក្យអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានឲ្យBTV ដឹងនៅថ្ងៃទី២០ ខែមិថុនានេះថា បច្ចុប្បន្ន កម្ពុជា មានច្រកទ្វារព្រំដែនអន្តរជាតិជាប់ជាមួយប្រទេសវៀតណាម ដែលកំពុងដំណើរការ មានចំនួន ១១ប៉ុស្តិ៍ និងមានច្រកទ្វារព្រំដែនទ្វេរភាគីជាមួយប្រទេសវៀតណាមមានចំនួន ០៨ប៉ុស្តិ៍ ក្នុងនោះមានច្រកទ្វារមួយចំនួនទៀត កំពុងស្ថិតក្នុងការសិក្សាក្នុងការដំឡើងទៅជាច្រកទ្វារអន្តរជាតិ ហើយបាននិងកំពុងចរាចរណ៍ផ្លាស់ប្តូរដឹកទំនិញ និងមានភ្ញៀវជាតិអន្តរជាតិធ្វើដំណើរឆ្លងដែនចេញចូលយ៉ាងសកម្មភាព។
យ៉ាងណាក៏ដោយនៅកិច្ចប្រជុំក្រុមការងារអន្តរក្រសួងដើម្បីសិក្សា រៀបចំ បង្កើត និងដំឡើងកម្រិតច្រកទ្វារព្រំដែនគោកកម្ពុជា-វៀតណាម នៅទីស្តីក្រសួងមហាផ្ទៃ កាលពីពេលថ្មីនេះ ឯកឧត្តមសន្តិបណ្ឌិត សុខ ផល រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារអន្តរក្រសួងសិក្សា រៀបចំ បង្កើត និងដំឡើងកម្រិតច្រកទ្វារព្រំដែនគោកកម្ពុជា-វៀតណាម បានថ្លែងប្រាប់BTV បានថ្លែងថា នៅក្នុងអំឡុងពេលនេះ យើងបានទទួលសំណើរពីថ្នាក់ដឹកនាំបណ្តាខេត្តជាប់ព្រំដែនជាមួយប្រទេសវៀតណាម ហើយបាននិងកំពុងរៀបចំផែនការ លើកទិសដៅ សិក្សា រៀបចំ បង្កើត និងដំឡើងកម្រិតច្រកទ្វារព្រំដែនគោកកម្ពុជា-វៀតណាម ដើម្បីដាក់សំណើរជូនទៅរដ្ឋមន្ត្រីក្រសួងមហាផ្ទៃពិនិត្យ សម្រេច។
ឯកឧត្តមសន្តិបណ្ឌិត សុខ ផល បញ្ជាក់ថា យ៉ាងណាក៏ដោយ នៅក្នុងអំឡុងពេលនេះ រាជរដ្ឋាភិបាលបានសម្រេចដំឡើងច្រកទ្វារព្រំដែនកោះថ្ម ទៅជាច្រកទ្វារព្រំដែនអន្តរជាតិ ហើយនឹងបើកដំណើរការផ្លូវការនៅពេលឆាប់ៗនេះ ។
ឯកឧត្តម សុខ ផល ថ្លែងថា កន្លងមកមកនេះ កម្ពុជាមានច្រកទ្វារសំខាន់ៗចំនួនបីប្រភេទដែលបើកអោយពលរដ្ឋប្រទេសទាំងពីរធ្វើដំណើរឆ្លងដែនចេញចូលស្របច្បាប់ រួមមាន៖ ទី១ច្រកទា្វរព្រំដែនអន្តរជាតិ ទី២ ច្រកទ្វារព្រំដែនទ្វេរភាគីដែលអនុញ្ញាតអោយតែប្រជាពលរដ្ឋតែប្រទេសពីរកម្ពុជាវៀតណាមប្រើតែលិខិតឆ្លងដែនសម្រាប់ដែនចេញប្រកបរបរអាជីវកម្ម និងទី២ ច្រកទ្វាតំបន់។
សូមបញ្ជាក់ថា បច្ចុប្បន្នកម្ពុជា មានខេត្តនៅជាប់ព្រំដែនប្រទេសវៀតណាមចំនួន ១០រួមមាន៖ ខេត្តរតនៈគិរី ខេត្តមណ្ឌលគិរី ក្រចេះ ត្បូងឃ្មុំ ស្វាយរៀង ព្រៃវែង កណ្តាល តាកែវ កំពត និងខេត្តកែប។