ព័ត៌មានថ្មីៗ

សម្តេចតេជោ ហ៊ុន សែន ណែនាំថ្នាក់ដឹកនាំកុំឲ្យភរិយាលូកលាន់កិច្ចការ នៅការិយាល័យខ្លួនឲ្យសោះ 

ការណែនាំរបស់សម្តេចបានធ្វើឡើង នៅព្រឹកថ្ងៃសុក្រ ទី២២ ខែមករា ឆ្នាំ២០២១ ក្នុងឱកាសអញ្ជើញសម្ពោធសមិទ្ធផលថ្មីរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន រួមមានអគារទីស្តីការថ្មី និងវិទ្យាស្ថាន «តេជោសែន សាធារណការ និងដឹកជញ្ជូន»

សម្តេចតេជោ បានថ្លែងថា ការឱ្យភរិយារៀបចំការិយាល័យអាចធ្វើឱ្យមិនសមភ្នែកមន្ត្រីក្រោមឱវាទ។ សម្តេចតេជោ អះអាងថា តាមការចំណាំរបស់សម្តេចអ្នកដែលឱ្យភរិយារៀបចំ ការិយាល័យត្រូវបាត់បង់តួនាទីជាច្រើននាក់។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា៖ «សូមណែនាំចំពោះថ្នាក់ដឹកនាំយើង ហើយនេះអាចជាតំណម អាចជាបទពិសោធន៍។ ថ្នាក់រដ្ឋមន្ត្រីក្តី ថ្នាក់ចៅហ្វាយខេត្តក្តី ចៅហ្វាយស្រុកក្តី ថ្នាក់ណាក៏ដោយ យល់ល្អកុំឲ្យប្រពន្ធយើងកុំមកឡូកឡំក្នុងបន្ទប់ការងាររបស់យើង។ ខ្ញុំតាមមើលច្រើនមនុស្សហើយ ដែលគ្រាន់តែឡើងកាន់តំណែងនេះតំណែងនោះប្រពន្ធ ទៅរៀបចំការិយាល័យឲ្យ រៀបចំហុងស៊ុយ។ នៅការិយាល័យកុំ (រៀបចំ) មិនល្អទេ សម្រាប់ភ្នែកបុគ្គលិកនិងមន្ត្រីនៅក្រោមឱវាទ»

សម្តេចតេជោ ហ៊ុន សែន ក៏បានបញ្ជាក់ដែរថា ឧត្តមភរិយារបស់សម្តេចមិនដែលមើលឯកសាររបស់សម្តេចឡើង តាំងពីសម្តេចនៅធ្វើជារដ្ឋមន្ត្រីការបរទេស ឧបនាយករដ្ឋមន្ត្រី និងពេលកាន់តំណែងជានាយករដ្ឋមន្ត្រីបច្ចុប្បន្ននេះ៕

 

www.freshnewsasia.com
www.freshnewsasia.com
www.freshnewsasia.com
nmr