ជីវិតនិងសង្គម ព័ត៌មានជាតិ ព័ត៌មានថ្មីៗ

ផ្លូវល្បឿនលឿន ឆ្នាំទី១ ឆ្នាំតំបូង យកតិចជាង៨សេន ឡានមាន ៥ប្រភេទ ប្រភេទឡានទេសចរណ៍ (ឡានតូច) យក ១២ដុល្លារក្នុងមួយជើង និងចំពោះឡានធំ (ឡានដឹកទំនិញធុនធំ) យក៦០ដុល្លា

ព្រះសីហនុ៖ នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញដឹកនាំក្រុមអ្នកបច្ចេកទេសក្រសួងចុះពិនិត្យវឌ្ឍនភាពការងារគម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះស៊ីហនុ ដោយមានការអញ្ជើញចូលរួមពីតំណាងក្រុមហ៊ុនសាងសង់ ក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស និងភាគីពាក់ព័ន្ធផងដែរ។

ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងបញ្ជាក់ថា សម្រាប់តម្លៃនៃការជិះលើផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ នៅក្នុងឆ្នាំទី១ ដែលជាឆ្នាំតំបូង យកតិចជាង៨សេន និងទៅតាមប្រភេទឡានដែលមាន ៥ប្រភេទ ក្នុងនោះប្រភេទឡានទេសចរណ៍ (ឡានតូច) យក ១២ដុល្លារក្នុងមួយជើង និងចំពោះឡានធំ (ឡានដឹកទំនិញធុនធំ) យក៦០ដុល្លារ។

ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានថ្លែងដូចនេះថា «សម្រាប់តម្លៃនៃការជិះលើផ្លូវល្បឿនលឿននេះ នៅក្នុងឆ្នាំទី១នេះ គឺយកតិចជាង ៨សេន និងទៅតាម ប្រភេទឡាន ដែលមាន៥ប្រភេទ ក្នុងនោះប្រភេទឡានទេសចរណ៍ (ឡានតូច) គឺយក ១២ដុល្លារ ក្នុងមួយជើង ចំពោះឡានធំ (ឡានដឹកទំនិញ) យក៦០ដុល្លារ តាមប្រភេទឡានពី ១២ដុល្លារ ឡើងដល់៦០ដុល្លារ។ ចាប់ពីឆ្នាំទី២ តទៅគឺចាប់ផ្តើមយកតម្លៃទៅតាមកិច្ចព្រមព្រៀងសម្បទាន ដែលបានចុះកិច្ចសន្យាជាមួយក្រុមហ៊ុន»។

ឯកឧត្តមរដ្ឋមន្ត្រី បានបន្ថែមថា បើប្រៀបធៀបផ្លូវជាតិ និងផ្លូវល្បឿនលឿន ដែលបង់១២ដុល្លារនេះ គឺមានការចំណាយតិចជាងជិះនៅតាមផ្លូវជាតិ ដោយសារការប្រើផ្លូវជាតិ ប្រើសាំងច្រើនជាងដោយសារការកកស្ទះ ហើយសម្រាប់ការខូចខាតក៏មានច្រើន ក្នុងនោះបញ្ហាសុវត្ថិភាព ក៏មិនសូវមានសុវត្ថិភាពដូចផ្លូវល្បឿនលឿនផងដែរ ដែលជារួមទោះជាការបង់តម្លៃនៅក្នុងផ្លូវល្បឿនលឿន ក៏មានការចំនេញជាផ្លូវជាតិផងដែរ។

ទាក់ទងនឹងតម្លៃធ្វើដំណើរវិញ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានជម្រាបជូនថា៖ គិតជាមធ្យមនៅប្រទេសគេ ថ្លៃធ្វើដំណើរលើផ្លូវល្បឿនលឿនត្រូវបានគិតចំនួន១០សេនក្នុងមួយគីឡូម៉ែត្រ។ ដោយឡែកនៅកម្ពុជាវិញ ក្នុងឆ្នាំទីមួយក្រុមហ៊ុននឹងគិតថ្លៃធ្វើដំណើរទៅតាមប្រភេទយានយន្ត ក្នុងនោះរថយន្តគ្រួសារនឹងត្រូវគិតថ្លៃ ចំនួន២៤ដុល្លារអាមេរិក ក្នុងនោះចំនួន១២ដុល្លារទៅ និងចំនួន១២ដុល្លារមក ហើយនៅឆ្នាំទីពីរក្រុមហ៊ុន នឹងពិនិត្យយកតម្លៃធ្វើដំណើរយោងតាមកិច្ចព្រមព្រៀងសម្បទាន ដែលកម្ពុជាបានចុះហត្ថលេខាជាមួយក្រុមហ៊ុនសាងសង់។

ជាមួយគ្នានេះ លោករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏បានបញ្ជាក់ពីរបៀបចំនួន ២ សម្រាប់ការបង់ប្រាក់ក្នុងការធ្វើដំណើរលើផ្លូវល្បឿនលឿនដែលមានដូចជា៖

១) ត្រូវទិញកាត់ឱ្យហើយ ដែលជាកាតមានលុយក្នុងនឹងជាការស្រេច រួចដាក់នៅខាងមុខឡាន ហើយនៅបើកដល់បញ្ជរបង់ប្រាក់យើងមិនបាច់ឈប់នោះទេ ដោយម៉ាស៊ីនស្វ័យប្រវត្តិនឹងវាចាប់កាត់នឹង ចាប់ផ្លាកលេខឡាន ហើយដល់ពេលយើងចេញ ក្នុងកន្លែងបញ្ជរណាមួយ ម៉ាស៊ីននឹងកាត់លុយដោយស្វ័យប្រវត្ថិ នៅកន្លែងចេញនោះ។

២) ពេលមកដល់បញ្ជរបង់ប្រាក់ណាមួយ ខាងផ្នែកបេឡា និងផ្តល់កាតឱ្យមួយ ហើយបន្ទាប់ពីការឱ្យកាតនេះ គេនឹងដឹងថាយើងចូលនៅក្នុងទីទាំងណាមួយភ្លាម ហើយគេនឹងគិតលុយទៅតាមចម្ងាយ

ដែលយើងបានជិះពេលចេញនៅតាមបញ្ជរបង់ប្រាក់ណាមួយ៕

nmr