ជីវិតនិងសង្គម ព័ត៌មានជាតិ ព័ត៌មានថ្មីៗ

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ជួបសំណេះសំណាលយោធិន នៃ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ចូលសោធននិវត្តន៍ ៦៣នាក់

ភ្នំពេញ ៖ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានជួបសំណេះសំណាលជាមួយ យោធិន នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចូលសោធននិវត្តន៍ កន្លងមកចំនួន ៦៣នាក់ ដោយមានការចូលរួមពី មេបញ្ជាការរហនាយ-នាយសេនាធិការរង ប្រធានមន្ទីរ នាយការិយាល័យ និង លោកមេបញ្ជាការ មូលដ្ឋានអាវុធហត្ថខណ្ឌទាំង១៤ នាព្រឹក ថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៣ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថរាជធានីភ្នំពេញ ។

លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បាននាំយកប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខនិងជូនពរ របស់លោក​នាយឧត្ដមសេនីយ៍ សៅ សុខា​ ជូនដល់និវត្តន៍ជនទាំងអស់ ព្រមទាំងក្រុមគ្រួសារគ្រប់ៗគ្នា ក្នុងឱកាសបុណ្យ​ចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ និងបានណែនាំ ឲ្យចេះគិតគូររៀបចំផែនការសេដ្ឋកិច្ច ក្នុងគ្រួសារឲ្យបានហ្មត់ចត់ ចេះតាមដាននិង ថែទាំសុខភាព ឲ្យបានល្អ ហាត់ប្រាណឲ្យបានជាប់ជាប្រចាំ រស់នៅប្រកបដោយ អនាម័យនិង​បរិស្ថានស្អាត ដើម្បីសុខភាពគ្រប់គ្នា។

លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានមានប្រសាសន៍បន្ថែមថា ទោះបីបងប្អូនចូលនិវត្តហើយក៏ដោយ សម្រាប់រូប​លោកដែល ធ្លាប់រួមការងារជាមួយគ្នា លោកនៅតែមានមនោសញ្ចេតនា ដូចជាសាច់ញាតិបងប្អូនរួម​សុខរួមទុក្ខជា​មួយគ្នាគ្រប់កាលៈទេសៈ ហើយចំពោះបងប្អូនវិញ ក៏ត្រូវជួយសហការរក្សាសន្តិសុខសុវត្ថិភាពមូលដ្ឋានខ្លួនរស់នៅ និងត្រូវចេះជួយសង្កេតហេតុការ ផ្តល់ព័ត៌មានពាក់ព័ន្ធ បទល្មើសគ្រប់ប្រភេទ ដល់សមត្ថកិច្ច ដើម្បីបង្ការ ទប់ស្កាត់​គ្រប់បទល្មើស និងបង្ក្រាបបានទាន់ពេលវេលា។

ក្រោយពីការសំណេះសំណាលសួរសុខទុក្ខរួចមក លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានឧបត្ថម្ភជាគ្រឿងឧបភោគ បរិភោគ និងថវិកា ដល់ យោធិន ចូលសោធននិវត្តន៍ ទាំង ៦៣នាក់ ក្នុងម្នាក់ៗ ទទួលបាន អង្ករ ០២ការុង, មី ០១កេស, ទឹកក្រូច ០១កេស, ត្រីខ ០២យួរ, ទឹកស៊ីអ៊ីវ ទឹកត្រី ០២យួរ រួមនិង ថវិកា ២០ម៉ឺនរៀល ដើម្បីយកទៅប្រើប្រាស់​ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ នាពេលខាងមុខនេះផងដែរ៕ ដោយ ៖ តារាវុទ្ធី

nmr