អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា(អគរ)បានឱ្យដឹងថា គិតចាប់ពីថ្ងៃទី០១ ខែកក្កដា រហូតដល់ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២២ មានម្ចាស់រថយន្តគ្មានពន្ធមានស្រាប់ក្នុងប្រទេសដែលនៅសេសសល់ បានចូលខ្លួនមកចុះបញ្ជីរថយន្ត និងបង់ពន្ធនិងអាករជាបន្តបន្ទាប់។ ក្នុងនោះមានរថយន្តចង្កូតស្តាំដែលត្រូវបានចុះបញ្ជីសរុបចំនួន២,០៦០គ្រឿង ម្ចាស់បានបង់ពន្ធនិងអាកររួចរាល់មានចំនួន១,០២៩គ្រឿង និងនៅសល់ក្នុងបញ្ជីពុំទាន់បានបង់ពន្ធនិងអាករចំនួន១,០៣១គ្រឿង។ រថយន្ដចូលមកបង់ពន្ធមានរថយន្តចង្កូតឆ្វេង ដែលត្រូវបានអនុញ្ញាតឱ្យចូលមកបំពេញកាតព្វកិច្ចពន្ធ និងអាករដោយមិនរងពិន័យចំនួន១៥គ្រឿង។
បើយោងតាមអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា (អគរ) បានបញ្ជាក់ទៀតថា ក្នុងចំណោមរថយន្តទាំងចង្កូតស្តាំ និងឆ្វេងដែលចូលមកបង់ពន្ធ និងអាករខាងលើនេះ គឺទទួលបានថវិការចំនួន១៧.៧៩ ប៊ីលានរៀល(ប្រមាណជា ៤.៣៥ លានដុល្លារអាមេរិក)។
ដោយអនុលោមតាមប្រសាសន៍របស់សម្ដេចតេជោនាយករដ្ឋមន្រ្តីស្តីពី ការអនុញ្ញាតឱ្យប្រមូលពន្ធនិងអាករលើរថយន្តចង្កូតស្ដាំគ្មានពន្ធមានស្រាប់ក្នុងប្រទេសដែលនៅសេសសល់ដោយពុំតម្រូវឱ្យកែចង្កូត និងការអនុញ្ញាតឱ្យបន្តប្រមូលពន្ធនិងអាករលើរថយន្តចង្កូតឆ្វេងគ្មានពន្ធមានស្រាប់ក្នុងប្រទេសដែលនៅសេសសល់ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាបានបន្ថែមកម្លាំងមន្ត្រីគយនិងរដ្ឋាករចុះប្រចាំការយ៉ាងម៉ឺងម៉ាត់និងខ្ជាប់ខ្ជួន ដើម្បីបង្ការនិងទប់ស្កាត់ការលួចនាំចូលឬប៉ុនប៉ងនាំចូលរថយន្តខុសច្បាប់។ បើតាមអគ្គនាយកដ្ឋានគយ បច្ចុប្បន្ននេះមិនមានបទល្មើសនៃការនាំចូលរថយន្តខុសច្បាប់ចូលមកក្នុងប្រទេសកម្ពុជាទៀតទេ។
ជាមួយគ្នានេះ អគ្គនាយកដ្ឋានគយក៏បានក្រើនរំលឹកទៅកាន់ម្ចាស់ និងអ្នកកាន់កាប់រថយន្តចង្កូតស្ដាំគ្មានពន្ធមានស្រាប់ក្នុងប្រទេសដែលនៅសេសសល់ត្រូវរួសរាន់ទៅបង់ពន្ធនិងអាករ ឬស្នើសុំចុះបញ្ជីជារថយន្តចង្កូតស្ដាំគ្មានពន្ធមានស្រាប់ក្នុងប្រទេសនៅអង្គភាពគយ និងរដ្ឋាករឱ្យបានឆាប់បំផុត ឬយ៉ាងយូរមុនថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២២ ដើម្បីជៀសវាងការអនុវត្តវិធានការបង្ក្រាបនិងរឹបអូសដោយមន្ត្រីគយនិងរដ្ឋាករមានសមត្ថកិច្ចស្របតាមច្បាប់និងបទប្បញ្ញត្តិជាធរមាន។
កាលពីថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២២កន្លងទៅ ប្រមុខរដ្ឋាភិបាលកម្ពុជា សម្តេចនាយករដ្ឋមន្រ្តីហ៊ុន សែន បានយល់ព្រមតាមសំណូមពរប្រជាពលរដ្ឋ និងបានអនុញ្ញាតឱ្យរថយន្តចង្កូតស្ដាំអត់ពន្ធ ដែលមានស្រាប់នៅក្នុងប្រទេស អាចចូលបង់ពន្ធបានដោយមិនចាំបាច់ប្ដូរចង្កូតពីស្តាំទៅឆ្វេងនោះទេ៕