ជីវិតនិងសង្គម ព័ត៌មានជាតិ ព័ត៌មានថ្មីៗ

ពលរដ្ឋជាង៦ម៉ឺននាក់បានចុះឈ្មោះបោះឆ្នោតរួចរាល់ក្នុងរយៈពេល៤ថ្ងៃ

ភ្នំពេញ៖ ក្នុងរយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៣ ខែតុលា នេះ ពលរដ្ឋជាង៦ម៉ឺននាក់ បានទៅចុះ ឈ្មោះបោះឆ្នោតរួចរាល់។
សេចក្តីប្រកាសព័ត៌មាន របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ចេញផ្សាយ នៅថ្ងៃទី២៤ ខែតុលា នេះ បានបង្ហាញថា លទ្ធផលបណ្ដោះអាសន្នថ្ងៃទីបួន ​នៃការពិនិត្យបញ្ជីឈ្មោះ និង ការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២ (សម្រាប់ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២២) ​នៅទូទាំងប្រទេស គឺ ប្រជា ពលរដ្ឋចុះឈ្មោះបោះឆ្នោតថ្មី មានចំនួនជាង២ម៉ឺននាក់។ អ្នកដែលនឹងត្រូវលុប​ឈ្មោះចេញ​ពីបញ្ជីបោះ ឆ្នោត ​មានចំនួនជាង៧០០០នាក់។ អ្នកដែលបានកែតម្រូវទិន្នន័យ មានចំនួន៨៣៩នាក់។ អ្នកដែលបាន ផ្ទេរទីលំនៅចូលក្នុងឃុំ សង្កាត់ថ្មី មានចំនួនជាង៥០០០នាក់។
ដោយឡែកសម្រាប់រយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៣ ខែតុលានេះ លទ្ធផលដូចជា៖ ប្រជាពលរដ្ឋចុះឈ្មោះបោះឆ្នោតថ្មី មានចំនួនជាង៦ម៉ឺន៤០០០នាក់។ អ្នកដែលនឹងត្រូវលុបឈ្មោះចេញពី បញ្ជីបោះឆ្នោត មានចំនួនជាង២ម៉ឺន៩០០០នាក់។ អ្នកដែលបានកែតម្រូវទិន្នន័យ មានចំនួន៣.៥៣២ នាក់។ អ្នកដែលបានផ្ទេរទីលំនៅចូលក្នុងឃុំ សង្កាត់ថ្មី មានចំនួនជាង១ម៉ឺន៩០០០នាក់។
ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី២០ ​ខែតុលា ដល់ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២២​ គិតទាំងថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ។
ដើម្បីចុះឈ្មោះបោះឆ្នោតបាន ប្រជាពលរដ្ឋត្រូវបំពេញលក្ខខណ្ឌដូចជា៖ ត្រូវបង្ហាញខ្លួន និងមាន អត្តសញ្ញាបណ្ណសញ្ជាតិខ្មែរ ដែលមានសុពលភាព ឯកសារបញ្ជាក់អត្តសញ្ញាណបម្រើ​ឲ្យការ​ចុះឈ្មោះបោះ ឆ្នោត ឆ្នាំ២០២២ ​នៅចំពោះមុខក្រុមចុះឈ្មោះបោះឆ្នោត ដែលទទួលបន្ទុកជា​មន្រ្តី​ចុះឈ្មោះបោះឆ្នោត ក្នុងអំឡុងពេលនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតនៅ​ការិយាល័យ​ចុះឈ្មោះបោះឆ្នោត ណាមួយក្នុងឃុំ សង្កាត់​ ដែលខ្លួនកំពុងរស់នៅ។ ត្រូវមាន​អាយុពី១៨ឆ្នាំឡើង គិតត្រឹមថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ដែលជាថ្ងៃបោះឆ្នោត ៕
nmr