ជីវិតនិងសង្គម ព័ត៌មានជាតិ ព័ត៌មានថ្មីៗ

ក្រុមហ៊ុនប្រមូលសំរាម ដំឡើងថ្លៃ៩ម៉ឺនរៀល បន្ថែមទៀតខណៈដំឡើងថ្លៃនេះ ប៉ះពាល់សេដ្ឋកិច្ចអាជីវករនៅស្រុកកំរៀងលក់ដូរបច្ចុប្បន្នពុំសូវដាច់

បាត់ដំបង៖ ថ្លៃប្រមូលសំរាមនៅទីប្រជុំជនស្រុកកំរៀងបានហក់ឡើងកប់ពពកនៅក្នុង ខែ សីហា ឆ្នាំ ២០២២ នេះ ធ្វើឲ្យអាជីវករប្រតិកម្មថា គ្មានលទ្ធភាពបង់ឡើយ ព្រោះខាងក្រុមហ៊ុនបានដំឡើងថ្លៃរហូតដល់ ៩ម៉ឺនរៀល បន្ថែមទៀត ដែលការដំឡើងថ្លៃសេវ៉ានេះ បានប៉ះពាល់សេដ្ឋកិច្ចគ្រួសារបស់ពួកគាត់ ខណៈការលក់ដូរបច្ចុប្បន្នពុំសូវដាច់ផង ។
អ្នកស្រី គន្ធា ម្ចាស់អាហារដ្ឋាននៅក្នុងទីប្រជុំជនស្រុកកំរៀង ខេត្តបាត់ដំបង បានលើកឡើងឲ្យដឹង កាលពីរសៀលថ្ងៃទី ៣១ ខែ កក្កដា ឆ្នាំ ២០២២ ម្សិលមិញថា ថ្លៃសេវ៉ាកើនឡើងយ៉ាងខ្ពស់បែបនេះ បើប្រៀបធៀបនឹងថ្លៃសេវ៉ាដែលបានបង់ប្រចាំខែកន្លងមកនេះ គឺឡើងខ្ពស់សម្បើមណាស់ លោកស្រី ក៏ដូចជាអាជីវករផ្សេងទៀត មិនមានលទ្ធភាពបង់បានទេ ព្រោះការលក់ដូរក៏ពុំសូវដាច់ បាន ១ថ្ងៃ ទប់ទល់ ១ថ្ងៃប៉ុណ្ណោះ បើតាមការចំណាយក្នុងរង្វង់គ្រួសារ ។
លោកស្រីបន្តថា កន្លងមកអ្នកស្រីបានបង់ថ្លៃសេវ៉ាប្រមូលសំរាមត្រឹមតែចំនួន ២៥.០០០រៀល ប៉ុណ្ណោះក្នុងមួយខែ ស្រាប់តែកាលពីថ្ងៃទី ២៨ ខែ កក្កដា ឆ្នាំ ២០២២ ខាងក្រុមការងាររបស់ក្រុមហ៊ុនប្រមូលសំរាមបានចុះមកជូនដំណឹងប្រាប់ថា ថ្លៃបង់សេវ៉ាប្រមូលសំរាមចាប់ពីខែ សីហា នេះតទៅ ត្រូវបង់ក្នុង ១ខែ ៩៥.០០០រៀល កើនឡើង ៩ម៉ឺនរៀលបន្ថែម លើទីតាំងអាហារដ្ឋានដែលមានទំហំផ្ទះពីរល្វែង ។
ក្នុងពេលដំណាលគ្នានេះដែរ រដ្ឋបាលស្រុកកំរៀង ក៏បានចេញសេចក្ដីជូនដំណឹងដល់តាប្រជាពលរដ្ឋ ម្ចាស់លំនៅដ្ឋាន ម្ចាស់អាជីវកម្ម សេវាកម្ម ស្ថាប័នរដ្ឋ និងឯកជនទាំងអស់ ត្រូវចូលរួមបង់កម្រៃសេវ៉ាគ្រប់គ្រងសំរាមសំណល់រឹងថ្មីនេះ ឲ្យបានរួសរាន់ទាន់ពេលវេលាទៅតាមតារាងកម្រៃថ្មី បើពុំនោះទេ រដ្ឋបាលស្រុកកំរៀងនឹងចាត់វិធានការរដ្ឋបាលដោយមិនលើកលែងឡើយ ។
ចំណែកលោក គង់ សម្បត្តិ តំណាងក្រុមហ៊ុន ចែ វិច ភាស៊ី បានបញ្ជាក់ថា ការដំឡើងថ្លៃសេវ៉ាខាងលើដល់អាជីវកម្មខាងនេះ គឺអនុវត្តតាមការកំណត់ របស់ក្រសួងមហាផ្ទៃ ក្រសួងបរិស្ថាន និងក្រសួងហិរញ្ញវត្ថុ ដើម្បីឲ្យមានតុល្យភាពនឹងតម្លៃប្រេងសាំង ។
បើទោះបីយ៉ាងនេះក្តី លោកស្រីក៏ដូចជាអាជីវករផ្សេងទៀតសំណូមពរឲ្យខាងក្រុមហ៊ុន ឬ អាជ្ញាធរស្រុក ជួយបន្ធូរបន្ថយ ដោយបង់ត្រឹមតែ ៣០.០០០ ទៅ ៣៥.០០០ រៀល ទើបពួកគាត់អាចរត់រួច ។ ស្របជាមួយគ្នានេះដែរ ម្ចាស់គណនីហ្វេសប៊ុកឈ្មោះ បូ ធារី បានលើកឡើងដែរថា៖ “ខ្ញុំក៏ដូចជាអ្នកលក់ដូរផ្សេងទៀតពិតជាគ្មានជម្រើស ប្រសិនបើមិនអនុវត្តបង់ថ្លៃសេវ៉ាអនាម័យតាមការកែប្រែរបស់ក្រុមហ៊ុនទេ នោះគេនឹងបិទមិនឲ្យលក់ដូរបន្តទៀតឡើយ” ៕

 

nmr