សៀមរាប៖ក្រុមរបស់ លោក ខឹម វាសនា បានរំសាយចេញពីដីចម្ការ ២៥ ហិកតា និងដីចំការ ១២ ហិកតា នៅភូមិថ្មជុល ស្រុកបន្ទាយស្រី ខេត្តសៀមរាប ស្ទើរទាំងស្រុងនៅថ្ងៃនេះ។
លោក ស៊ុន ចំណាន នាយកទីចាត់ការ រដ្ឋបាលសាលាខេត្តសៀមរាប បានឱ្យ ដឹងតាមតេលេក្រាមរបស់លោកថា ស្ថានភាពនៅក្នុងដីចម្ការ របស់ លោក ខឹម វាសនា នៅ ភ្នំគូលែន បានល្អប្រសើរច្រើនហើយ ដោយកាលពីថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២២នេះ ក្រុមប្រជាពលរដ្ឋដែលប្រមូលផ្តុំបានបន្តចេញពីដីចម្ការ ២៥ ហិកតា
ចំនួន ២ ៥០០ នាក់បន្តទៀត ហើយនៅសល់ក្នុងដីចម្ការ ១២ ហិកតា ចំនួន ប្រជាពលរដ្ឋ ៤ ០០០ នាក់ទៀត នឹងបន្តចេញជាបណ្តើរៗទៀតផងដែរ។
លោក ស៊ុន ចំណាន បានបញ្ចាក់ទៀតថា មកទល់នៅរសៀល ថ្ងៃទី៤ ខែកញ្ញានេះ មនុស្សដែលប្រមូលផ្តុំក្នុងចម្ការ របស់លោក ខឹម វាសនា បានចាកចេញ ស្ទើរតែអស់ហើយ នៅសេសសល់តែនាក់ចាំចម្ការតែប៉ុនណ្ណោះ ហើយក្នុងបរិវេណដី ២៥ ហិកតា ការជូបជុំបានរំសាយទាំងស្រុងហើយ រីឯបរិវេណដី ១២ ហិកតា ការជូបជុំ ក៏រំសាយបានច្រើនស្ទើរទាំស្រុង នៅថ្ងៃនេះ មិនយូរស្ថានភាពនឹងវិលដូចដើមវិញ។
សូមបញ្ជាក់ថា ចាប់ពីថ្ងៃទី ២៣ ខែសីហា ឆ្នាំ២០២២មក លោក ខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ បានសរសេរនៅលើបណ្ដាញសង្គម ហ្វេសប៊ុករបស់ខ្លួនថា តាមការធ្វើវិបស្សនារបស់លោកឃើញថា ភពផែនដីនឹងត្រូវជន់លិចនៅពេលខាងមុខ ហើយលោកអំពាវនាវឱ្យអ្នកដែលគាំទ្រទៅជួបជុំគ្នានៅលើដីចម្ការរបស់លោក ឯជើងភ្នំគូលែន នៃខេត្តសៀមរាប ទើបអាចរួចផុតពីគ្រោះមហន្តរាយនេះ។ បន្ទាប់ពីការសរសេរលើបណ្ដាញសង្គមរបស់មេបក្សរូបនោះមក ក៏មានពលរដ្ឋចូលរួមក្នុងចន្លោះពី ១ ម៉ឺន ៥ ពាន់ ទៅ ១ ម៉ឺន ៧ ពាន់ បាននាំក្រុមគ្រួសារ ធ្វើដំណើរខ្លះតាមរថយន្ត ខ្លះតាមម៉ូតូ ទៅកាន់តំបន់ជើងភ្នំគូលែន។ ចំណែកពលករខ្មែរខ្លះ ដែលកំពុងធ្វើការនៅក្រៅប្រទេសក៏ប្រញាប់ប្រញាល់វិលត្រឡប់មកកម្ពុជា ដោយបោះបង់ការងាររបស់ខ្លួនដែរ។
នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២២ អភិបាលខេត្តសៀមរាប លោក ទៀ សីហា បានសរសេរលិខិតមួយផ្ញើជូន លោក ខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ដោយសុំឱ្យបញ្ឈប់ការប្រមូលផ្តុំ និងរំសាយការជួបជុំ ចាប់ពីថ្ងៃទី ៣០ ខែសីហា ឆ្នាំ២០២២ វេលាម៉ោង ២៤:០០ នាទីយប់ និងរាល់សំណង់ដែលបានសាងសង់ត្រូវដាក់ពាក្យស្នើសុំអនុញ្ញាតពីអាជ្ញាធរ និងទុកពេល និងទុកពេល ៥ ថ្ងៃបន្ថែមទៀត។ លោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី លើកឡើងថា អាជ្ញាធរបានត្រៀមរថយន្ដជាច្រើនគ្រឿង រួមមាន រថយន្ដសាលាខេត្ដសៀមរាប រថយន្ដយោធាយោធភូមិភាគទី៤ និងយោធាកងពលធំអន្ដរាគមន៍លេខ២ សម្រាប់ដឹកអ្នកដែលចង់ជិះ និងគ្មានលទ្ធភាពជិះរថយន្ដឈ្នួល ឬមធ្យោបាយឈ្នួលផ្សេងៗត្រឡប់ទៅផ្ទះវិញ៕