ខេត្តកំពង់ចាម ៖ នៅព្រឹកថ្ងៃទី១៩ កក្កដា ឯកឧត្ដមអ៊ុន ចាន់ដា អភិបាលខេត្តបានអញ្ជើញចុះពិនិត្យដោយផ្ទាល់និងបានណែនាំឲ្យក្រុមហ៊ុនទាំងអស់ ត្រូវតែគោរពកិច្ចសន្យាដែលមាននៅក្នុងអាជ្ញាប័ណ្ណរបស់ក្រសួងរ៉ែនិងថាមពល បានផ្ដល់ជូន ចៀសវាងមិនត្រូវបូមនៅក្រៅតំបន់ដែលបានកំណត់នោះទេ ដើម្បីចៀសវាងកុំឱ្យមានការបាក់ឬស្រុតច្រាំងទន្លេ ៕
មានក្រុមហ៊ុនចំនួន១២ ទទួលអាជ្ញាប័ណ្ណពីក្រសួងកំពុងតែប្រតិបត្តិការបូមខ្សាច់នៅក្នុងឃុំមានជ័យ ស្រុកស្រីសន្ធរ ។ ជាមួយនោះ អាជ្ញាធរបានដាក់មន្ត្រីជាច្រើននាក់ ប្រចាំការ២៤ ម៉ោងលើ២៤ម៉ោង ដើម្បីតាមដានមើលពីសកម្មភាពបូមខ្សាច់ ក្រែងបូមខុសតំបន់បណ្ដាលអោយបាក់ច្រាំងទន្លេប្រការនេះ ត្រូវបានបញ្ចៀសមិនឲ្យមាន ។
លោកស៊ីម គង់ អភិបាលស្រុកស្រីសន្ធរឱ្យដឹងថា ឯកឧត្ដមអ៊ុន ចាន់ដា អភិបាលខេត្ត ឯកឧត្តមខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំងមន្ត្រីជំនាញបានអញ្ជើញចុះមកពិនិត្យដោយផ្ទាល់ហើយ នៅភូមិមាន់ដប់ ឃុំមានជ័យ ស្រុកស្រីសន្ធរ កាលពីព្រឹកថ្ងៃទី១៩ កក្កដា ឆ្នាំ២០២២ ដើម្បីពិនិត្យមើលសកម្មភាពបូមខ្សាច់របស់ក្រុមហ៊ុននីមួយៗបានធ្វើឡើងដោយត្រឹមត្រូវដែរឬទេ?
អភិបាលស្រុកស្រីសន្ធរបន្តថា ជាមួយនោះ ឯកឧត្តមអភិបាលខេត្ត បានចាត់ឲ្យមន្ត្រីក្រោមឱវាទជាច្រើននាក់ចាំត្រួតពិនិត្យ ធ្វើយ៉ាងណាឲ្យក្រុមហ៊ុនទាំងអស់ ត្រូវគោរពតាមច្បាប់ ដែលក្រសួងរ៉ែនិងថាមពលបានកំណត់។ កន្លងទៅ ធ្លាប់មានក្រុមហ៊ុនខ្លះបានបូមខ្សាច់ខុសម៉ោងកំណត់ហើយត្រូវបានហៅមកណែនាំមិនឲ្យមានបែបនេះបន្តទៀត។
គួររំលឹកថា ច្រាំងទន្លេនៅក្នុងឃុំឬស្សីស្រុក និងឃុំកោះអណ្ដែត កន្លងទៅបានបាក់ជាបន្តបន្ទាប់ដោយសារគ្រោះធម្មជាតិ ក្រោមការយកចិត្តទុកដាក់ពីសំណាក់ឯកឧត្ដមអ៊ុន ចាន់ដា អភិបាលខេត្តបានឲ្យមន្ត្រីជំនាញ ធ្វើឡើងតាមបច្ចេកទេសបានបូមខ្សាច់ច្រកបាវទប់នៅតាមច្រាំងទន្លេមេគង្គ ដែលមានប្រវែងជិត២០០០ម៉ែត្រ រួចរាល់ជាស្ថាពរហើយក្នុងរដូវវស្សានេះមិនមានការបាក់ច្រាំងណានោះទេ ។ ដោយកន្លែងខ្លះបាននាំល្បាប់ភក់ដុះច្រាំងឡើងវិញ ហើយប្រជាពលរដ្ឋកលែងព្រួយបារម្ភទៀតដែរ។
លោកលី ចាន់ធី ប្រធានមន្ទីររ៉ែ និងថាមពលខេត្តវិញ បានឲ្យដឹងដែរថា ក្រោយពីទទួលការណែនាំពីសំណាក់ឯកឧត្តមអភិបាលខេត្ត នៅថ្ងៃទី២៧ មិថុនាឆ្នាំ២០២២ មន្ត្រីក្រោមឱវាទជាច្រើននាក់ បានសហការជាមួយអាជ្ញាធរមូលដ្ឋានបានចុះមកប្រចាំការត្រួតពិនិត្យមើលអាជីវកម្មបូមខ្សាច់ទាំង១២ ក្រុមហ៊ុនដែលកំពុងប្រតិបត្តិការនៅឃុំមានជ័យ ស្រុកស្រីសន្ធរ។