ជីវិតនិងសង្គម ព័ត៌មានជាតិ ព័ត៌មានថ្មីៗ

ពលរដ្ឋអាចទាក់ទងតាមលេខទូរស័ព្ទ និងតេឡេក្រាម ស្វែងរកកាតវ៉ាក់សាំងចាក់ដោយក្រសួងការពារជាតិ

ប្រជាពលរដ្ឋដែលបានចាក់វ៉ាក់សាំងជាមួយក្រុមគ្រូពេទ្យទាហ៊ានជាច្រើន តាំងពីជាង ១ឆ្នាំមុន គឺមិនទទួលបានកាតគ្រប់គ្នានោះទេ គិតត្រឹមពេលនេះ។ ពាក់ព័ន្ធនឹងចំណុចនេះ ក្រុមការងារនៃក្រសួងការពារជាតិ ក៏បានដាក់ឱ្យប្រើប្រាស់នូវលេខទូរស័ព្ទចំនួន ៥ខ្សែ និងប្រព័ន្ធតេឡេក្រាម ដែលអនុញ្ញាតឱ្យប្រជាពលរដ្ឋ ទាក់ទងសួរពីទីតាំងទៅទទួលកាតចាក់វ៉ាក់សាំងរបស់ខ្លួន។
ក្រុមការងារនៃក្រសួងការពារជាតិ បានបង្កើតនូវប្រព័ន្ធទូរស័ព្ទចំនួន ៥ខ្សែ ដែលប្រជាពលរដ្ឋ ពុំទាន់ទទួលបានកាតចាក់វ៉ាក់សាំង អាចសាកសួរពីទីតាំងទៅទទួលកាតរបស់ខ្លួន។ លេខទូរស័ព្ទទាំង ៥ខ្សែនេះ រួមមាន លេខទី១ ០៧០ ៨៥៨ ៧៥០ លេខទី ២គឺ ០១៦ ២៣៨ ៥៨៧ លេខទី៣ គឺ ០៩៧ ៩៨៧ ៧៣៨៣ លេខទី៤គឺ ០១២ ៣៩៤ ០៣៦ និងលេខទី ៥ គឺលេខ ០៧០ ៦១១ ៩៦០។ ចំពោះលេខទូរស័ព្ទទាំង ៥ខ្សែនេះ គឺអាចទាក់ទងសាកសួរបាន រៀងរាល់ថ្ងៃម៉ោងធ្វើការ។ ក្រៅពីលេខទូរស័ព្ទទាំង ៥ខ្សែនេះ ប្រជាពលរដ្ឋក៏អាចទាក់ទងសួរតាមប្រព័ន្ធ តេឡេក្រាមតាមរយៈការស្គេន QR CODEខាងក្រោមផង។ នេះជាការបញ្ជាក់របស់លោក ឧត្តមសេនីយ៍ទោ កុសល សុវណ្ណវិសាល នាយកនៃនាយកដ្ឋានបញ្ជូនសារ ក្រសួងការពារជាតិ។
ពាក់ព័ន្ធនឹងរឿងកាតវ៉ាក់សាំងនេះ សម្រាប់ទីតាំងខណ្ឌដង្កោ ក៏នៅសល់កាតជាច្រើនម៉ឺនកាត ពុំទាន់មានម្ចាស់មកទទួលយកផងដែរ។ ការផ្ដល់កាតវ៉ាក់សាំងនេះ គឺមានមន្រ្តីកងរាជអាវុធហត្ថ និងមន្រ្តីសាលាខណ្ឌដង្កោ រង់ចាំបម្រើសេវាផ្ដល់កាតជារៀងរាល់ថ្ងៃ រៀងរាល់ម៉ោងធ្វើការ។ តាមការបញ្ជាក់របស់កញ្ញា កែវ សម្ផស្ស ជាក្រុមការងារផ្ដល់កាតវ៉ាក់សាំងលើកឡើងថា ចំនួនប្រជាពលរដ្ឋមកទទួលកាតរាល់ថ្ងៃ គឺមានចំនួនតិចតួចត្រឹមប្រមាណ ១០ទៅ ២០នាក់ក្នុងមួយថ្ងៃតែប៉ុណ្ណោះ។
កញ្ញាបន្តថា ក្រុមការងារព្យាយាមទាក់ទងតាមលេខទូរស័ព្ទក្នុងកាតនីមួយៗ តែលេខទូរស័ព្ទខ្លះទាក់ទងពុំចូល ឯខ្លះទៀតទាក់ទងចូលហើយ តែមិនមកទទួលយកកាត។
សម្រាប់ការផ្ដល់កាតវ៉ាក់សាំងនេះ ក៏អនុញ្ញាតឱ្យមកបើកទទួលយកជំនួសបានដែរ ដោយត្រូវភ្ជាប់ជាមួយ ចុងសន្លឹក និងអត្តសញ្ញាណប័ណ្ណ។ ករណីបាត់ចុងសន្លឹក គឺអាចភ្ជាប់ជាមួយ អត្តសញ្ញាណប័ណ្ណ ក៏បាន។នេះជាការបញ្ជាក់របស់ ក្រុមការងារចែកកាតវ៉ាក់សាំងនៅ ទីតាំងសាលាខណ្ឌដង្កោ។ ការមកទទួលយកកាតវ៉ាក់សាំងនេះ គឺមិនទាមទារឱ្យប្រជាពលរដ្ឋ ត្រូវចំណាយថវិកានោះទេ៕
nmr