ជីវិតនិងសង្គម ព័ត៌មានជាតិ ព័ត៌មានថ្មីៗ

ឯកឧត្តម ឆែម សាវុធ អនុញ្ញាតឱ្យតំណាងក្រុមហ៊ុនផ្គត់ផ្គង់ឧបករណ៍តេស្តរកសារធាតុញៀន និងឧបករណ៍តាមដានអ្នកទោស ចូលជួបពិភាក្សាការងារ និងធ្វើបទបង្ហាញ

នារសៀលថ្ងៃពុធទី០៥ ខែមេសា ឆ្នាំ២០២៣ ឯកឧត្តម ឧត្តមអគ្គានុរក្សថ្នាក់លេខ១ ឆែម សាវុធ អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារ ក្រសួងមហាផ្ទៃ បានអនុញ្ញាតឱ្យ លោកឧកញ៉ា សុខ ហុង អគ្គនាយកក្រុមហ៊ុន ផ្គត់ផ្គង់ឧបករណ៍តេស្តរកសារធាតុញៀន និងឧបករណ៍តាមដានអ្នកទោស ចូលជួបពិភាក្សាការងារ និងធ្វើបទបង្ហាញស្តីឧបករណ៍តេស្តរកសារធាតុញៀន និងឧបករណ៍តាមដានអ្នកទោស ដោយមានការអញ្ជើញចូលរួមពី អគ្គស្នងការរងនៃអគ្គស្នងការដ្ឋាននគរបាលជាតិ អគ្គនាយករង នៃអគ្គនាយកដ្ឋានពន្ធនាគារ និងលោក លោកស្រី ប្រធាន អនុប្រធាននាយកដ្ឋាន ចំណុះអគ្គនាយកដ្ឋានពន្ធនាគារ ព្រមទាំងមន្ត្រីពាក់ព័ន្ធជាច្រើនរូប។
នាឱកាសនោះដែរ លោក Pascal Siegrist និងលោក​ Peter Elmers តំណាងក្រុមហ៊ុន បានធ្វើបទបង្ហាញ ស្តីសារប្រយោជន៍ និងលក្ខណៈបច្ចេកទេសសំខាន់ៗនៃឧបករណ៍តេស្តរកសារធាតុញៀន និងឧបករណ៍តាមដានអ្នកទោស គឺបានប្រើប្រាស់ដោយបច្ចេកវិទ្យាចុងក្រោយ តម្លៃសមរម្យ និងមានលក្ខណៈលឿនរហ័ស ព្រមទាំងមានសុក្រិតភាពផងដែរ។
ជាមួយគ្នានោះ ឯកឧត្តម នាយឧត្តមសេនីយ៍ ហ៊ឹម យ៉ាន អគ្គស្នងការរង នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានមានប្រសាសន៍ថា បច្ចុប្បន្ន​ កម្ពុជា កំពុងប្រើប្រាស់ឧបករណ៍
មានទាំងចល័ត និងអចល័ត គឺប្រសិទ្ធនៃការធ្វេីតេស្តទៅលើទឹកនោម ឈាម ទឹកមាត់ជាដើម ត្រូវចំណាយរយៈពេលយូរក្នុងការទទួលបានលទ្ធផល ហើយកម្ពុជាក៏កំពុង
ត្រូវការឧបករណ៍សម្រាប់ធ្វើតេស្តសារធាតុញៀនថ្មីៗ និងទំនើបបន្ថែមទៀតសម្រាប់ការបំពេញការងារ​ ដើម្បីឱ្យចំណេញពេលវេលា ថវិកា និងមានភាពច្បាស់លាស់។ ឯកឧត្តម នាយឧត្តមសេនីយ៍ បានបង្ហាញការចាប់អារម្មណ៍ទៅលើឧបករណ៍តេស្តរកសារធាតុញៀន និងឧបករណ៍តាមដានអ្នកទោសដែលក្រុមហ៊ុនបានធ្វើបទបង្ហាញខាងលើផងដែរ។
ទន្ទឹមនេះដែរ ឯកឧត្តម ឧត្តមអគ្គានុរក្សថ្នាក់លេខ១ ឆែម សាវុធ ក៏បានមានប្រសាសន៍ផងដែរថា ឧបករណ៍ទាំងនេះ ជាតម្រូវការចាំបាច់នៅក្នុងប្រទេសកម្ពុជា ហើយតាមរយៈការធ្វើបទបង្ហាញឃើញថាឧបករណ៍នេះមានភាពទំនើប និងពហុជំនាញសម្រាប់ឱ្យលទ្ធផលតេស្តកាន់តែលឿនរហ័ស ទាន់សភាពការណ៍ ស្របតាមតម្រូវការរបស់ក្រសួងមហាផ្ទៃ និងពិសេសអគ្គនាយកដ្ឋានពន្ធនាគារតែម្តង៕
ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
nmr