ព័ត៌មានថ្មីៗ

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ទទួលជួបសវនាការជាមួយ ឯកអគ្គរដ្ឋទូតថ្មី ប្រទេសសឹង្ហបុរី

ភ្នំពេញៈ បន្ទាប់ពីទទួលជួបសវនាការជាមួយឯកអគ្គរដ្ឋទូតថ្មី ប្រទេសហ្វីលីពីន ប្រចំានៅព្រះរាជាណាចក្រកម្ពុជារួចមក សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៅព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ បានអនុញ្ញាតិឱ្យ លោកជំទាវ ទេវ ឡាយឆេង (Teo Lay Cheng) ឯកអគ្គរដ្ឋទូតថ្មី នៃសាធារណរដ្ឋសឹង្ហបុរី ប្រចំានៅកម្ពុជា ចូលជួបសម្តែងការគួរសម នៅវិមានរដ្ឋសភា បន្តទៀត។
សម្តេចបានគំាទ្រនិងស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានរបស់ លោកជំទាវ ឯកអគ្គរដ្ឋទូត និងចាត់ទុកបេសកកម្មការទូតរបស់លោកជំទាវ នៅកម្ពុជា ពិតជាមានសារៈសំខាន់ខ្លាំងណាស់ ក្នុងការបន្តរួមចំណែក លើកកម្ពស់ទំនាក់ទំនង ចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេស ទំាងពីរ ដែលមានស្រាប់ ឱ្យកាន់តែល្អប្រសើរថែមមួយកម្រិតថែមទៀត។
សម្តេចបានគូសបញ្ជាក់ថា កម្ពុជា-សឹង្ហបុរី មានទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការលើវិស័យការទូតជាមួយគ្នា តាំងពីឆ្នាំ១៩៦៥ ហើយកម្ពុជាសិ្ថតនៅក្នុងចំណោមប្រទេសដំបូងគេ ដែលទទួលស្គាល់ឯករាជ្យរបស់សឹង្ហបុរី។ សម្តេចប្រធានរដ្ឋសភា បានសម្តែងការពេញចិត្តពីវឌ្ឍនភាពនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី រវាងប្រទេសកម្ពុជានិងសឹង្ហបុរី លើវិស័យៈ នយោបាយ ការទូត សេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ វិនិយោគ បច្ចេកទេស អប់រំ បណ្តុះបណ្តាលវិជ្ជាជីវៈ វប្បធម៌ សុខាភិបាល និងវិស័យការពារជាតិ។
រដ្ឋសភាកម្ពុជាសូមអបអរសាទររដ្ឋាភិបាលប្រទេសទាំងពីរ ដែលបានចុះកិច្ចព្រមព្រៀង និងអនុស្សរណៈ ជាមួយគ្នាកន្លងមក និងលើកទឹកចិត្តអោយពិចារណារួមគ្នា លើកិច្ចសហប្រតិបត្តិការផេ្សងៗទៀត ស្របតាមសក្តានុពលរបស់ប្រទេសទាំងពីរដែលមាន។
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានមានប្រសាសន៍បន្តថា ចំពោះទំនាក់ទំនងរដ្ឋសភាប្រទេសទំាងពីរវិញ បានបង្កើតក្រុមមិត្តភាពរដ្ឋសភា ដើម្បីបង្កបរិយាកាសឱ្យថ្នាក់ដឹកនាំ និងសមាជិករដ្ឋសភា ទាំងពីរប្រទេស បានធ្វើការផ្លាស់ប្តូរទស្សនកិច្ចគ្នា ផ្លាស់ប្តូរបទពិសោធន៍ការងារនីតិកម្មជាមួយគ្នា ដើម្បីធ្វើយ៉ាងណាឱ្យវិស័យការទូតសភាប្រទេសទាំងពីរ កាន់តែមានលក្ខណៈស៊ីជម្រៅថែមទៀត ដើរទន្ទឹមគ្នានិងការវិវឌ្ឍន៍នៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ។
លោកជំទាវ ទេវ ឡាយឆេង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដែលសម្តេចបានចំណាយពេលដ៏មានតម្លៃទទួលជួបសវនាការជាមួយ លោកជំទាវ នាឱកាសនេះ។
លោកជំទាវបានគំាទ្រប្រសាសន៍លើកឡើងរបស់សម្តេច និងបានសន្យាថា នឹងខិតខំបំពេញបេសកកម្មការទូតឱ្យទទួលបានជោគជ័យនៅក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការគ្រប់វិស័យជាមួយកម្ពុជា ទំាងនៅស្ថាប័ននីតិប្រតិបត្តិ និងនីតិប្បញ្ញត្តិ ពិសេសការកៀរគរអ្នកវិនិយោគសឹង្ហបូរីឱ្យមកបណ្តាក់ទុននៅកម្ពុជាបន្ថែម៕
nmr