ជីវិតនិងសង្គម ព័ត៌មានជាតិ ព័ត៌មានថ្មីៗ

សម្តេចតេជោ អំពាវនាវដល់បងប្អូនឲ្យចាកចេញពីគណបក្សមួយ ដែលកំពុងផ្សារភ្ជាប់ជាមួយជនក្បត់ជាតិ ដែលប្រមាថព្រះមហាក្សត្រ

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋមួយចំនួន ឲ្យចាកចេញជាបន្ទាន់ពីគណបក្សនយោបាយមួយ ដែលកំពុងផ្សារភ្ជាប់ជាមួយជនក្បត់ជាតិបីជំនាន់ សម រង្ស៊ី ដែលប្រមាថយ៉ាងធ្ងន់ធ្ងរបំផុតលើព្រះមហាក្សត្រជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នៃយើងថា «មិនមានមនសិកាជាតិ និងក្បត់ជាតិ» ជាដើមនោះ។
សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា នាប៉ុន្មានថ្ងៃមកនេះជនក្បត់ជាតិបីជំនាន់ (ទណ្ឌិតសម រង្ស៊ី) មិនត្រឹមតែជេរប្រមាថសម្តេចប៉ុណ្ណោះទេ តែជនក្បត់ជាតិរូបនេះបានប្រមាថយ៉ាងធ្ងន់ធ្ងរដល់អង្គព្រះមហាក្សត្រជាទីគោរពសក្ការៈ នៃយើងទាំងអស់គ្នាទៀត ខណៈការប្រមាថនេះត្រូវបានប្រជាពលរដ្ឋ មន្រ្តីរាជការ កងកម្លាំង ប្រដាប់អាវុធ បណ្តាគណបក្សនយោបាយផ្សេងៗកំពុងធ្វើការថ្កោលទោសយ៉ាងដាច់អហង្ការផងដែរ។
សូមបញ្ជាក់ថា ក្រោយពីជនក្បត់ជាតិបីជំនាន់ សម រង្ស៊ី បានចេញវិដេអូឃ្លីបប្រមាថយ៉ាងធ្ងន់ធ្ងរបំផុតលើព្រះចេស្តា ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ដែលជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតរបស់ប្រជាជាតិខ្មែរទូទាំងនគរថា «មិនមានមនសិកា»ជាតិ និង«ក្បត់ជាតិ»នោះ បងប្អូនប្រជាពលរដ្ឋ មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ រួមទាំង បណ្តាគណបក្សនយោបាយមួយចំនួនបាន ចេញសេចក្តីថ្លែងការណ៍ និងញត្តិថ្កោលទោសយ៉ាងដាច់អហង្ការចំពោះជនក្បត់ជាតិបីជំនាន់នេះ។
បងប្អូនប្រជាពលរដ្ឋ ក៏បានអំពាវនាវឱ្យអាជ្ញាធរមានសមត្ថកិច្ចចាត់វិធានការច្បាប់ឱ្យបានម៉ឺងម៉ាត់ជាទីបំផុតទៅលើទណ្ឌិតជាប់ទោសក្បត់ជាតិ សម រង្ស៊ី ព្រមទាំងបក្សពួក ដែលហ៊ានប្រព្រឹត្តអំពើប្រមាថដ៏ធ្ងន់ធ្ងរបំផុតដែលប្រជារាស្ត្រខ្មែរទូទាំងនគរមិនអាចអត់ឱនឱ្យបានជាដាច់ខាត។
សម្តេចតេជោ ហ៊ុន សែន ក៏បានប្រកាសយ៉ាងដាច់ហង្ការផងដែរថា សម្តេចត្រូវតែកំចាត់ចោលឲ្យ ខាងតែបានចំពោះជនក្បត់ជាតិបីជំនាន់ និងបក្សពួក មិនថាកាលៈទេសៈណានោះឡើយ ដែលព្យាយាមបំផ្លិតបំផ្លាញសុខសន្តិភាពដែលកំពុងមានសព្វថ្ងៃ និងបានជេរប្រមាថដល់អង្គព្រះមហាក្សត្រដែលជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតរបស់ប្រជាជាតិខ្មែរទាំងអស់នៅទូទាំងប្រទេសនោះ៕
nmr