នាព្រឹកថ្ងៃចន្ទ ទី១២ ខែធ្នូ ឆ្នាំ២០២២នេះ សម្ដេចក្រឡាហោម ស ខេង នាយករដ្ឋមន្ត្រីស្តីទី នៃរាជរដ្ឋាភិបាលកម្ពុជា បានអញ្ជើញជាព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់របស់ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ក្នុងពិធីបើកអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃ ទូទាំងប្រទេស លើកទី៣០ ប្រចាំឆ្នាំ២០២២ ដោយមានការយាង និមន្ត និងអញ្ជើញចូលរួមពីសម្ដេចព្រះមហាសង្ឃរាជទាំងពីរគណៈ សម្ដេចព្រះរាជាគណៈគ្រប់ឋានុក្រម ព្រះមេគណ ព្រះអនុគណ ព្រះចៅអធិការ ព្រះថេរានុត្ថេរៈ ថ្នាក់ដឹកនាំ សមាជិក សមាជិការព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល ថ្នាក់ដឹកនាំមន្រ្តីរាជការតាមបណ្ដាក្រសួង ស្ថាប័ន រាជធានី ខេត្ត តំណាងឯកអគ្គរាជទូត-រដ្ឋទូត ថ្នាក់ដឹកនាំបរិស័ទនៃសាសនាឥស្លាម គ្រឹះសាសនា និងភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិប្រមាណ៤៥០អង្គ-នាក់។
ឯកឧត្តម ឈិត សុខុន រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា បានមានប្រសាសន៍ថា ពិធីអនុសំវច្ចរមហាសន្និបាតនេះ នឹងប្រព្រឹត្តទៅរយៈពេល២ថ្ងៃ គឺពីថ្ងៃចន្ទ ទី១២ ដល់១៣ ខែធ្នូ ឆ្នាំ២០២២ ដើម្បីបូកសរុបសកម្មភាព និងពិនិត្យលើលទ្ធផលនៃការអនុវត្តប្រកាសរបស់អនុសំវច្ចរមហាសន្និបាតមន្រ្តីសង្ឃកន្លងមក ដោយមានកិច្ចពិភាក្សា និងផ្លាស់ប្ដូរយោបល់លើការងារព្រះពុទ្ធសាសនា នាពេលបច្ចុប្បន្ន និងលើកទិសដៅសម្រាប់អនុវត្តឆ្នាំបន្ត សំដៅពង្រឹងរចនាសម្ព័ន្ធ ដឹកនាំ គ្រប់គ្រង ការអនុវត្តរាល់លិខិតបទដ្ឋានគតិយុត្តដែលមានស្រាប់ និងពង្រឹងគុណភាពអប់រំពុទ្ធិកសិក្សា ការផ្សព្វផ្សាយមេត្តាធម៌ ព្រះវិន័យ និងដើម្បីអភិវឌ្ឍន៍ធនធានបុព្វជិត សំដៅធ្វើយ៉ាងណាឱ្យវិស័យព្រះពុទ្ធសានាមានការរីកចម្រើន។
នាឱកាសដ៏ឧត្តុង្គឧត្តមនោះដែរ សម្ដេចក្រឡាហោម ស ខេង ក្នុងព្រះបរមនាម នៃព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត បានមានប្រសាសន៍ថា អនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេស ជាវេទិកាជួបជុំដ៏មានសារសំខាន់មួយ ដើម្បីផ្ដល់នូវកាលានុវត្តភាពក្នុងការពិគ្រោះ ពិភាក្សា និងស្វែងរកដំណោះស្រាយលើបញ្ហាបច្ចុប្បន្ន ដែលជាកត្តាចាំបាច់សម្រាប់អនុវត្តនាឆ្នាំបន្តបន្ទាប់ ជាពិសេសបានផ្តល់ជាឱកាសសម្រាប់ជជែកពិភាក្សាស្វែងរកនូវចំណុចខ្លាំង និងចំណុចខ្សោយ ដើម្បីចៀសវាងនូវចំណុចអសកម្មមួយចំនួន និងបង្កើននូវវឌ្ឍនភាពក្នុងមជ្ឈមណ្ឌលព្រះពុទ្ធសាសនា។
សម្ដេចក្រឡាហោម បានបន្តថាកម្ពុជាបានផ្តល់តម្លៃខ្ពស់លើការអភិវឌ្ឍវិស័យសាសនា ដែលក្នុងនោះមានការគោរពសេរីភាពខាងជំនឿ និងសាសនា ការលើកស្ទួយ ព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ និងគាំទ្រការគោរពប្រតិបត្តិសាសនាដទៃទៀត ដើម្បីសាមគ្គីភាព និងសុខដុមរមនានៃសង្គមជាតិ។ ជាមួយគ្នានោះ សម្តេចក្រឡាហោម បានកោតសរសើរចំពោះក្រសួងធម្មការ និងសាសនា និងគណៈសង្ឃទាំងពីរគណៈ ព្រមទាំងភាគីពាក់ព័ន្ធទាំងអស់ ដែលបានសហការគ្នាយ៉ាងសកម្មក្នុងការទ្រទ្រង់វិស័យព្រះពុទ្ធសាសនាឱ្យមានការរីកចម្រើន ស្របទៅនឹងការវិវឌ្ឍន៍ របស់សង្គមជាតិនាពេលបច្ចុប្បន្ន។ ក្នុងព្រះបរមនាមព្រះករុណាជាអម្ចាស់ជីវិតលើត្បូង សម្ដេចក្រឡាហោម ស ខេង មានក្ដីសង្ឃឹមថា សម្តេចព្រះសង្ឃនាយក សម្តេចព្រះសង្ឃនាយករង ព្រះរាជាគណៈ ព្រះមេគណ ព្រះអនុគណ ព្រះចៅអធិការ ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា នៃអង្គមហាសន្និបាតទាំងអស់នឹងចូលរួមពិភាក្សា ចែករំលែកបទពិសោធន៍ ផ្លាស់ប្ដូរ យោបល់ និងផ្តល់ចំណេះដឹង រកឱ្យឃើញនូវចំណុចខ្លាំង ចំណុចខ្សោយ ដើម្បីសម្រេចបាននូវផែនការ និងគោលការណ៍រួម សមតាមគោលបំណង និងសំណូមពរ របស់មហាសន្និបាត។
ទន្ទឹមនេះដែរ សម្ដេចក្រឡាហោម ស ខេង នាយករដ្ឋមន្ត្រីស្ដីទី ក៏បានអំពាវនាវដល់ថ្នាក់ដឹកនាំព្រះពុទ្ធសាសនាទាំងអស់ បន្តការប្រកាន់ខ្ជាប់នូវការយោគយល់គ្នា គោរពគ្នាតាមឋានានុក្រម សំដៅធ្វើឱ្យមានការឯកភាព សាមគ្គីភាព ក្នុងស្ថាប័នព្រះពុទ្ធសាសនា និងបានសំណូមពរពុទ្ធសាសនិកទាំងអស់ ឱ្យរួមគ្នាប្រតិបត្តិតាមព្រះពុទ្ធោវាទឱ្យបានខ្ជាប់ខ្ជួនតាមតួនាទី និងភារកិច្ចរបស់ខ្លួន ជាព្រះសង្ឃ ឬជាគ្រហស្ថ ឧបាសក ឧបាសិកា ដើម្បីទ្រទ្រង់ថែរក្សាព្រះពុទ្ធសាសនាឱ្យបានរីកចម្រើនសក្តិសមជាសាសនារបស់រដ្ឋឱ្យបានគង់វង្សយូរអង្វែងតរៀងទៅ៕
ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា