ជីវិតនិងសង្គម ព័ត៌មានជាតិ ព័ត៌មានថ្មីៗ

រឿងអ្នកនាង ចោម ខ្វាន់ កាន់តែក្តៅគគុក ល្បីរឿងវេលុយមុនប្រគល់របស់ក្រោយ ខណៈរត់គេចខ្លួនសម្ងំនៅក្រៅប្រទេសអាចគេចរួចពីសំណាញ់ច្បាប់ដែរឫទេ?

រឿងរ៉ាវរបស់អ្នកមានមុខមាត់លើបណ្តាញសង្គម ឬហៅថាតារាហ្វេសប៊ុក នាង ចោម ខ្វាន់ ថៅកែហាងគ្រឿងមាសពេជ្រ «ចំរើន សុវត្ថិភាព» រកសុីបោកប្រាស់ទំនុកចិត្តអតិថិជន ប្រមូលយកលុយរាប់ម៉ឺនដុល្លារ ក្រោមរូបភាពអូសទាញឲ្យចូលធ្វើជាតំណាងចែកចាយ វេលុយឲ្យមុន ទើបប្រគល់របស់ឲ្យជាក្រោយ តែធាតុពិតប្រគល់ឲ្យ «ខ្យល់» នៅពេលនេះ កាន់តែក្តៅគគុកហើយ ខណៈជនរងគ្រោះជាច្រើននាក់ បានបន្តមកធ្វើការទាមទារដល់មុខហាងនាង ចោម ខ្វាន់ ដែលទើបលួចជួលគេឲ្យរុះរើទាំងកណ្តាលយប់ កាលពីពេលថ្មីៗនេះ។
តែអ្វីគួរឲ្យភ្ញាក់ផ្អើលទៀតនោះ នាង ចោម ខ្វាន់ មិនត្រឹមតែរកសុីបោកប្រាស់គ្រឿងមាសប៉ុណ្ណោះទេ គឺថែមទាំងបោកប្រាស់លើផលិតផលជាច្រើនទៀតផងដែរ ខណៈជនរងគ្រោះបានអះអាងថា ផលិតផលដែលពួកគាត់កាត់ស្តុកពីនាង ចោម ខ្វាន់ តម្លៃរាប់ពាន់ ម៉ឺនដុល្លារ គឺជារបស់ខូចគុណភាពទាំងអស់ ក្នុងនោះសូម្បីតែកាហ្វេគ្មានថ្ងៃកាលបរិច្ឆាទត្រឹមត្រូវនោះទេ។
ទាក់ទងរឿងនេះ បុរសម្នាក់ជាបុគ្គលិករបស់នាង ចោម ខ្វាន់ បែរជាបានស្តីបន្ទោសទៅលើជនរងគ្រោះថា មូលហេតុដែលថៅកែខ្លួន លួចរុះរើហាងទាំងយប់ គឺដោយសារតែអតិថិជន បាននាំគ្នាមកកូរអុកឡុក ឲ្យអ្នកកាសែតឡាយកាន់តែច្រើនឡើង ដោយមិនទុកឲ្យក្រុមហ៊ុនដោះស្រាយតាមដំណាក់កាលៗនោះទេ។
តែទោះយ៉ាងណា តាមការលើកឡើងរបស់បុរសជាបុគ្គលិករូបនោះ បានធ្វើឲ្យមហាជនមានការហួសចិត្តយ៉ាងខ្លាំង ព្រោះបើតាមជនរងគ្រោះបានទម្លាយចេញឲ្យដឹងថា នាង ចោម ខ្វាន់ បន្ទាប់ពីទទួលលុយពីពួកគាត់វេរឲ្យរួច គឺមិនផ្តល់របស់ឲ្យនោះទេ ដោយសន្យា «ខ្យល់» រហូតមកទល់ពេលនេះ ទើបពួកគាត់មិនអាចនៅសម្ងំស្ងៀមទៀតឡើយ ព្រោះពួកគាត់ត្រូវការលុយ ដើម្បីបង់ធនាគារ ដែលមិនអាចអនុគ្រោះឲ្យសូម្បីតែមួយថ្ងៃ។គួរបញ្ជាក់ថា នៅពេលនេះ នាង ចោម ខ្វាន់ ត្រូវបានដឹងថា បានកំពុងរត់គេចខ្លួនសម្ងំនៅក្រៅប្រទេស។ តែទោះជាយ៉ាងណា យើងនឹងរង់ចាំមើលថាតើ នាង ចោម ខ្វាន់ អាចគេចរួចពីសំណាញ់ច្បាប់ដល់ពេលណា បើមិនដោះស្រាយជូនជនរងគ្រោះ!? ហើយគេក៏សង្ឃឹមថា បើសមត្ថកិច្ចពាក់ព័ន្ធមានវិធានការជួយអន្តរាគមន៍ទៅដល់ជនរងគ្រោះ គឺដឹងតែគុគហើយ៕

nmr