ជីវិតនិងសង្គម ព័ត៌មានជាតិ ព័ត៌មានថ្មីៗ

សមាគមសា្ថប័នរៀបចំការបោះឆ្នោតពិភពលោក ទទួលយកសំណើរបស់ គ.ជ.ប សម្រាប់សង្កេតការណ៍ បោះឆ្នោតនៅកម្ពុជាឆ្នាំក្រោយ

សមាគមសា្ថប័នរៀបចំការបោះឆ្នោតពិភពលោក ហៅកាត់ អេវ៉េប (A-WEB) បានទទួលយកសំណើ របស់ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ គ.ជ.ប របស់កម្ពុជា ចំពោះការបញ្ជូនភ្នាក់ងារមកចូលរួម សង្កេតការណ៍ ក្នុងអំឡុងពេលកម្ពុជារៀបចំការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រអាណិត្តទី៧ នៅឆ្នាំ ២០២៣ខាងមុខនេះ ដើម្បីជាការចូលរួមលើកកម្ពស់ និងវាយតម្លៃចំពោះស្ថាប័នបោះឆ្នោតប្រកបដោយ លទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស តម្លាភាព អព្យាក្រឹត ឥតលំអៀង និងយុត្តិធម៌។
បើតាមការបញ្ជាក់ឱ្យដឹងរបស់ឯកឧត្តម ឌឹម សុវណ្ណរុំ សមាជិក គ.ជ.ប ដែលបានថ្លែងក្នុងសន្និសីទ សារព័ត៌មាន កាលពីល្ងាចថ្ងៃទី២៤ ខែតុលា នៅឯព្រលានយន្តហោះអន្តរជាតិភ្នំពេញ ក្រោយពេលមកពី ចូលរួមមហាសន្និបាត លើកទី៥ របស់សមាគមសា្ថប័នរៀបចំការបោះឆ្នោតពិភពលោក និងសន្និសីទ អន្តរជាតិ នៅប្រទេសអាហ្វ្រិកខាងត្បូង ជាមួយសមាជិកដែលកើនឡើងដល់១២៣ស្ថាប័ន មកពី១១៣ ប្រទេស ដោយផ្តោតលើ«កិច្ចការពារស្ថាប័នគ្រប់គ្រងការបោះឆ្នោតក្នុងសម័យកាល ដែលលទ្ធិប្រជាធិប តេយ្យសកលលោកមានការធ្លាក់ចុះ» ពីថ្ងៃទី១៧ ដល់ថ្ងៃទី២២ ខែតុលាឆ្នាំ២០២២ ឯកឧត្តម មានប្រសាសន៍ដូច្នេះថា «…ក្នុងនាមគ.ជ.ប និងក្នុងនាមឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប ខ្ញុំបានស្នើសុំឱ្យមានការបញ្ជូនគណៈប្រតិភូសង្កេតការណ៍បោះឆ្នោតនៃសមាគម A-WEB មកកាន់កម្ពុជា នៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនៅឆ្នាំ២០២៣។ ជាលទ្ធផល ថ្នាក់ដឹកនាំកំពូលរបស់សមាគម A-WEB បានទទួលយកសំណើនេះ ស្របទៅនឹងផែនការការងាររបស់សមាគម A-WEB សម្រាប់ឆ្នាំ២០២៣ ក្នុងរបៀបវារៈនៃកិច្ចប្រជុំមហាសន្និបាតលើកទី៥ ដែលចែងថា គម្រោងសំខាន់ក្នុងឆ្នាំ២០២៣ គឺការគាំទ្រ ការកសាងសមត្ថភាពរបស់សមាជិក តាមរយៈកម្មវិធីសង្កេតការណ៍បោះឆ្នោត និងកិច្ចប្រឹក្សាយោបល់របស់ សមាគម A-WEB…»។ បើតាមការបញ្ជាករបស់ឯកឧត្តម ឌឹម សុវណ្ណរុំ បានឱ្យដឹងថា ប្រទេសដែលជាសមាជិកសមាគម A-WEB ក៏បានលើកឡើង និងគាំទ្រចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ គ.ជ.ប កម្ពុជា ក្នុងការរៀបចំការបោះឆ្នោត ជ្រើសរើសសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ កាលពីឆ្នាំ២០២២ ប្រកបដោយជោគជ័យ និងទទួលយកបាន ក្នុងអំឡុងពេលដ៏លំបាកនៃការរីករាលដាលជំងឺកូវីដ-១៩ជាសកល។ ជាមួយគ្នានេះ ក៏បានកត់សម្គាល់ ពីការ ចូលរួមរបស់គ.ជ.ប កម្ពុជា ក្នុងការផ្តល់អត្ថបទជាភាសាអង់គ្លេសជាប្រចាំ ដើម្បីចែករំលែកព័ត៌មាន ពីរឿង បោះឆ្នោត។ សមាគម A-WEB ត្រូវបានបង្កើតឡើងនៅឆ្នាំ២០១៣ ជាសមាគមមិនធ្វើនយោបាយ មានស្វ័យភាព និង ឯករាជ្យ ដែលរួមបញ្ចូលសមាជិកពីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតពិភពលោក និងគ្មានឆន្ទៈ លូកដៃចូលក្នុងដែនអធិបតេយ្យរបស់ប្រទេសជាសមាជិកនោះទេ ប៉ុន្តែបង្កើតឡើងក្នុងគោលបំណងធ្វើយ៉ាង ណាសហការជាមួយប្រទេសសមាជិក ដើម្បីឱ្យការបោះឆ្នោតក្នុងប្រទេសនីមួយៗប្រព្រឹត្តទៅឱ្យកាន់តែមាន សុក្រឹត្យភាព និងមានតម្លាភាព ។ គ.ជ.បរបស់កម្ពុជា បានចូលជាសមាជិកនៃសមាគមសា្ថប័នរៀបចំការបោះឆ្នោតពិភពលោក ហៅកាត់ A-WEB នៅឆ្នាំ២០១៩ ដោយក្នុងនាមជាសមាជិក គ.ជ.ប តែងតែផ្តល់ការគាំទ្រ និងចូលរួមរាល់សកម្មភាព នានា របស់ A-WEB មានជាអាទិ៍៖ កម្មវិធីបណ្តុះបណ្តាលកសាងសមត្ថភាពរបស់មន្ត្រីពាក់ព័ន្ធ ការពង្រឹង ការអប់រំដល់អ្នកបោះឆ្នោត, ចូលរួមសង្កេតការណ៍បោះឆ្នោតជាមួយប្រទេសជាសមាជិក ទាំងក្នុងក្រប ខណ្ឌចុះសង្កេតផ្ទាល់ និងតាមអនឡាញ, និងវេទិកាអន្តរជាតិផ្សេងៗទៀត៕
nmr