នៅព្រឹកថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៣នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបាត់ដំបង និងព្រៃវែង បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតជ័យលាភីគ្រប់កម្រិត នៃសាខាសាកលវិទ្យាល័យឯកទេសនៃកម្ពុជា (CUS) ខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ សរុបចំនួន១.៥៥០នាក់ ដែលពិធីនេះប្រារព្ធឡើងនៅមជ្ឈមណ្ឌលសុភមង្គលខេត្តបាត់ដំបង ដោយមានការអញ្ជើញចូលរួមពីសមាជិកព្រឹទ្ធសភា និងសមាជិកសភា ក្រុមប្រឹក្សាខេត្ត និងគណៈអភិបាលខេត្ត មន្ទីរ និងស្ថាប័ននានា សមាជិកសភាពាណិជ្ជកម្ម និងសហគ្រិនវ័យក្មេងកម្ពុជា គណៈគ្រប់គ្រងនៃគ្រឹះស្ថានឧត្តមសិក្សារដ្ឋ-ឯកជន គណៈគ្រប់គ្រង សាស្រ្តាចារ្យ គ្រូ បុគ្គលិក ជាច្រើនរូបទៀត។
ក្នុងឱកាសនោះ ឯកឧត្តម ស្ដើង សុខុម ស្ថាបនិកសាកលវិទ្យាល័យឯកទេសនៃកម្ពុជា (CUS) បានធ្វើរបាយការណ៍គោរពជូន សម្ដេចក្រឡាហោម ស ខេង និងអង្គពិធីថា សម្រាប់និស្សិតជ័យលាភីដែលទទួលបានសញ្ញាបត្រនាឱកាសថ្ងៃនេះ រួមមានថ្នាក់បរិញ្ញាបត្ររងចំនួន១៥១នាក់ (នារី៥៩នាក់ ស្មើ ៣៩,០៧%) ថ្នាក់បរិញ្ញាបត្រចំនួន១.១២៦នាក់ (នារី៥៩៥នាក់ ស្មើ៥២,៨៤%) និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ចំនួន២៧៣នាក់ (នារី៨៨នាក់ ស្មើ៣២,២៣%)។
ជាមួយគ្នានោះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងហាផ្ទៃ បានគូសបញ្ជាក់ថា ក្រោមម្លប់នៃសន្តិភាព និងក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា បានធ្វើឱ្យកម្ពុជាសម្រេចបានសមិទ្ធផលថ្មីៗជាច្រើន សម្រាប់ប្រជាជន និងសង្គមជាតិ ទាំងមូលមានជាអាទិ៍ ការធានាបាននូវស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សង្គម និងការអភិវឌ្ឍក្នុងបរិបទកូវីដ-១៩ និងជោគជ័យនៃការរៀបចំកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤០ និង៤១ និងកិច្ចប្រជុំពាក់ព័ន្ធក្នុងឋានៈកម្ពុជាជាប្រធានអាស៊ាន និង កិច្ចប្រជុំធំៗនានា ក៏ដូចជាជោគជ័យនៃការរៀបចំបោះឆ្នោតឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ ២០២២ ការកសាងហេដ្ឋារចនាសម្ពន្ធ័ជាច្រើន នៅទូទាំងប្រទេស មានផ្លូវថ្នល់ សាលារៀន មន្ទីរពេទ្យ-ល- ព្រមទាំងទទួលបានការវិនិយោគផ្ទាល់ពីបរទេស នូវគម្រោងធំៗជាច្រើននៅទូទាំងប្រទេស។
ទន្ទឹមនេះ សម្ដចក្រឡាហោម បានចាត់ទុកជោគជ័យ និងការដាក់ចេញនូវយុទ្ធសាស្ត្រច្បាស់ៗរបស់រាជរដ្ឋាភិបាល ថា បានក្លាយជាចលករ និងជាមូលដ្ឋានដ៏រឹងមាំ ធ្វើឱ្យមានកំណើន និងការងើបឡើងវិញ លើគ្រប់វិស័យ ដែលនាំឱ្យសេដ្ឋកិច្ចកម្ពុជា សម្រេចបានកំណើននៅក្នុងរង្វង់ ៥,២% ក្នុងឆ្នាំ២០២២ និងឆ្នាំ២០២៣ត្រូវបានព្យាករណ៍ថា នឹងសម្រេចបានកំណើនសេដ្ឋកិច្ចនេះចំនួន ៥,៦%។ សម្ដេចក្រឡាហោម បានបន្តថា ការរីកចម្រើនសេដ្ឋកិច្ចខាងលើនេះក៏បានធ្វើឱ្យរីកចម្រើនវិស័យអប់រំព្រមៗគ្នាផងដែរ ជាក់ស្ដែងគឺការអភិវឌ្ឍធនធានមនុស្សចាប់តាំងពីកម្រិតមត្តេយ្យរហូតដល់អនុវិទ្យាល័យ វិទ្យាល័យ ជំនាញវិជ្ជាជីវៈ ឧត្តមសិក្សា និងថ្នាក់ក្រោយឧត្តមសិក្សា។
សម្ដេចក្រឡាហោម ស ខេង បន្ថែមថា ជាក់ស្ដែងនិស្សិតជ័យលាភីចំនួន ១,៥៥០នាក់នេះ ជាធនធានមនុស្សដ៏មានសារៈសំខាន់មិនអាចខ្វះបានសម្រាប់ចូលរួមបំពេញបន្ថែមទៅលើ ការរីកចម្រើនវិស័យផ្សេងៗសម្រាប់ជាតិ និងប្រជាជនកម្ពុជា ហើយធនធានទាំងនេះនឹងត្រូវចេញទៅបំពេញការងារតាមជំនាញក្នុងសង្គម តាមរយៈចំណេះដឹង និងចំណេះធ្វើដែលខ្លួនទទួលបានពីការបណ្តុះបណ្តាល ដោយយកទៅអនុវត្តជាក់ស្តែង និងដកពិសោធន៍ផ្ទាល់ និង សិក្សាស្រាវជ្រាវកែលម្អបន្ថែមទៀតពីមជ្ឈដ្ឋានជុំវិញខ្លួន ស្របតាមទិសស្លោក “ការសិក្សារៀនសូត្រគឺធ្វើគ្មានទីបញ្ចប់ទេ”។
ផ្អែកលើទស្សនទាននេះដែរ សម្ដេចក្រឡាហោម បានបញ្ជាក់ថា ការបណ្ដែតបណ្ដោយមិនព្រមរៀនសូត្របន្ថែមពីមជ្ឈដ្ឋានដែលនៅជុំវិញខ្លួនយើង ពិសេសការសិក្សា ចំណេះដឹងផ្នែកបច្ចេកវិទ្យា នឹងក្លាយទៅជាឧបសគ្គសម្រាប់ការងាររបស់ខ្លួននាពេលអនាគត។ សម្ដេចក្រឡាហោម ស ខេង បានផ្ដល់ទស្សនបន្ថែមថា ប្រទេសជាតិមួយអាចគង់វង្ស ឋិតថេរ និងមានការអភិវឌ្ឍរីកចម្រើនបាន គឺអាស្រ័យដោយសារកត្តាធនធានមនុស្ស របស់ប្រទេសនោះ៕
ដោយ ៖ នាយកដ្ឋានព័ត៌មានវិទ្យា