ភ្នំពេញ៖ លោក សុខ សម្បត្តិ អភិបាលនៃគណៈអភិបាលខណ្ឌបឹងកេងកង កាលពីយប់ថ្ងៃសៅរ៍ ៨កើត ខែភទ្របទ ឆ្នាំខាល ត្រីស័ក ព.ស ២៥៦៦ត្រូវនឹងថ្ងៃទី០៣ ខែ កញ្ញា ឆ្នាំ២០២២ បានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌបឹងកេងកងចុះធ្វើការណែនាំទីតាំងចំនួន០៣ដែលបានបង្កសំឡេងរំខានដល់ប្រជាពលរដ្ឋនៅពេលយប់។
ជាក់ស្ដែងក្នុងប្រតិបត្តិការនោះ គណៈបញ្ជាការឯកភាពខណ្ឌបឹងកេងកងបានចុះធ្វើការណែនាំទីតាំងចំនួន០៣ មានដូចខាងក្រោម៖
១-ភោជនីយដ្ឋានយីហោ«កាត់ចិត្ត»នៅចំណុចផ្លូវលេខ២៧៨ ភូមិ៧ សង្កាត់ បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។
២-ភោជនីយដ្ឋានយីហោ«BBQ BAR» នៅចំណុចផ្លូវលេខ៣២២ ភូមិ៤ សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។
៣-ទីតាំងឃ្លាំងបន្លែនៅផ្លូវលេខ៤០២ ជិត ICU Clinic។
សូមជម្រាបថា ក្រោយប្រជាពលរដ្ឋរាយការណ៍ប្រាប់ថា មានអ្នកផឹកស៊ីបង្កការរំខាននិងបង្កសំឡេងរំខានដល់អ្នកជិតខាងមក លោកអភិបាលខណ្ឌ បានដឹកនាំកម្លាំងចុះផ្ទាល់ ដើម្បីចុះទៅធ្វេីការណែនាំ អប់រំ និងបញ្ឈប់រាល់សកម្មភាពផឹកសុីឡូឡាបង្កសំឡេងរំខានដល់អ្នកជិតខាងមិនអាចសម្រាកបាន ។
ជាចុងក្រោយលោកអភិបាលខណ្ឌក៏បានសំណូមពរដល់ប្រជាពលរដ្ឋមេត្តាកាត់បន្ថយ ឬចៀសវាងការជួបជុំមនុស្សច្រេីន ដេីម្បីបង្ការនិងទប់ស្កាត់ការឆ្លងវីរុសកូវីដ-១៩ ជាពិសេសចូលរួមគោរពសិទ្ធិអ្នកជិតខាង កុំបង្កសំឡេងរំខានដល់អ្នកដទៃ ជាពិសេសពេលយប់ម្នាក់ៗត្រូវការសម្រាក ៕