ភ្នំពេញៈ ព្រះចៅធិការវត្តពាមជំនីក ពុទ្ធបរិស័ទ រាប់រយគ្រួសារ ដែលស្ថិតនៅ ក្នុងភូមិសង្វរ ឃុំកំពង់ហ្លួង ស្រុកពញាឮ ខេត្តកណ្តាល បានស្នើដល់ អាជ្ញាធស្រុក និងខេត្ត ជួយរកដំណោះស្រាយ ខណៈមានជនខិលខូច ចង់យកដី គរុភ័ណ្ឌវត្ត យកទៅធ្វើកម្មសិទ្ធិផ្ទាល់ របស់ខ្លួន ហើយចង់លុបផ្នូរដូនតា របស់ប្រជាពលរដ្ឋ ចោល ថែមទាំងបង្កើតរឿងអធិករណ៍ ដល់ព្រះចៅអធិការវត្ត ថាមានរឿងអាស្រូវ ជាមួយស្ត្រីភេទថែមទៀត។
ពុទ្ធបរិស័ទ និងព្រះចៅអធិការវត្ត ខាងលើនេះ បានថ្លែងថាៈ ស្ត្រីម្នាក់ដែលរស់នៅ ភូមិក្បែរវត្ត ហើយចង់យកដីគរុភ័ណ្ឌរបស់វត្ត ទៅធ្វើជាកម្មសិទ្ធិរបស់ខ្លួន ខណៈដីនេះ ត្រូវបានព្រះចៅ អធិការវត្ត អនុញ្ញាតឲ្យពុទ្ធបរិស័ទ សម្រាប់ធ្វើដំណើរ និងទីបញ្ចុះសពរបស់ពុទ្ធបរិស័ទ ចំណុះជើងវត្ត ប៉ុន្តែបុគ្គលខាងលើនេះ បែរជាចង់លុបផ្នូររបស់ដូនតាគេចោល ហើយចង់យក ធ្វើជាកម្មសិទ្ធិ (ធ្វើផ្លូវ) ទៅកាន់ដីរបស់ខ្លួនផ្ទាល់ទៅវិញ។
ព្រះចៅអធិការ និងពុទ្ធបរិស័ទ បានបញ្ជាក់បន្ថែមទៀតថាៈ បន្ទាប់ពីចង់បានដី របស់វត្ត ហើយត្រូវបាន ព្រះចៅអធិការ និងពុទ្ធបរិស័ទ តវ៉ា បែរជាស្ត្រីខាងលើនេះ បង្កើតរឿងអាស្រូវ ដល់ព្រះចៅអធិការ ដោយចោទប្រកាន់ ព្រះចៅអធិការ ថាមានស្រីមានកូនទៅវិញ ដោយសារតែខឹង ព្រះចៅអធិការ មិនព្រមធ្វើតាមខ្លួន ដែលចង់លុបផ្នូរដូនតារបស់ពុទ្ធបរិស័ទ ចំណុះជើងវត្តនោះ។ ក្រោយបង្កើតរឿង អធិករណ៍ដាក់ព្រះសង្ឈ និងពុទ្ធបរិស័ទ ចំណុះជើងវត្ត ស្ត្រីរូបនេះ ក៏បានប្តឹង ព្រះចៅអធិការ ទៅសាលាដំបូងខេត្តកណ្តាល ពីបទបរិហាកេរ្តិ៍ផងដែរ ដោយសារ តែខឹងនឹងព្រះចៅអធិការ មិនព្រមឲ្យដីនោះទៅគេ។
ទាក់ទងនឹងករណីនេះ មេឃុំកំពង់ហ្លួង បានថ្លែងថាៈ អ្នកស្រី មិនសូវដឹងស៊ីជម្រៅ នោះទេ ទាក់ទងនឹងដីនេះ ខណៈអ្នកស្រី និងលោកអភិបាលស្រុកពញាឮ ធ្លាប់ចុះមកមើលម្តងហើយ ប៉ុន្តែអ្នកស្រី មិនទាន់ដឹងច្បាស់ថា ដីជារបស់គរុភ័ណ្ឌវត្ត ឬរបស់បុគ្គល ដែលបានអះអាង ខាងលើនោះទេ ដោយទុកករណីនេះ ឲ្យថ្នាក់លើ ដោះស្រាយ។
ចំណែកព្រះចៅអធិការវត្ត និងពុទ្ធបរិស័ទ ក៏បានស្នើឲ្យអាជ្ញាធរស្រុក ខេត្ត ជួយរកយុត្តិធម៌ ដល់ព្រះអង្គ និងពួកគាត់ ខណៈស្ត្រីឈ្មោះ សៀង រ៉េន បានបង្កើតរឿងចោទប្រកាន់ ព្រះចៅអធិការវត្ត ថាមានរឿងអាស្រូវ ជាមួយស្រី និងបានលក់របស់គរុភ័ណ្ឌវត្ត ដែលការចោទ ប្រកាន់នេះ បានធ្វើឲ្យកិត្តិនាមរបស់ ព្រះចៅអធិការវត្ត និងខូចដល់តម្លៃព្រះពុទ្ធសាសនា ផងដែរ៕