ជីវិតនិងសង្គម ព័ត៌មានជាតិ ព័ត៌មានថ្មីៗ

ពលរដ្ធបាន កែសម្រួលរុះរើសំយាប ផ្ទាំងប៉ាណូពាណិជ្ជកម្ម គ្រប់ប្រភេទចេញ អនុញ្ញាតិត្រឹមតែ ១ភាគ ៣នៃខឿនផ្លូវមុខ ឬចំហៀងផ្ទះ និងមានកម្ពស់ស្មើៗគ្នា តាមការ ណែនាំរបស់អាជ្ញាធរ

បាត់ដំបងៈ ដល់ថ្ងៃបញ្ចប់ឱសានវាទ ប្រជាពលរដ្ឋរស់នៅក្នុងតំបន់អភិរក្ស ក្រុងបាត់ដំបង ជិត ១០០% ចូលរួមរុះរើសំយាបមុខផ្ទះ ដើម្បីលើកកម្ពស់សណ្តាប់ធ្នាប់ និងសោភ័ណភាព តំបន់បេតិកភ័ណ្ឌក្រុង។
កម្លាំងបញ្ជាការកងឯកភាពខេត្ត បានបញ្ជាក់ឲ្យដឹងនៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២២ នេះថាៈ ក្រោយការជូនដំណឹងជាសាធារណៈជាបន្តបន្ទាប់ និងច្រើនថ្ងៃ រហូតដល់ថ្ងៃកំណត់ ថ្ងៃទី១ ខែសីហា នេះ បងប្អូនប្រជាពលរដ្ឋ ភាគច្រើន ជាអ្នកលក់ដូរ មានការភ្ញាក់រលឹក ចូលរួមរុះរើ សំយាបមុខផ្ទះរបស់ពួកគាត់ រៀងៗខ្លួន ដោយមានស្មាតីសហការខ្ពស់។
ប្រភពដដែល បានបន្ថែមថាៈ ក្រៅពីបងប្អួនប្រជាពលរដ្ឋ ដែលបានចូលរួមរុះរើខាងលើ ពលរដ្ឋ ជាម្ចាស់លំនៅឋាន មួយចំនួនទៀត បានស្នើសុំពន្យារពេល ត្រឹមរយ:ពេលខ្លី ដោយសារពួកគាត់ រកជាងមិនទាន់បាន។
លោក ផេង សិទ្ធី អភិបាលក្រុងបាត់ដំបង បានបញ្ជាក់ជុំវិញការរៀបចំ តំបន់អភិរក្សនេះថាៈ ការរៀបចំតំបន់អភិរក្សនេះ ដើម្បីលើកកម្ពស់សណ្តាប់ធ្នាប់ សោភ័ណភាព និងបរិស្ថាន ឲ្យបានល្អប្រសើរ ទាក់ទាញភ្ញៀវទេសចរជាតិ អន្តរជាតិ ឲ្យចូលមកលេងកម្សាន្ត ក្នុងទឹកដីវប្បធម៌ ប្រវត្តិសាស្ត្រ ប្រកបដោយសក្តានុពល របស់យើងទាំងអស់គ្នា ពិសេស សំដៅការប្រកួតប្រជែងជាសកល នៅលើឆាកអន្តរជាតិ។
ការកែសម្រួលតាមគំរូ និងគោលការណ៍ណែនាំរបស់រដ្ឋបាល ខេត្តបាត់ដំបងនេះ អនុវត្តន៍ ទៅលើលំនៅឋានបុរាណ ត្រង់ចំណុចផ្លូវខេត្តលេខ១កន្លះ, ផ្លូវលេខ២, ផ្លូវលេខ២កន្លះ, ផ្លូវខេត្តលេខ៣ និងកំណាត់ផ្លូវកាត់ទទឹងមួយចំនួនទៀត ក្នុងរង្វង់តំបន់អភិរក្ស ចាប់ពីចំណុចវត្តពិភិទ្ធារាម ដល់វត្តដំរី ស ក្នុងភូមិសាស្ត្រក្រុងបាត់ដំបង ខេត្តបាត់ដំបង ដោយក្នុងនោះ កែសម្រួលឲ្យរុះរើសំយាប ផ្ទាំងប៉ាណូពាណិជ្ជកម្ម គ្រប់ប្រភេទចេញ អនុញ្ញាតិត្រឹមតែ ១ភាគ ៣នៃខឿនផ្លូវមុខ ឬចំហៀងផ្ទះ និងមានកម្ពស់ស្មើៗគ្នា តាមការកំណត់របស់ក្រុមការងារ៕

   

nmr