ជីវិតនិងសង្គម ព័ត៌មានជាតិ ព័ត៌មានថ្មីៗ

ឧត្ដមសេនីយ៍ឯក ហ៊ុន ម៉ាណែត លើកឡើងពីការវិភាគបែបវិទ្យាសាស្រ្ត និងការវិភាគបែបស៊ីអារម្មណ៍

លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត កូនប្រុសច្បងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានលើកឡើងថា ការវិភាគបែបវិទ្យាសាស្ត្រសាស្ត្រ និងការវិភាគបែបស៊ីអារម្មណ៍ មានភាពផ្ទុយគ្នាស្រឡះ ពោលគឺការវិភាគបែបវិទ្យាសាស្ត្រគេត្រូវមានអំណះអំណាងដើម្បីជាមូលដ្ឋានក្នុងការវិភាគ ក៏ប៉ុន្តែការវិភាគបែបស៊ីអារម្មណ៍វិញ គឺជាការវិភាគបែបរវើរវាយគ្មានមូលដ្ឋានច្បាស់លាស់ឡើយ។
ថ្លែងក្នុងឱកាសអញ្ជើញប្រគល់សញ្ញាបត្របណ្ឌិតកិត្តិយស បណ្ឌិតស្រាវជ្រាវ បរិញ្ញាបត្រជាន់ខ្ពស់ បរិញ្ញាបត្រ និងបរិញ្ញាបត្ររង ជូនដល់និស្សិតសាកលវិទ្យាល័យឥន្រ្ទវិជ្ជា(UI) នាព្រឹកថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២២ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត កូនប្រុសច្បងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានពន្យល់ពីភាពខុសគ្នារវាងការវិភាគបែបវិទ្យាសាស្ត្រ និងការវិភាគបែបស៊ីអារម្មណ៍។
បើតាមលោក ហ៊ុន ម៉ាណែត ការវិភាគបែបវិទ្យាសាស្ត្រ គេត្រូវស្រាវជ្រាវរកប្រភពព័ត៌មានឲ្យបានគ្រប់ជ្រុងជ្រោយ ដើម្បីបានជាមូលដ្ឋានគិតក្នុងការវិភាគ។ ដោយឡែកការវិភាគបែបស៊ីអារម្មណ៍ គឺជាការវិភាគតាមការរវើរវាយគ្មានមូលដ្ឋានច្បាស់លាស់ឡើយ ពោលគឺប្រសិនបើអ្នកវិភាគមានអារម្មណ៍ថា រឿងណាមួយអាក្រក់ គាត់ចាត់ទុករឿងនោះត្រូវតែអាក្រក់ ដោយរកព័ត៌មានណាដែលគាំទ្រសេចក្តីអាក្រក់នោះ តែបើរកមិនឃើញទេគេបង្កើតតែម្តង ដើម្បីគាំទ្រនូវអ្វីដែលគេចាត់ទុកថា ជារឿងអាក្រក់ ដោយទាត់ចោលនូវព័ត៌មានផ្សេងៗដែលនិយាយល្អអំពីរឿងនោះ។
ជាការកត់សម្គាល់ថា កន្លងមកអ្នកតាំងខ្លួនជាអ្នកវិភាគមួយចំនួនតូច រួមទាំងអ្នកវិភាគរត់ចោលស្រុកផង តែងបានតាំងខ្លួនជាអ្នកវិភាគឯករាជ ជាអ្នកសិក្សាស្រាវជ្រាវជាដើម ហើយវិភាគទៅលើបញ្ហាណាមួយដែលខ្លួនយល់ថា ជារឿងមិនល្អ ឬជារឿងអាក្រក់ ដោយគ្មានភ័ស្តុតាង ឬទឡ្ហីករណ៍ច្បាស់លាស់ ដើម្បីបានជាអំណះអំណាងការពារនូវការលើកឡើងរបស់ខ្លួនឡើយ។ ឧទាហរណ៍ការវិភាគអំពីការបែកបាក់ផ្ទៃក្នុងរបស់គណបក្សប្រជាជនកម្ពុជា ដោយគ្រាន់តែខ្លួនមានអារម្មណ៍ថា បែកបាក់ តែគ្មានទឡ្ហីករណ៍បញ្ជាក់ថា បែកបាក់ដោយរបៀបណានោះទេ។
បើតាមមន្ត្រីជាន់ខ្ពស់គណបក្សកាន់អំណាច ដែលកំពុងដឹកនាំរាជរដ្ឋាភិបាលអាណត្តិទី៦នេះ ធ្លាប់បានអះអាងប្រាប់វិទ្យុបាយ័នឲ្យដឹងថា ការវិភាគអំពីការបែកបាក់ផ្ទៃក្នុងរបស់គណបក្សប្រជាជនកម្ពុជាពីសំណាក់អ្នកវិភាគដែលមាននិន្នាការប្រឆាំងនិងក្រុមប្រឆាំង គេបានលឺតាំងពីឆ្នាំ១៩៧៩ មកម្ល៉េះ តែគណបក្សប្រជាជនកម្ពុជានៅតែមានការសាមគ្គីភាពផ្ទៃក្នុងរឹងមាំដដែល ក៏ប៉ុន្តែផ្ទុយទៅវិញ គឺគណបក្សប្រឆាំងទេ ដែលមានការបែកបាក់ផ្ទៃក្នុងធ្ងន់ធ្ងរមិនអាចផ្សះផ្សារបាន៕
nmr