រាជធានីភ្នំពេញ ៖ ជនសង្ស័យ៣នាក់បានធ្វើសកម្មភាពលួចម៉ូតូ១គ្រឿងរួចសែងលើករំលងរបងផ្ទះជួលមួយកន្លែង បន្ទាប់មកបានជិះទៅឈប់នៅមុខហាងបាយមួយកន្លែង ដើម្បីទិញបាយហូប។ក្រោយមកត្រូវបានម្ចាស់ម៉ូតូប្រទះឃើញក៏បានស្រែកឆោឡោបង្កឲ្យមានការភ្ញាក់ផ្អើលដល់អ្នកជិតខាងជួយឡោមព័ទ្ធ និងចាប់ខ្លួនបានម្នាក់ ចំណែកបក្ខពួក២នាក់ទៀតគេចខ្លួនបាត់។
ហេតុការណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង៨និង១៥នាទីព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២ នៅតាមផ្លូវបេតុង ខាងលិចផ្សារព្រៃទា ស្ថិតនៅក្នុងភូមិព្រៃទា១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
ជនសង្ស័យដែលត្រូវម្ចាស់ម៉ូតូ និងអ្នកភូមិចាប់ខ្លួនបាននោះឈ្មោះ គីម តឿ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរជាងជួសជុលម៉ូតូ នៅភូមិសាស្ត្រសង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក ។សព្វថ្ងៃស្នាក់នៅភូមិព្រៃទា២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិសែនជ័យ និងមានស្រុកកំណើត ភូមិប៉ឺស២ ឃុំប៉ឺស២ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ដោយឡែកបក្ខពួក២នាក់ទៀតរត់គេចខ្លួនបាត់ ។ រីឯស្ត្រីដែលជាម្ចាស់ម៉ូតូឈ្មោះ ថុន ស្រីលីន អាយុ២៨ឆ្នាំ មុខរបរកម្មការិនីរោងចក្រ មានប្តីឈ្មោះ យឹម យ៉ាន់ អាយុ៣២ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅបន្ទប់ជួលជាន់ទី១ ភូមិព្រៃទា១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិសែនជ័យ និងមានស្រុកកំណើត ភូមិស្ទឹងរាង ឃុំគងជ័យ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ។
ម្ចាស់ម៉ូតូខាងលើបាននិយាយថា នៅវេលាយប់ថ្ងៃទី១១ ខែកក្កដា គាត់បានទុកម៉ូតូម៉ាកហុងដាវ៉េវ ពណ៌ក្រហម ពាក់ស្លាកលេខ ស្វាយរៀង 1C-1492 នៅខាងក្រោម រួចឡើងទៅដេកនៅក្នុងបន្ទប់ជាន់ទី១ហើយក៏លង់លក់រហូតដល់ភ្លឺ ។ លុះដល់វេលាម៉ោង៦និង៣០នាទីព្រឹកថ្ងៃទី១២ ខែកក្កដា ពេលចុះពីលើផ្ទះ ដើម្បីយកម៉ូតូជិះទៅធ្វើការ ស្រាប់តែបាត់មិនឃើញដោយពុំដឹងថាចោរលួចយកទៅបាត់តាំងពីពេលណាឡើយ។
តាមប្រភពដដែលបានប្រាប់ឲ្យដឹងបន្តទៀតថា ពេលនោះគាត់ក៏បានហៅម៉ូតូឌុបដើម្បីជិះទៅសុំច្បាប់រោងចក្រឈប់សម្រាក១ថ្ងៃដើរស្វែងរកម៉ូតូ លុះពេលសុំច្បាប់រួចជិះស្វែងរកម៉ូតូ ស្រាប់តែប្រទះឃើញម៉ូតូរបស់គាត់និងជនសង្ស័យកំពុងស្ថិតនៅមុខហាងបាយមួយកន្លែងនៅខាងលិចផ្សារព្រៃទា ។ ភ្លាមៗនោះគាត់ក៏ស្រែកឆោឡោបង្កឲ្យមានការភ្ញាក់ផ្អើលដល់អ្នកភូមិជួយឡោមព័ទ្ធចាប់បានជនសង្ស័យម្នាក់ឈ្មោះគីម តឿ រួចប្រគល់ជូននគរបាលប៉ុស្តិ៍ចោមចៅទី៣ធ្វើការសាកសួរ ចំណែកឯបក្ខពួក២នាក់ទៀតរត់គេចខ្លួនបាត់ស្រមោល។
ក្រោយពេលចាប់ខ្លួន ជនសង្ស័យរូបនេះបានសារភាពប្រាប់នគរបាលថា នៅវេលាម៉ោង៤ជិតភ្លឺ ថ្ងៃទី១២ ខែកក្កដា បក្កខពួក២នាក់ទៀត បានចូលទៅធ្វើសកម្មភាពលួចម៉ូតូ១គ្រឿងខាងលើ។លុះក្រោយពេលលួចបានដោយសារតែទ្វាររបងជាប់សោពុំអាចអូសចេញបាន ក៏នាំគ្នាលើកម៉ូតូផ្លោះរំលងរបងចេញក្រៅរួចជិះចេញគេចខ្លួន ។ បន្ទាប់មកបានជិះទៅកាន់ហាងបាយខាងលើដើម្បីរកទិញបាយហូប ហើយជាសំណាងអាក្រក់ម្ចាស់ប្រទះឃើញក៏ចាប់ខ្លួនតែម្ដង។
ក្រោយពេលកើតហេតុ នគរបាលប៉ុស្តិ៍ចោមចៅទី៣ កំពុងសាកសួរនិងកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញចាត់ការតាមច្បាប់ ៕