ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិនិង ស្នងការនគរបាលរាជធានីភ្នំពេញនៅព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២១ បានអញ្ជើញបន្តចុះត្រួតពិនិត្យពង្រឹងការរិតត្បឹតគោលដៅបិទខ្ទប់ស្ពានក្បាលថ្នល់ ទាំងត្រើយខាងលិចនិងខាងកើត ស្ថិតនៅក្នុងភូមិសាស្រ្ត ខណ្ឌច្បារអំពៅ ខណ្ឌមានជ័យ និងខណ្ឌចំការមន ដើម្បីពង្រឹងអនុវត្តវិធានការបិទខ្ទប់ហាមធ្វើដំណើរចរាចរណ៍ឆ្លងកាត់ ។
ការបន្តចុះត្រួតពិនិត្យនេះ នៅគ្រាដែលការអនុវត្តវិធានការបិទខ្ទប់រាជធានីភ្នំពេញនិងក្រុងតាខ្មៅ ខេត្តកណ្តាល ដើម្បីបង្ការទប់ស្កាត់ជំងឺកូវីដ១៩ ខណៈដែលបញ្ហាជំងឺឆ្លងកូវីដ១៩ នៅតែបន្តការឆ្លងរាលដាលនៅក្នុងសហគមន៍រាជធានីភ្នំពេញ នៅមានកំណើនខ្ពស់ គួរឱ្យព្រួយបារម្ភ។ការអនុវត្តវិធានការបិទខ្ទប់បានចុះអនុវត្តរហូតដល់ថ្ងៃនេះមានរយៈពេល៤ថ្ងៃនោះហើយចាប់តាំងពីយប់ថ្ងៃទី១៥ រហូតដល់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ ។
ខណៈដែលមានការអញ្ជើញចុះត្រួតពិនិត្យពីសំណាក់អភិបាលរាជធានីភ្នំពេញ និងស្នងការនគរបាលរាជធានីភ្នំពេញ ដែលគេមើលឃើញថា មានប្រជាពលរដ្ឋអ្នកធ្វើដំណើរមួយចំនួន មកទិញស្បៀងអាហារ យកទៅផ្គត់ផ្គង់ប្រចាំថ្ងៃនៅក្នុងគ្រួសារនៅចំណុចផ្សារច្បារអំពៅ និងក្រុមយានយន្តដឹកបន្លែផ្លែឈើ ទំនិញមួយចំនួន ដើម្បីដឹកជញ្ជូនយកទៅផ្គត់ផ្គង់នៅក្នុងភូមិសាស្រ្តបិទខ្ទប់។ នៅគ្រានោះដែលស្ថានភាពទូទៅគោលដៅបិទខ្ទប់ស្ពានក្បាលថ្នល់គេឃើញទាំងត្រើយខាងកើតនិងខាងលិចមានសភាពស្ងប់ស្ងាត់បើប្រៀបធៀបនិងថ្ងៃសព្វដង។
សមត្ថកិច្ចចម្រុះក៏បានរឹតបន្តឹងម៉ឺងម៉ាត់មិនឱ្យមានការធ្វើដំណើរឆ្លងកាត់សម្រាប់អ្នកធ្វើដំណើរគ្មានការចាំបាច់ ដោយតម្រូវឱ្យពួកគាត់ត្រឡប់ថយក្រោយវិញនិងការប្រមានអនុវត្តតាមផ្លូវច្បាប់ចំពោះអ្នកធ្វើដំណើរទាំងឡាយណាមិនគោរតាមបទបញ្ជានៃវិធានការបិទខ្ទប់ រាជធានីភ្នំពេញ និងក្រុងតាខ្មៅ ខេត្តកណ្តាល។
លោកឃួង ស្រេង អភិបាលរដ្ឋបាលរាជធានីភ្នំពេញក៏បានណែនាំដល់កម្លាំងសមត្ថកិច្ច ដែលកំពុងការពារទប់ស្កាត់គោលដៅបិទខ្ទប់ ត្រូវបំពេញភារកិច្ចឱ្យបានម៉ឺងម៉ាត់ ទទួលខុសត្រូវខ្ពស់និងគ្មានការយោគយល់នោះឡើយ ជាពិសេសអនុវត្តវិធានការច្បាប់ចំពោះបុគ្គលណាដែលល្មើសវិធានការបិទខ្ទប់ នៅតែរឹងទទឹងមិនស្តាប់សមត្ថកិច្ចកំពុងអនុវត្តវិធានការបិទខ្ទប់នេះ។
សូមបញ្ជាក់ថា រាជធានីភ្នំពេញ និងក្រុងតាខ្មៅ ខេត្តកណ្តាល ត្រូវបានរាជរដ្ឋាភិបាលកម្ពុជាសម្រេចស្តីពីវិធានការ ការបិទខ្ទប់ ដើម្បីទប់ស្កាត់ជំងឺឆ្លងកូវីដ១៩ ពីតំបន់មួយទៅតំបន់មួយ ដោយកម្លាំងសមត្ថកិច្ចចម្រុះបន្តអនុវត្តទាំងយប់ទាំងថ្ងៃរយៈពេល២៤ម៉ោងទល់២៤ម៉ោងដោយបានដាក់ពង្រាយកម្លាំងនៅតាមគោលដៅជាច្រើននៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ និងនៅព្រំប្រទល់ច្រកចេញ-ចូល រវាងរាធានីភ្នំពេញ និងតាមបណ្តាខេត្ត ដោយប្រើប្រាស់របាំងដែកនិងចងខ្សែកាត់ទទឹងផ្លូវដើម្បីបិទខ្ទប់មិនឱ្យមានការធ្វើដំណើរឆ្លងកាត់ពីតំបន់មួយទៅមួយនោះឡើយ ។វិធានការនេះបានរឹតត្បិតចំពោះបុគ្គលគ្រប់រូបហាមមិនឱ្យចេញដំណើរពីផ្ទះរឺទីសំណាក់បច្ចុប្បន្នរបស់ខ្លួនគ្មានការចាំបាច់ រឹតត្បិតចំពោះការប្រមូលផ្តុំជួបជុំគ្នាផឹកស៊ី,ហាមរាល់សកម្មភាពការងារ មុខរបរ រឺអាជីវកម្មទាំងអស់ដែលមិនមែនជាតម្រូវការចាំបាច់ប្រចាំថ្ងៃ៕