ជីវិតនិងសង្គម ព័ត៌មានជាតិ ព័ត៌មានថ្មីៗ

សម្តេចតេជោ ហ៊ុន សែន៖ កម្ពុជាយកឈ្នះកូវីដ១៩ធ្វើឲ្យអន្តរជាតិទទួលស្គាល់ថាជាប្រទេសគ្រប់គ្រងនិងដោះស្រាយវិបត្តិកូវីដ១៩បានល្អប្រសើរ

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានបង្ហាញមោទនភាពដែលកម្ពុជាអាចយកឈ្នះលើការងារប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ធ្វើឱ្យអន្តរជាតិទទួលស្គាល់ថា កម្ពុជា ជាប្រទេសគ្រប់គ្រង និងដោះស្រាយផលប៉ះពាល់ដោយជំងឺកូវីដ-១៩ បានយ៉ាងល្អប្រសើរ។
ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតីបើកមហាសន្និបាតក្រុមប្រឹក្សាអូឡាំពិកអាស៊ី (OCA) លើកទី៤១ នាព្រឹកថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២២នេះ ម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានមានប្រសាសន៍យ៉ាងដូច្នេះថា «រាជរដ្ឋាភិបាលកម្ពុជាទទួលបានជ័យជម្នះប្រកបដោយផ្លែផ្កាគួរជាទីមោទនៈពីការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ដែលធ្វើឲ្យកម្ពុជាទទួលបានការទទួលស្គាល់ជាអន្តរជាតិ ជាប្រទេសគ្រប់គ្រង និងដោះស្រាយផលប៉ះពាល់ដោយជំងឺកូវីដ-១៩ បានយ៉ាងល្អប្រសើរ ព្រមទាំងបានកែប្រែវិបត្តិដ៏ធំចំពោះមុខនេះ ឱ្យទៅជាកាលានុវត្តភាពក្នុងការជំរុញការអនុវត្តការដ្ឋាន កែទម្រង់សេដ្ឋកិច្ចសំខាន់ៗឱ្យកាន់តែស៊ីជម្រៅ។
សម្តេចតេជោនាយករដ្ឋមន្ត្រី បានបន្តថា រាជរដ្ឋាភិបាលក៏បានដាក់ឲ្យអនុវត្តវិធានការកែទម្រង់ ព្រមទាំងវិធានការគាំទ្រចាំបាច់នានាសំដៅស្តារ និងជំរុញកំណើនសេដ្ឋកិច្ចជាតិឡើងវិញ ក្រោយវិបត្តិជំងឺកូវីដ១៩ តាមរយៈការលើកកម្ពស់ និងជំរុញវិស័យឯកជន ទាំងក្នុងសកម្មភាពធុរកិច្ច ពាណិជ្ជកម្ម និងវិនិយោគដើម្បីចាប់យកកាលានុវត្តភាពថ្មីៗដែលកើតចេញពីការប្រែប្រួលនិន្នាការនានាក្នុងពិភពលោក ជាពិសេសការផ្លាស់ប្ដូរ និងការធ្វើពិពិធកម្មខ្សែច្រវាក់ផលិតកម្ម និងការកើនឡើងនៃការប្រើប្រាស់បច្ចេកវិទ្យាជឿនលឿនថ្មីៗ និងបច្ចេកវិទ្យាឌីជីថល ទាំងក្នុងក្របខណ្ឌប្រទេសតំបន់ និងសកល។
សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា សុខសន្តិភាព និងភាពជោគជ័យលើការងារប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងសកលកូវីដ១៩ បានបង្កលក្ខណៈអំណោយផលដល់កម្ពុជា ដើម្បីរៀបចំព្រឹត្តិការណ៍អន្តរជាតិធំៗ ក៏ដូចជាការជួបជុំមហាគ្រួសារក្រុមប្រឹក្សាអូឡាំពិកទាំង ៤៥ប្រទេស នាពេលនេះ។
គួរបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាកាលពីថ្ងៃទី៣តុលាម្សិលមិញ បានសម្រេចដកចេញវិធានការសុខាភិបាលចំនួនពីរបន្ថែមទៀត គឺមិនតម្រូវឲ្យជនបរទេសដែលចូលមកដល់កម្ពុជា បង្ហាញសេចក្ដីប្រកាសសុខភាព និងប័ណ្ណ ឬវិញ្ញាបនបត្រវ៉ាក់សាំងពេលមកដល់កម្ពុជា។
គិតត្រឹមថ្ងៃទី៣ ខែតុលា ឆ្នាំ២០២២ ក្រសួងសុខាភិបាលបានចាក់វ៉ាក់សាំងការពារកូវីដ១៩ ជូនប្រជាពលរដ្ឋ មន្រ្តីរាជការ និងកងកម្លាំងប្រដាប់អាវុធនៅទូទាំងប្រទេសសរុបបានចំនួន ១៥,១៩៧,៩១១នាក់។ ដោយឡែកសម្រាប់អ្នកចាក់ដូសទី៣ មានចំនួន ១០,១៩៤,១៣៧នាក់, ដូសទី៤ចំនួន ៤,៣៣៥,០៨០នាក់ និងដូសទី៥ចំនួន ៨៨៥,២៧៨នាក់៕
nmr