ព័ត៌មានថ្មីៗ

កម្មកររោងចក្រ ឌីនហាន ចំនួន៥០នាក់ឃើញអ្នកវិជ្ជមាន

ភ្នំពេញៈ កម្មកររោងចក្រ ឌីនហាន ស្ថិតនៅផ្លូវឌួងងៀប២ ភូមិថ្មី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ គិតត្រឹមយប់ថ្ងៃទី៧ ខែមេសា នេះ គឺរកឃើញអ្នកវិជ្ជមាន៥០នាក់ ហើយ ខណៈដែលរោងចក្រនេះមានកម្មករសរុប ២៥៦២នាក់ ។
នៅយប់ថ្ងៃនេះអាជ្ញាធរ និងសមត្ថកិច្ចខណ្ឌមានជ័យ ព្រមទាំងមន្រ្តីសុខាភិបាល បាននិងយកសំណាកទៅលើបងប្អូនកម្មករនៅក្នុងរោងចក្រផ្ទាល់តែម្តង ដើម្បីស្វែងរកកូវីដ១៩។
លោកម៉េង វិមានតារា អធិការនគរបាលខណ្ឌមានជ័យបានបញ្ជាក់ថា ” អ្វីដែលខ្ញុំតក់ស្លុត និងព្រួយបារម្ភបំផុតនោះ គឺកម្មកររោងចក្រ ឌីនហាន ដែលស្ថិតនៅក្នុងមូលដ្ឋានខណ្ឌមានជ័យ គិតមកដល់ម៉ោងនេះ គឺរកឃើញអ្នកវិជ្ជមាន៥០នាក់ហើយ ខណៈដែលរោងចក្រនេះមានកម្មករសរុប ២៥៦២នាក់ ” ។
លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញអំពាវនាវបានដល់កម្មករកម្មការិនីទាំងអស់ដែលបម្រើការនៅរោងចក្រ ឌីន ហាន ត្រូវមកយកសំណាកដើម្បីពិនិត្យជាបន្ទាន់ នៅយប់នេះ និងថ្ងៃស្អែកជាកំហិត បើមិនដូច្នេះទេមិនអនុញ្ញាតឲ្យចូលធ្វើការឡើយ។
ចំណែកបងប្អូនសាច់ញាតិ ឬមិត្តភក្តិរបស់កម្មករដែលមានវិជ្ជមានកូវីដ១៩ ត្រូវជួយណែនាំឲ្យពួកគេធ្វើចត្តាឡីស័ករយៈពេល ១៤ថ្ងៃតាមចំនួនកំណត់ ហើយបើធ្វើមិនបានត្រឹមត្រូវទេ នឹងទទួលទោសពិន័យតាមច្បាប់ ជាក់ជាមិនខានឡើយ។ សម្រាប់អាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋាន ត្រូវត្រួតពិនិត្យតាមដានដោយយកចិត្តទុកដាក់បំផុត។
nmr