រាជធានីភ្នំពេញ ៖ បុរស២នាក់បងប្អូន ត្រូវបានកម្លាំងនគរបាលខណ្ឌឬស្សីកែវ សហការជាមួយនគរបាលស្រុកកំពង់ត្របែក ខេត្តព្រៃវែង ឃាត់ខ្លួនពីបទរំលោ.ភលើទំនុកចិត្ត បន្ទាប់ពីស៊ីឈ្នួលដឹកគ្រឿងចក្រអេស្កាវ៉ាទ័រ ពីឃ្លាំងនៅសង្កាត់ទួលសង្កែទី២ ទៅខេត្តរតនៈគីរី បែរជាគេចខ្លួនបាត់មួយរយៈប្រុងស៊ីដាច់តែម្តង។
ជនសង្ស័យរូបនោះ ១- ឈ្មោះ រិន រស្មី ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរជួលរថយន្តដឹកគ្រឿងចក្រ និង២- ឈ្មោះ រិន រក្សា ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរជាកម្មករដឹកគ្រឿងចក្រ។ ជនទាំង២នាក់បងប្អូន ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន កាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២២ បន្ទាប់ពីតាមរកឃើញជនសង្ស័យទាំង២នាក់ រួមនឹងវត្ថុតាង នៅភូមិគ្រើល ឃុំអន្សោង ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។ ចំណែកជនរងគ្រោះមានឈ្មោះ ស៊ុ លីស្រេង ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរ លក់គ្រឿងចក្រ ។
តាមសមត្ថកិច្ចបានអោយដឹងថា តាំងពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២ ជនរងគ្រោះបានជួលអោយជនសង្ស័យឈ្មោះ រិន រស្មី ដឹកអេស្កាវ៉ាទ័រមួយគ្រឿង ចេញពីឃ្លាំងលក់គ្រឿងចក្រ នៅចំណុចផ្លូវ៥៩៨ ក្រុមទី៣ ក្នុងភូមិទួលពពែរ សង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទៅខេត្តរតនៈគិរី ក្នុងតម្លៃ៦០០ដុល្លារ ហើយនៅពេលនោះជនសង្ស័យឈ្មោះ រិន រស្មី បានអោយប្អូនប្រុសម្នាក់ទៀតមានឈ្មោះ រិន រក្សា ជាអ្នកដឹកទៅ។
ប្រភពដដែលបន្តថា លុះរហូតដល់ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២២ ជនរងគ្រោះក៏បានទាក់ទងជនសង្ស័យ២នាក់ តែទាក់ទងមិនបាន ហើយក៏បានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលទួលសង្កែទី២ ព្រមទាំងនាំគ្នាតាមរក ស្រាប់តែប្រទះឃើញជនសង្ស័យ រួមនឹងវត្ថុតាងនៅស្រុកកំពង់ត្របែក ខេត្តព្រៃវែង ហើយក៏បានរាយការណ៍ដល់សមត្ថកិច្ចមូលដ្ឋាន ឱ្យឃាត់ខ្លួន ព្រមទាំងដកហូតវត្ថុតាង រថយន្តមួយគ្រឿងសម្រាប់ដឹកអេស្កាវ៉ាទ័រ ម៉ាកហ៊ីនយ៉ាន់ដាយ ពាក់ផ្លាកលេខ 3A-1651 ដែលជារបស់ឈ្មោះ រិន រស្មី និងអេស្កាវ៉ាទ័រ ម៉ាក Mitsubishi ប្រភេទដេ០២ ចំនួនមួយគ្រឿងជារបស់ជនរងគ្រោះផងដែរ។
បច្ចុប្បន្ន ជនសង្ស័យ រួមទាំងវត្ថុតាង ត្រូវបាននគរបាលបញ្ជូនមកកាន់អធិការដ្ឋានខណ្ឌឬស្សីកែវ ដើម្បីចាត់ការតាមច្បាប់៕